នៅ​ក្នុង​តំបន់​ដែល​ខ្ញុំ​រស់​នៅ មាន​របង​បេតុង​ខ្ពស់​ៗ ព័ទ្ធ​ជុំវិញ​ផ្ទះ​របស់​យើង។ របង​បេតុង​ទាំង​នេះ មាន​បំពាក់​ទៅ​ដោយខ្សែ​ភ្លើង​សម្រាប់​ឆក់ នៅ​ខាង​លើ។ តើ​ក្នុង​គោល​បំណង​អ្វី? គឺ​ដើម្បី​ការពារ ​កុំ​ឲ្យ​ចោរ​ចូល​លួច ឬ​ប្លន់។

ការ​ដាច់​ចរន្ត​អគ្គិសនី​ជា​ញឹក​ញាប់ ក៏​ជា​បញ្ហា នៅ​ក្នុង​សហគមន៍​របស់​យើង​ផង​ដែរ។ ការ​ដាច់​ចរន្ត​អគ្គិ​សនី បាន​ធ្វើ​ឲ្យ​គេមិន​អាច​ប្រើ​កណ្ដឹង​នៅ​ខ្លោង​ទ្វារ​ខាង​មុខ​បាន។ ដោយ​សារ​របង​ព័ទ្ធ​ជុំវិញ​ផ្ទះ​យើង នោះ​ភ្ញៀវ​របស់​យើង​ត្រូវ​ឈរ​រង់​ចាំ​នៅ​ខាង​ក្រៅ ក្រោម​កម្តៅ​ថ្ងៃ​ស្ទើរ​លាក​ស្បែក ឬ​ឈរ​រងារ ពេល​ភ្លៀង​ធ្លាក់​ខ្លាំង ក្នុង​អំឡុង​ពេល​ដាច់​ចរន្ត​អគ្គិសនី​ម្ដង​ៗ។ តែ​សូម្បី​តែ​នៅ​ពេលដែល​កណ្ដឹង​ដំណើរ​ការ​ ក៏​យើង​ត្រូវ​មើល​ឲ្យ​ច្បាស់​ថា ភ្ញៀវ​នោះ​ជា​នរណា មុន​ឲ្យ​គាត់​ចូល​ក្នុង។ យើង​សង់​របង​ខ្ពស់​ៗ ក្នុង​គោល​បំណង​ល្អ​ទេ  ប៉ុន្តែ វា​អាច​ក្លាយ​ទៅ​ជា​របង​នៃ​ការ​រើស​អើង ទោះ​ភ្ញៀវ​នោះ​មិន​មែន​ជា​ជន​បង្ក​គ្រោះ​ថ្នាក់​ក៏​ដោយ។

ស្ដ្រី​សាសន៍​សាម៉ារី ដែល​ព្រះ​យេស៊ូវ​បាន​ជួប​នៅ​អណ្ដូង​ទឹក ក៏​មាន​ការ​ពិបាក​ស្រដៀង​នឹង​ខ្ញុំ​ផង​ដែរ ដោយ​សារ​បញ្ហា​នៃ​ការ​រើស​អើង។ សាសន៍​យូដា​មិន​មាន​ទំនាក់​ទំនង​អ្វី ជា​មួយ​សាសន៍​សាម៉ារី​ទេ។ នៅ​ពេល​ដែល​ព្រះយេស៊ូវ​បាន​សុំ​ទឹក​នាង នាង​និយាយ​ថា “លោក​ជា​សាសន៍​យូដា ម្តេច​​ក៏​លោក​សូម​ទឹក​ខ្ញុំ​ពិសារ ដែល​ខ្ញុំ​ជា​ស្រី​សាសន៍​សាម៉ារី​ដូច្នេះ?”(យ៉ូហាន ៤:៩)។ នៅពេល​ដែល​នាង​ចាប់​ផ្តើម​បើក​ចិត្ត​ទទួល​ជឿ​ព្រះយេស៊ូវ នាង​ក៏​បាន​ទទួល​បទ​ពិសោធន៍ ដែល​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ ដែល​ជះ​ឥទ្ធិ​ពល​ជា​វិជ្ជ​មាន ដល់​ខ្លួន​នាង ក៏​ដូច​ជា​អ្នក​ជិត​ខាង​របស់​នាង​ (ខ.៣៩-៤២)។ ព្រះ​យេស៊ូវ​បាន​ធ្វើ​ជា​ស្ពាន ដែល​បាន​រំលំ​ជញ្ជាំង នៃភាព​ជា​សត្រូវ និង​ការ​ប្រកាន់​ពូជ​សាសន៍។

ការ​ល្បួង​ឲ្យ​មាន​ការ​រើស​អើង គឺ​ពិត​ជា​មាន​មែន បាន​ជា​យើង​ត្រូវ​ជៀស​វាង​ការ​រើសអើង នៅ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃរ​បស់យើង​។ យើង​អាច​ឈោង​ទៅ​រក​មនុស្ស​គ្រប់​គ្នា ដោយ​មិន​ប្រកាន់​សញ្ជាតិ វណ្ណៈ ឬ​កេរ្តិ៍​ឈ្មោះ​នោះ​ឡើយ គឺ​ដូច​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ​ដល់​យើង​ស្រាប់។ ទ្រង់​បាន​យាង​មក​សង់​ស្ពាន​មេត្រី។—LAWRENCE DARMANI