នៅពេលរដូវរងារខ្លាំង ធ្វើឲ្យទឹករាវប្រែជាកក ខ្ញុំមានគំនិតចង់ចេញពីឡានដ៏កក់ក្តៅ ចូលទៅរកអគារដែលមានឧបករណ៍កម្តៅ។ ពេលខ្ញុំចុះពីលើឡាន ខ្ញុំក៏បានដួលចុះទៅលើដី ធ្វើឲ្យក្បាលជង្គង់របស់ខ្ញុំ ក៏បានផ្គុំចូលគ្នា ហើយប្រអប់ជើងខ្ញុំញែកចេញពីគ្នា។ ខ្ញុំមិនបានបាក់ជើងទេ ប៉ុន្តែ ខ្ញុំហាក់មានអារម្មណ៍ថាឈឺ។ ពេលវេលាចេះតែរំគិលទៅមុខ ការឈឺនេះក៏កាន់តែអាក្រក់ជាងមុន ហើយអាចបន្តឈឺរាប់សប្តាហ៍ ទំរាំតែខ្ញុំជាសះស្បើយឡើងវិញ។
ក្នុងចំណោមយើងរាល់គ្នា តើមាននរណាខ្លះ ដែលមិនធ្លាប់ជំពប់ដួលនោះ? តើមិនល្អទេឬ បើមានអ្វីម៉្យាង ឬនរណាម្នាក់ មកទប់ឲ្យជើងរបស់យើងនៅឈរមាំ គ្រប់ពេលវេលានោះ? ក្នុងការរស់នៅ យើងគ្មានការធានាថា ជើងរបស់យើងនឹងនៅតែឈររឹងមាំទេ តែទោះជាយ៉ាងណាក៏ដោយ យើងមានព្រះមួយអង្គ ដែលត្រៀមជាស្រេច ដើម្បីជួយយើង ក្នុងការដែលយើងប្រឹងប្រែង ថ្វាយព្រះកិត្តិនាមដល់ព្រះគ្រីស្ទ នៅក្នុងជីវិតនេះ ហើយទ្រង់រៀបចំខ្លួនយើង ឲ្យឈរដោយអំណរជាមួយទ្រង់ នៅក្នុងជីវិតបន្ទាប់ ដ៏អស់កល្បជានិច្ច។
ជារៀងរាល់ថ្ងៃ យើងជួបប្រទះការល្បួង (ហើយថែមទាំងជួបប្រទះការបង្រៀនក្លែងក្លាយទៀត) ដែលព្យាយាមបង្វែរ បំភាន់ភ្នែក ហើយដាក់អន្ទាក់ចាប់យើង។ តែក្នុងដំណើរជីវិតយើង ក្នុងលោកិយនេះ ដើម្បីកុំឲ្យយើងដួល យើងមិនអាចពឹងផ្អែកកម្លាំងជើងរបស់យើងបានទេ។ តើយើងនឹងមានទំនុកចិត្តខ្លាំងប៉ុណ្ណា ពេលដែលយើងដឹងថា ព្រះទ្រង់នឹងជួយឲ្យយើងនៅឈរមាំ (យូដាស ១:២៤) ដោយទ្រង់នឹងជួយឲ្យយើងមានសន្តិភាពនៅក្នុងចិត្ត ពេលដែលយើងនិយាយបកទៅគេវិញ ទាំងកំហឹង ឬជួយយើងឲ្យមានចិត្តស្មោះត្រង់ ជាជាងមានល្បិច ឬមួយជួយឲ្យយើងជ្រើសរើសយកសេចក្តីស្រឡាញ់ ជាជាងសម្អប់ ឬក៏ជ្រើសរើសយកសេចក្តីពិត ជាជាងភាពខុសឆ្គង។ ហើយនៅពេលដែលយើងរស់នៅ ជាទីគាប់ព្រះទ័យដល់ព្រះជាម្ចាស់ នៅគ្រាព្រះគ្រីស្ទយាងត្រឡប់មកវិញ នោះការសរសើរដំកើង ដែលយើងថ្វាយទ្រង់ នៅពេលឥឡូវនេះ សម្រាប់ព្រះគុណដែលបានជួយទ្រទ្រង់យើង នឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច (ខ.២៥)។—Arthur Jackson