នៅ​ថ្ងៃ​ដែល​មាន​អាកាស​ធាតុ​ក្តៅ​ហែង និង​ដីហុយ​សំពោង លោក​បប់ (Bob) បាន​ចុះ​ពី​ឡាន​ក្រុង ដែល​គាត់​បាន​ជិះ​ទៅដល់​ទីក្រុង​មួយ ​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​គាត់។ គាត់​អស់​កម្លាំង ដោយសារ​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ពេញ​មួយ​ថ្ងៃ ហើយ​ក៏​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ដែល​គាត់​អាច​ញ៉ាំ​អាហារ​ពេល​ល្ងាច ជា​មួយ​មិត្ត​ភក្តិ​របស់​មិត្ត​គាត់ ដែល​រស់​នៅ​ក្នុង​តំបន់​នោះ​។ ពួក​គេ​បាន​ស្វាគមន៍គាត់​ឲ្យ​ចូល​ក្នុង​ផ្ទះ ហើយ​ភ្លាម​ៗ​នោះ គាត់​មាន​អារម្មណ៍​ថា មាន​សន្តិភាព​ក្នុង​ចិត្ត។ គាត់​មាន​អារម្មណ៍​ថា ដូច​កំពុង​នៅ​ផ្ទះ​ខ្លួនឯង មាន​ផាសុខ​ភាព មាន​សុវត្ថិភាព និង​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ។

ក្រោយ​មក គាត់​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​គាត់​មាន​អារម្មណ៍​ថា មាន​សន្តិ​ភាព​យ៉ាង​នេះ នៅ​កន្លែង​ដែល​គាត់​មិន​ធ្លាប់​នៅ? លោក​បប់​បាន​រក​ឃើញ​ចម្លើយ នៅ​ក្នុង​កណ្ឌ​គម្ពីរ កូរិនថូស ខ្សែទី២។ ក្នុង​បទ​គម្ពីរ​នេះ សាវ័ក​ប៉ុល​ហៅ​មនុស្ស​ដែល​ដើរ​តាម​ព្រះជា​ម្ចាស់​ថា “​ក្លិន​ក្រអូប​នៃ​ព្រះ​គ្រីស្ទ”។ លោក​បប់​បាន​និយាយ​ក្នុង​ចិត្ត​ថា “ខ្ញុំ​យល់​ហើយ!”។ ម្ចាស់​ផ្ទះ​របស់​គាត់​បាន​បញ្ចេញ “​ក្លិន​ក្រអូប​ដូច” ព្រះ​គ្រីស្ទ។

នៅ​ពេល​ដែល​សាវ័ក​ប៉ុល​ថ្លែង​ថា ព្រះ​ទ្រង់​ដឹក​នាំ​រាស្ដ្រ​ទ្រង់​ក្នុង “ក្បួន​ដង្ហែនៃ​ជ័យ​ជម្នះ” របស់​ព្រះ​គ្រីស្ទ ដែល​បាន​សាយ​ក្លិន​ក្រអូប នៃ​សេចក្តី​ពិត​របស់​ទ្រង់ នោះ​គឺ​គាត់​ចង់​សំដៅ​ទៅ​លើ​ប្រពៃណី នៅ​សម័យ​បុរាណ។ កង​ទ័ព​ដែល​មាន​ជ័យ​ជម្នះ តែង​តែដុត​គ្រឿង​ក្រអូប នៅ​ពេល​ពួក​គេ​ដើរ​ក្បួន នៅ​តាម​ដង​ផ្លូវ។ ក្លិន​ក្រអូប​នោះក៏​បាន​នាំ​ឲ្យ​មាន​សេចក្ដី​អំណរ ដល់​អ្នក​គាំ​ទ្រ​របស់​ពួក​គេ​ផង​ដែរ។ លោក​ប៉ុល​មាន​ប្រសាសន៍​ថា ប្រជា​រាស្រ្ដ​របស់​ព្រះ ក៏​នាំ​ក្លិន​ក្រអូបទៅ​ដល់​អស់​អ្នក​ជឿដូច្នោះ​ដែរ។ នោះ​មិន​មែន​ជាក្លិន​ក្រអូប ដែល​យើង​បង្កើត​ដោយ​ខ្លួន​ឯង​ទេ ប៉ុន្តែ គឺ​ជា​ក្លិន​ក្រអូប ដែល​ព្រះ​ប្រទាន​ឲ្យ នៅ​ពេល​ដែល​ទ្រង់​ដឹក​នាំ​យើង  ដើម្បី​នាំគេ​ឲ្យ​ស្គាល់​ទ្រង់។

តាម​ពិត​ទៅ លោក​បប់ គឺ​ជា​ឪពុក​របស់​ខ្ញុំ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ដ៏សែន​ឆ្ងាយ​មួយ។ រឿង​នេះ​បាន​កើត​ឡើងជាង​៤០​ឆ្នាំ​មក​ហើយ  ប៉ុន្តែ គាត់​មិន​ដែល​ភ្លេច​វា​ទេ។ គាត់​នៅ​តែ​ចែក​ចាយ​ទីបន្ទាល់ អំពី​មនុស្ស​ដែល​មាន​ក្លិន​ក្រអូប ដូច​ជា​ព្រះ​គ្រីស្ទ។—AMY PETERSON