កាល​ពី​ឆ្នាំ ២០១១ សមាគម​ជាតិ ​អវកាស និង​លំហ​អាកាស ដែល​ហៅ​កាត់​ថា អង្គការ​ណាសា​(NASA) បាន​អប​អរ​សាទរ​ខួប​៣០​ឆ្នាំ នៃ​ការ​ស្រាវ​ជ្រាវ​អវកាស​របស់​ខ្លួន។ ក្នុង​រយៈ​ពេល​បី​ទសវត្សរ៍​កន្លង​មក​នេះ គេ​បាន​បាញ់​បង្ហោះ​យានចម្លង ដើម្បី​ដឹក​ជញ្ជូន​មនុស្ស​ជាង​៣៥៥​នាក់ ទៅ​កាន់​លំហ​អាកាស និង​ជួយ​សាង​សង់​ស្ថានីយ​អវកាស​អន្តរ​ជាតិ។ បន្ទាប់​ពី​យាន្ត​ចម្លង​៥គ្រឿង ត្រូវ​បាន​ដាក់​ឲ្យ​ឈប់​ដំណើរ​ការ អង្គ​ការ​ណាសា​បាន​ងាក​មក​ផ្តោត​ទៅ​លើ​ការ​រុក​រក ក្នុង​លំហ​អវកាស ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយវិញ​ម្តង។

ដើម្បី​សិក្សា​ស្រាវជ្រាវ អំពី​វិសាល​ភាព​នៃ​ចក្រ​វាល នៅ​ក្រៅ​ភព​ផែន​ដី មនុស្ស​ជាតិ​បាន​ចំណាយ​ពេល​វេលា និង​ថវិកា​ដ៏ច្រើន​សន្ធឹក ហើយ​អវកាស​យាន្ត​និក​មួយ​ចំនួន ក៏​បាន​ពលី​ជីវិត។ ប៉ុន្តែ ចក្រ​វាល​ទាំង​មូល មាន​ពេញ​ទៅ​ដោយ​ភស្តុតាង​នៃ​ភាពធំ​ប្រសើរ​របស់​ព្រះ​ជា​ម្ចាស់ នៅ​គ្រប់​ទី​កន្លែង លើស​ពី​លទ្ធ​ភាព​ដែល​យើង​អាច​វាស់​វែង​បាន​ទៅ​ទៀត។

ពេល​ដែល​យើង​ពិចារណា​អំពី​ព្រះ ដែល​ជា​អ្នក​បង្កើត ហើយ​ទ្រទ្រង់​ចក្រ​វាល​ទាំង​មូល ដោយ​ទ្រង់​ស្គាល់​ឈ្មោះ​ផ្កាយនីមួយ​ៗ​ (អេសាយ ៤០:២៦) យើង​អាច​យល់​មូល​ហេតុ ដែល​ស្ដេច​ដាវីឌ ដែល​ជា​អ្នក​និពន្ធ ព្រះ​គម្ពីរ​ទំនុក​ដំកើង បាន​ពោល​សរសើរ ភាព​អស្ចារ្យ​របស់​ព្រះ​ជា​ម្ចាស់(ទំនុកដំកើង ៨:១)។ ស្នាម​អង្គុលី​របស់​ព្រះ​អម្ចាស់ បាន​នៅ​ជាប់​ពី​លើ “ព្រះ​ច័ន្ទ និង​ផ្កាយទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ដាក់​ឲ្យ​នៅ​កន្លែង​របស់​វា”(ខ.៣)។ ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន​ដី ទ្រង់​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំងអស់ ប៉ុន្តែ ទ្រង់​តែង​តែ​គង់​នៅ​ជិត​កូន​ស្ងួន​ភ្ញា​របស់​ទ្រង់ ព្រម​ទាំង​ថែរក្សា​ពួក​គេ​ម្នាក់​ៗ យ៉ាង​ជិត​ស្និទ្ធ ហើយ​ផ្ទាល់​ៗ​ខ្លួន​(ខ.៤)។ ដោយ​ព្រោះ​សេចក្ដី​ស្រឡាញ់ នោះ​ព្រះ​ទ្រង់​បាន​ប្រទាន ឲ្យ​យើង​រាល់​គ្នា​មាន​អំណាច និង​ការ​ទទួល​ខុស​ត្រូវ ហើយ​ឲ្យ​មាន​ឯក​សិទ្ធិ ក្នុង​ការ​ថែរក្សា និង​ការ​រុក​រក​ក្នុង​ពិភព​លោក ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង(ខ.៥-៨)។

កាល​ណា​យើង​សិក្សា​អំពី​ផ្ទៃ​មេឃ ដែល​មាន​ផ្កាយ​រះ​ព្រោង​ព្រាត នៅ​ពេល​រាត្រី ព្រះ​អាទិករ ត្រាស់​ហៅ​យើង ឲ្យ​ចូល​ មក​រក​ទ្រង់ ដោយ​ចិត្ត​ឆេះ​ឆួល ហើយ​ការ​ព្យា​យាម។ ទ្រង់​ស្តាប់​ឮ​ការ​អធិស្ឋាន និង​ការ​ច្រៀង​សរសើរ​ដំកើង​នីមួយ​ៗ ដែល​ហូរ​ចេញ​ពី​បបូរ​មាត់​របស់​យើង។—Xochitl Dixon