រឿងជើងសត្វក្តាន់ញីជាន់នៅលើទីខ្ពស់ គឺជារឿងប្រៀបប្រដូច អំពីជីវិតគ្រីស្ទបរិស័ទ ដែលផ្អែកលើបទគម្ពីរ ហាបាគុក ៣:១៩។ រឿងនេះនិយាយអំពីដំណើរជីវិតរបស់តួអង្គឈ្មោះម៉ាច់ អាហ្វ្រេត(ប្រែថា ខ្លាចច្រើន) ដែលបានធ្វើដំណើរ ជាមួយអ្នកគង្វាល។ ប៉ុន្តែ ម៉ាច់ អាហ្រេតមានការភ័យខ្លាច ទើបនាងសុំឲ្យអ្នកគង្វាលបីនាង។
អ្នកគង្វាលក៏បានឆ្លើយតប ដោយក្ដីសប្បុរសថា “ខ្ញុំអាចបីឯងឡើងរហូតដល់ទីខ្ពស់ ដោយមិនទុកឲ្យឯងដើរឡើង ដោយខ្លួនឯងក៏បាន។ ប៉ុន្តែ បើខ្ញុំបន្តធ្វើដូច្នេះ ឯងនឹងមិនអាចហ្វឹកហាត់ជើងឯងឲ្យរឹងមាំ ដូចជើងក្តាន់ ហើយឯងក៏មិនអាចអមដំណើរខ្ញុំ និងទៅណាមកណាជាមួយខ្ញុំបានឡើយ”។
តួរអង្គ ម៉ាច់ អាហ្រ្វេត ធ្វើឲ្យខ្ញុំនឹកឃើញ សំណួររបស់ហោរាហាបាគុក ក្នុងព្រះគម្ពីរសញ្ញាចាស់ (ហើយនិយាយតាមត្រង់ នោះក៏ជាសំណួរ ដែលខ្ញុំធ្លាប់សួរផងដែរ)។ លោកហាបាគុកសួរថា “ហេតុអ្វីខ្ញុំត្រូវរងការឈឺចាប់?” “ហេតុអ្វីបានជា ការធ្វើដំណើររបស់ខ្ញុំពិបាកយ៉ាងនេះ?”
ហោរាហាបាគុករស់នៅស្រុកយូដា នៅចុងសតវត្សរ៍ទី៧ មុនគ្រីស្ទសករាជ មុនពេលដែលជនជាតិអ៊ីស្រាអែលត្រូវនិរទេសខ្លួន។ លោកហាបាគុកកត់សម្គាល់ឃើញថា សង្គមដែលគាត់រស់នៅ បានមើលរំលងអំពើអយុត្ដិធម៌ ហើយត្រូវបានញាំញីដោយការភ័យខ្លាច ចំពោះការឈ្លានពាន ពីចក្រភពបាប៊ីឡូន(ហាបាគុក ១:២-១១)។ គាត់បានទូលសូមឲ្យព្រះអម្ចាស់ ធ្វើអន្ដរាគមន៍ និងដកទុក្ខវេទនាចេញ(១:១៣)។ ព្រះទ្រង់ក៏បានឆ្លើយតបថា ទ្រង់នឹងសម្រេចសេចក្តីយុត្តិធម៌ ប៉ុន្តែ តាមពេលកំណត់របស់ទ្រង់(២:៣)។
ដោយសារសេចក្ដីជំនឿ នោះលោកហាបាគុក បន្តទុកចិត្តព្រះអម្ចាស់។ ទោះបីជាការរងទុក្ខវេទនា នៅមិនទាន់ចប់ក៏ដោយ ក៏ហោរារូបនេះ នៅតែជឿថា ព្រះទ្រង់នឹងនៅតែបន្តធ្វើជាកម្លាំងរបស់គាត់រហូត។
យើងរាល់គ្នាក៏អាចទទួលការកម្សាន្តចិត្តផងដែរ ដោយដឹងថា ព្រះអម្ចាស់ជាកម្លាំងដល់យើង ដែលជួយយើងឲ្យអាចទ្រាំទ្រនឹងទុក្ខលំបាកគ្រប់យ៉ាង ហើយទ្រង់នឹងប្រើដំណើរជីវិតដ៏លំបាករបស់យើង ដើម្បីធ្វើឲ្យការប្រកបជាមួយព្រះគ្រីស្ទ កាន់តែជិតស្និទ្ធថែមទៀត។—Lisa Samra