មានពេលមួយ ខ្ញុំបានឱនក្បាលចុះ បិទភ្នែក ហើយយកម្រាមដៃផ្គុំចូលគ្នា ហើយចាប់ផ្ដើមអធិស្ឋានថា “ឱព្រះអម្ចាស់ ថ្ងៃនេះ កូនសូមចូលមករកព្រះអង្គ។ កូនសូមទទួលស្គាល់ថា ព្រះអង្គមានអំណាចព្រះចេស្ដា ហើយព្រះអង្គគឺជាព្រះពិត …”។ រំពេចនោះ ខ្ញុំក៏ស្រាប់តែបើកភ្នែកឡើង។ ខ្ញុំចាំបានថា កូនប្រុសរបស់ខ្ញុំ មិនបានបញ្ចប់កិច្ចការសាលា ដែលជាលំហាត់ប្រវត្ដិសាស្ដ្រ នៅឡើយទេ ហើយនឹងត្រូវដល់ពេលកំណត់ នៅថ្ងៃបន្ទាប់។ ខ្ញុំក៏នឹកចាំដែរថា គាត់មានកម្មវិធីប្រកួតបាល់បោះ ក្រោយម៉ោងរៀន ហើយខ្ញុំនឹកឃើញថា គាត់កំពុងតែធ្វើកិច្ចការសាលា រហូតដល់ពាក់កណ្ដាលអាធ្រាត។ ការនេះបានធ្វើឲ្យខ្ញុំព្រួយបារម្ភថា កិច្ចការដ៏នឿយហត់របស់គាត់ នឹងធ្វើឲ្យគាត់ប្រឈមមុខនឹងជំងឺផ្តាសាយធំ!
ក្នុងសៀវភៅរឿងដែលលោក ស៊ី អេស លូអ៊ីស (C. S. Lewis)បាននិពន្ធមានចំណងជើងថា សំបុត្ររបស់សាតំាង គាត់បាននិយាយអំពីការរំខាន ក្នុងអំឡុងពេលនៃការអធិស្ឋាន។ គាត់បានកត់សម្គាល់ថា កាលណាដែលយើងកំពុងបែកអារម្មណ៍ ក្នុងពេលអធិស្ឋាន យើងច្រើនតែប្រើកម្លាំងចិត្ត ដើម្បីទាញនាំអារម្មណ៍ខ្លួនឯង ឲ្យងាកមករកការអធិស្ឋានវិញ។ តែលោកលូអ៊ីសបានសន្និដ្ឋានថា យកល្អ យើងគួរតែទទួលស្គាល់ថា “ការរំខានអារម្មណ៍ ក្នុងពេលអធិស្ឋាន គឺជាបញ្ហា ដែលយើងកំពុងតែជួបប្រទះ ក្នុងពេលអធិស្ឋាននោះ បានជាយើងត្រូវថ្វាយវា នៅចំពោះព្រះជាម្ចាស់ ហើយបន្តអធិស្ឋានសូមឲ្យទ្រង់ជួយយើងជម្នះវា”។
សូម្បីតែការព្រួយបារម្ភឥតឈប់ឈរ ឬគំនិតអាក្រក់ ដែលនាំឲ្យរំខានដល់ការអធិស្ឋានរបស់យើង ក៏អាចឲ្យយើងយកមកធ្វើជាប្រធានបទ នៃការសន្ទនាជាមួយព្រះជាម្ចាស់ផងដែរ ។ ព្រះទ្រង់សព្វព្រះទ័យ ឲ្យយើងបង្ហាញភាពពិតរបស់យើងចេញមក នៅពេលយើងសន្ទនាជាមួយទ្រង់ ហើយបើកចំហ អំពីការព្រួយបារម្ភ ការភ័យខ្លាច និងទុក្ខលំបាក ដែលកប់ជ្រៅ នៅក្នុងចិត្តយើង។ ព្រះទ្រង់មិនភ្ញាក់ផ្អើល ចំពោះអ្វីដែលយើងទូលទៅកាន់ទ្រង់ឡើយ។ ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើង ដូចមិត្តសំឡាញ់ដ៏ជិតស្និទ្ធរបស់យើង។ ហេតុនេះហើយ បានជាទ្រង់លើកទឹកចិត្ត ឲ្យយើងផ្ទេរការភ័យខ្លាច និងការខ្វល់ខ្វាយរបស់យើងទាំងអស់ ទៅលើទ្រង់ ព្រោះទ្រង់យកព្រះទ័យទុកដាក់ចំពោះយើង (១ពេត្រុស ៥:៧)។—Jennifer Benson Schuldt