កាល​ខ្ញុំ​រៀន​នៅ​វិទ្យា​ល័យ ខ្ញុំ​បាន​លេង​កីឡា​វាយ​កូន​បាល់​តិន្និស នៅ​ក្នុង​ក្រុម​ខ្លាំង ប្រចាំ​សាលា។ ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង ក្នុង​វ័យ​ជំទង់​របស់​ខ្ញុំ ដើម្បី​ហ្វឹក​ហាត់​ឲ្យ​មាន​ជំនាញ​កាន់​តែ​ប្រសើរ​ឡើង នៅ​ទីលាន​ដែល​មាន​វាល​លេង​តិន្និស​បួនកន្លែង ដែល​ក្រាល​ដោយ​បេតុង ដែល​ស្ថិត​នៅ​ចម្ងាយ​ផ្លូវ​បត់​ពីរ​កន្លែង ពី​ផ្ទះ​ខ្ញុំ​។

ពេល​ខ្ញុំ​បាន​ទៅ​លេង​ទីក្រុង​នោះ កាល​ពី​លើក​មុន កិច្ចការ​ទី​មួយ​ដែល​ខ្ញុំ​បាន​ធ្វើ គឺ​ខ្ញុំ​បើក​ឡាន​ទៅ​កាន់​ទីលាន​វាយ​តិន្នីស ដោយ​សង្ឃឹម​ថា នឹង​បាន​មើល​អ្នក​ដទៃ​លេង និង​រំឭក​អនុស្សាវរីយ៍ ដែល​ខ្ញុំ​ធ្លាប់​មាន។ ប៉ុន្តែ ខ្ញុំ​មិន​ឃើញ​ទីលាន​ចាស់​ៗ ដែល​ខ្ញុំ​នៅចាំ​។ នៅ​កន្លែង​នោះ មាន​តែ​វាល​ទំនេរ​ចោល ដែល​មាន​តែ​រុក្ខ​ជាតិ​តូច​ៗ​ដុះ ហើយ​យោល​យោក​យ៉ាង​ស្ងាត់​ស្ងៀម តាម​កម្លាំង​ខ្យល់​បក់។

រឿង​ដែល​ខ្ញុំ​បាន​ជួប​ពេល​រសៀល​ថ្ងៃ​នោះ បាន​ដិត​ជាប់​ក្នុង​គំនិត​របស់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ភាព​ខើច​ខ្លី​នៃ​ជីវិត​មនុស្ស។ កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង ដែល​ខ្ញុំ​បាន​ចំណាយ​កម្លាំង​យុវវ័យ​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ នោះ​លែង​មាន​ទៀត​ហើយ! ក្រោយ​មក ពេល​ដែល​ខ្ញុំ​ពិចារ​ណា អំពី​បទ​ពិសោធន៍​ទាំង​នោះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំពី​សេចក្តី​ពិត ដែល​ស្ដេច​ដាវីឌ​បាន​ពិពណ៌នា កាល​ទ្រង់​មាន​វ័យ​ចាស់​ថា “ចំណែក​ឯ​មនុស្ស ថ្ងៃ​អាយុ​របស់​គេ​ធៀប​ដូច​ជា​ស្មៅ គេ​រីក​ឡើង​ដូច​ជា​ផ្កា​នៅ​ទី​វាល  ដ្បិត​កាល​ណា​ខ្យល់​បក់​មក​ត្រូវ នោះ​ក៏​សូន្យ​បាត់​ទៅ ហើយ​កន្លែង​នោះ​មិន​ស្គាល់​វា​ទៀត  តែ​សេចក្តី​សប្បុរស​នៃ​ព្រះយេហូវ៉ា​ស្ថិតស្ថេរ​នៅ តាំង​ពី​អស់កល្ប​ដរាប​ដល់​អស់​កល្ប​ជានិច្ច ចំពោះ​អស់​អ្នក​ដែល​កោតខ្លាច​ដល់​ទ្រង់” (ទំនុកដំកើង ១០៣:១៥-១៧)។

នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់ ហើយ​ពិភព​លោក​ដែល​នៅ​ជុំវិញ​យើង​ក៏​អាច​មាន​ការ​ផ្លាស់​ប្តូរ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់ មិន​ចេះ​ប្រែ​ប្រួល​ឡើយ។ យើង​នៅ​តែ​អាច​ទុក​ចិត្ត​ទ្រង់​ជា​និច្ច ព្រោះ​ទ្រង់​តែង​តែ​ថែរក្សា​អស់​អ្នក​ណា ​ដែល​បែរ​មក​រក​ទ្រង់។—James Banks