នៅ​ពេល​ដែល​ខ្ញុំ​កំពុង​រៀប​ចំ​ខ្លួន ធ្វើ​ដំណើរ​បំពេញ​បេសក​កម្ម ជា​មួយ​យុវ​ជន​មួយ​ចំនួន មាន​សំណួរ​មួយ ដែល​ពួក​គេ​សួរ​ញឹក​ញាប់​បំផុត​គឺ “តើ​នៅ​ទីនោះ មាន​វ៉ាយ​ហ្វាយ​ទេ?” ហើយ​ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា នៅ​ទីនោះ​ច្បាស់​ជា​មាន។ ដូច្នេះ សាក​គិត​ល​មើល ប្រសិន​បើ​នៅ​យប់​មួយ ស្រាប់​តែ​ដាច់​វ៉ាយ​ហ្វាយ ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ប្រើ​អ៊ីន​ធឺណិត​កើត នោះ​តើ​ពួក​គេ​នឹង​រអ៊ូរទាំ​ប៉ុណ្ណា!

មនុស្ស​ជា​ច្រើន មាន​អារម្មណ៍​អន្ទៈ​សារ នៅ​ពេល​ដែល​ពួក​គេ​នៅ​ឆ្ងាយ ពី​ទូរស័ព្ទ​ទំនើប​របស់​ខ្លួន។ ហើយ​   នៅ​ពេល​ដែល​យើង​មាន​ទូរស័ព្ទ​ទំនើប ក្នុង​ដៃ​របស់​យើង នោះ​ភ្នែក​របស់​យើង ច្បាស់​ជា​ផ្ដោត​លើ​អេក្រង់​របស់​វា​មិន​ខាន។

បណ្ដាញ​អ៊ីនធឺណិត និង​អ្វី​ៗ​ទាំង​អស់ ដែល​វា​អនុញ្ញាត​ឲ្យ​យើង​ចូល​ប្រើ​ប្រាស់ អាច​ក្លាយ​ជា​ការ​រំខាន ឬ​ជា​ព្រះ​ពរ​។ ការ​អ្វីជា​ច្រើន​ទៀត នៅ​ក្នុង​លោក​នេះ ក៏​មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ។ ​វា​អាស្រ័យ​ទៅ​លើ ថា​តើ​យើង​ប្រើ​ប្រាស់​វា ដើម្បី​អ្វី​។ ក្នុង​បទ​គម្ពីរ សុភាសិត យើង​ឃើញ​ថា “. . . ​អ្នក​ណា​ដែល​មាន​យោបល់​ហើយ  នោះ​រមែង​ស្វែង​រក​ចំណេះ តែ​មាត់​របស់​មនុស្ស​ល្ងីល្ងើ​ តែង​តែ​ចិញ្ចឹម​ខ្លួន ដោយ​សេចក្តី​ចំកួត​វិញ” (១៥:១៤)។

ដើម្បី​អនុវត្ត​តាម​ប្រាជ្ញា ដែល​មាន​នៅ​ក្នុង​ព្រះ​បន្ទូល​នៃ​ជីវិត យើង​អាច​សួរ​ខ្លួន​ឯង​ថា តើ​យើង​ចេះ​តែ​ឆែក​មើល​បណ្តាញ ​សង្គម ​ពេញ​មួយ​ថ្ងៃ​ ដោយ​អត់​មិន​បាន​ឬ​? តើ​មាន​រឿង​អ្វី​ខ្លះ ដែល​យើង​ស្រេក​ឃ្លាន ចង់​ដឹង? ហើយ​តើ​រឿង​ដែល​យើង​អាន​តាមអនឡាញ ឬ​បណ្តាញ​អ៊ីនធឺណិត ជួយ​លើក​ទឹក​ចិត្ត​យើង ឲ្យ​រស់​នៅ​ត្រឹម​ត្រូវ​ឬ​ទេ​ (ខ.១៦-២១) ឬ​មួយ​យើង​កំពុង​តែ​ចម្អែត​ខ្លួន ដោយ​សម្រាម ដូច​ជា​ពាក្យ​និយាយ​ដើមគ្នា ឬ​ពាក្យ​បង្កាច់​បង្ខូច​គ្នា ឬ​ក៏​ភាព​សម្ភារ​និយម ឬ​មួយ​អំពើ​អសីល​ធម៌​ផ្លូវ​ភេទ​ជា​ដើម?

ពេល​យើង​ខិត​ខំ​ធ្វើ​កិច្ចការ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ យើង​អាច​បំពេញ​គំនិត​របស់​យើង​ដោយ​ “សេចក្តី​ណា​ដែល​ពិត សេចក្តី​ណា​ដែល​គួរ​រាប់​អាន សេចក្តី​ណា​ដែល​សុចរិត សេចក្តី​ណា​ដែល​បរិសុទ្ធ សេចក្តី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្តី​ណា​ដែល​មាន​ឈ្មោះ​ល្អ” (ភីលីព ៤:៨) ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ។ តាម​រយៈ​ប្រាជ្ញា​របស់​ព្រះ យើង​អាច​ធ្វើ​ការ​ជ្រើស​រើស​ដ៏​ល្អ​ ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ទ្រង់។—Poh Fang Chia