កាល​ខ្ញុំ​នៅ​វ័យ​ជំទង់​នៅ​ឡើយ ពេល​ខ្លះ ខ្ញុំ​បាន​តមាត់​ដាក់​ម្ដាយ​របស់​ខ្ញុំ នៅ​ពេល​ណា​ដែល​គាត់​ព្យាយាម​លើក​ទឹក​ចិត្ត​ខ្ញុំ ឲ្យ​មាន​សេចក្តី​ជំនឿ។ គាត់​ប្រាប់​ខ្ញុំ​ថា “កូន​ត្រូវ​ទុកចិត្ត​ព្រះ​អង្គ​ជា​និច្ច។ ទ្រង់​នឹង​ថែរក្សា​កូន​ជា​និច្ច”។ ហើយ​ខ្ញុំ​ក៏​តប​ទៅ​គាត់​វិញ​ថា “វា​មិន​ងាយ​ស្រួល​ដូច​ម៉ាក់​និយាយ​ទេ! ព្រះ​អង្គ​ជួយ​ដល់​តែ​អស់​អ្នក​ណា ដែល​ចេះ​ជួយ​ដល់​ខ្លួន​ឯង​ប៉ុណ្ណោះ!”

ប៉ុន្តែ ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល គ្មាន​ខគម្ពីរ​ណា​ដែល​ចែង​ថា “ព្រះ​ទ្រង់​ជួយ​តែ​អ្នក​ណា ដែល​ជួយ​ខ្លួន​ឯង” នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​បន្ទូល​របស់​ទ្រង់​បាន​បង្រៀន​យើង​ឲ្យពឹង​ផ្អែក​លើ​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់ ជា​ប្រចាំ​ថ្ងៃ។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “ចូរ​ពិចារណា​ពី​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាបព្រោះ មិន​ច្រូត​កាត់ ឬ​ប្រមូល​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ចិញ្ចឹម​វា ឯ​អ្នក​រាល់​គ្នា តើ​គ្មាន​ដំឡៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ​អី? ចុះ​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ឯ​ណា​ដែល​អាច​នឹង​បន្ថែម​កំពស់​ខ្លួន​១​ហត្ថ ដោយសារ​សេចក្តី​ខ្វល់ខ្វាយ​បាន​ឬ​ទេ?” (ម៉ាថាយ ៦:២៦-២៧)។​

អ្វី​ៗ​គ្រប់​យ៉ាង​ដែល​យើង​មាន  ដែល​ធ្វើ​ឲ្យ​យើង​អរ​សប្បាយ សូម្បី​តែ​កម្លាំង​ដែល​យើង​មាន​ ក្នុង​ការ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត និង “ជួយ​ខ្លួន​ឯង” សុទ្ធ​តែ​ជា​អំណោយ​ទាន​ ដែល​មក​ពី​ព្រះ​វរ​បិតា​នៃ​យើង​រាល់​គ្នា​ ដែល​គង់​នៅ​ស្ថាន​សួគ៌ ដែល​បាន​ស្រឡាញ់ និង​ឲ្យ​តម្លៃ​យើង លើស​ពី​លទ្ធ​ភាព​ដែល​យើង​អាច​យល់​ដឹង។

ខណៈ​ពេល​ដែល​ម្តាយ​របស់​ខ្ញុំ ​ជិត​ដល់​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ជីវិត​របស់​គាត់ ​គាត់​កើត​មាន​ជំងឺ​ភ្លេច​ភ្លាំង ដែលធ្វើ​ឲ្យ​គាត់​បាត់​បង់​គំនិត​ច្នៃ​ប្រឌិត និង​ការ​ចង​ចាំ ប៉ុន្តែ ទំនុក​ចិត្ត​ ដែល​គាត់​មាន​ចំពោះ​ព្រះ នៅ​តែ​មាន​ដដែល​។ គាត់​បាន​រស់​នៅ ក្នុង​ផ្ទះ​របស់​យើង​មួយ​រយៈ ដូច្នេះ​ហើយ​ខ្ញុំ​ក៏​អាច​មាន​ឱកាស​​ កត់​សម្គាល់​ឃើញ​ការ​ផ្គត់​ផ្គង់​ ដែល​ព្រះ​ទ្រង់​ប្រទាន​មក​គាត់ ហួស​ពី​ការ​រំពឹង​គិត​របស់​យើង ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា គាត់​ពិត​ជា​បាន​និយាយ​ត្រូវ ពេល​ដែល​គាត់​ប្រាប់​ខ្ញុំ ឲ្យ​ទុក​ចិត្ត​ព្រះ​អង្គ​ជា​និច្ច។ គាត់​មិន​បាន​ខ្វល់​ខ្វាយ​ឡើយ តែ​ផ្ទុយ​ទៅវិញ គាត់​បាន​ផ្ញើ​ខ្លួន​ទៅ​លើ​ព្រះ​មួយ​អង្គ ដែល​បាន​សន្យា​ថា នឹង​ថែ​រក្សា​គាត់​គ្រប់​ពេល​វេលា។ ហើយ​ព្រះ​អង្គ​ក៏​បាន​បង្ហាញ​សេចក្តី​ស្មោះ​ត្រង់​ ដល់​គាត់​ជានិច្ច។—James Banks