ចៅ​ប្រុស​របស់​ខ្ញុំ នៅ​តូច​នៅ​ឡើយ។ ពួក​គេ​ចូល​ចិត្ត​ស្លៀក​ពាក់​ខោអាវ ដោយ​ខ្លួន​ឯង​ណាស់។ តែ​ពេល​ខ្លះ ពួក​គេ​នៅ​តែ​ពាក់​អាវ​បញ្ច្រាស​ពី​មុខ​ទៅ​ក្រោយ ហើយ​ជា​ញឹក​ញាប់ ចៅ​ដែល​តូច​ជាង​គេ​ពាក់​ស្បែក​ជើង​ខាង​ខុស​។ តាម​ធម្មតា ខ្ញុំ​មិន​ដាច់​ចិត្ត​ប្រាប់​ពួក​គេ​សោះ ព្រោះ​ខ្ញុំ​គិត​ថា ពួក​គេ​គួរ​ឲ្យ​ស្រឡាញ់​ណាស់ ពេល​ដែល​ពួក​គេ​មិន​ទាន់​ដឹង​អី​បែប​នេះ។

ខ្ញុំ​ចូល​ចិត្ត​មើល​ឃើញ​ពិភព​លោក​នេះ តាម​ក្រសែ​ភ្នែក​របស់​ពួក​គេ។ សម្រាប់​ពួក​គេ គ្រប់​យ៉ាង​គឺ​ជា​ការ​ផ្សង​ព្រេង ក្នុង​នោះ​រួម​មាន​ ការ​ដើរ​ពី​លើ​ដើម​ឈើ​ដែល​បាន​រលំ ការ​លប​មើល​សត្វ​អណ្ដើក​សំដិល​ខ្លួន​នឹង​កម្តៅ​ថ្ងៃ នៅ​លើ​កំណាត់​ឈើ ឬ​ការ​តាម​មើល​រថយន្ត​ពន្លត់​អគ្គីភ័យ ដែល​បន្លឺ​សម្លែង​ស៊ីរ៉ែន​ខ្លាំង​ៗ​ជា​ដើម។ ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ដឹង​ថា ចៅ​ប្រុស​ដ៏​តូច​ល្អិត​របស់​ខ្ញុំ មិន​មែន​ជា​ក្មេង ដែល​ទាន់​មិន​ដឹង​អី​សោះ​នោះ​ឡើយ។ ពួក​គេ​អាច​ប្រើ​ហេតុ​ផល​បួន​ដប់​យ៉ាង​ ដើម្បី​និយាយ​ដោះ​សារ គេច​មិន​ព្រម​ចូល​គេង នៅ​ពេល​យប់ ហើយ​ពួក​គេ​ថែម​ទាំង​កញ្ឆក់​ដណ្ដើម​របស់​លេង​ ដែល​ពួកគេ​ចង់​បាន ពី​ក្មេង​ដទៃ​ផង​ដែរ។ ប៉ុន្តែ ខ្ញុំ​នៅ​តែ​ស្រឡាញ់​ពួក​គេ​ដដែល​។ ​

ពេល​ខ្ញុំ​គិត​អំពី​ចៅ​ៗ​របស់​ខ្ញុំ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ អំពី​អ័ដាម និង​នាង​អេវ៉ា ជា​មនុស្ស​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​មុន​បង្អស់។ គ្រប់​យ៉ាង​ដែល​ពួកគេ​បាន​ឃើញ ក្នុង​សួន​ច្បារ​អេដែន ប្រាកដ​ជា​មាន​ភាព​អស្ចារ្យ​ណាស់​ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ដើរ​ជា​មួយ​ព្រះ​អម្ចាស់។ ប៉ុន្តែ មាន​ថ្ងៃ​មួយ ពួក​គេ​បាន​សម្រេច​ចិត្ត​មិន​ស្ដាប់​បង្គាប់​ព្រះ ដោយ​ចេតនា​។ ពួក​គេ​បាន​បរិភោគ​ផ្លែ ពី​ដើម​ដែល​ព្រះ​ទ្រង់​បាន​ហាម (លោកុប្បត្តិ ២:១៥-១៧; ៣:៦)។ រំពេច​នោះ ការ​មិន​ស្ដាប់​បង្គាប់​នោះ បាន​នាំឲ្យ​ពួក​គេ​ចេះ​កុហក និង​ទម្លាក់​កំហុស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក (៣:៨-១៣)។

ទោះ​បីជា​យ៉ាង​នោះ​ក្ដី ព្រះ​ទ្រង់​នៅ​តែ​ស្រឡាញ់​ ហើយ​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​ពួក​គេ។ ទ្រង់​បាន​យក​ស្បែក មក​ធ្វើ​ជា​សំលៀក​បំពាក់​ គ្រប​បាំង​រាងកាយ​ឲ្យ​ពួកគេ(ខ.២១)។ ក្រោយ​មក ព្រះ​ទ្រង់​បាន​ប្រទាន​ផ្លូវ​ទៅ​រក​សេចក្តី​សង្រ្គោះ ដល់​មនុស្ស​មាន​បាប​ទាំង​អស់​ តាម​រយៈ​ការ​លះ​បង់​ព្រះ​ជន្ម​នៃ​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់ទ្រង់(យ៉ូហាន ៣:១៦)។ ព្រះ​ទ្រង់​ស្រឡាញ់​យើង​រាល់​គ្នា​ខ្លាំង​ណាស់!—Alyson Kieda