“ហ្គីប” ហាឌីន (“Gip”Hardin) ជា​គ្រូ​គង្វាល នៃ​ព្រះវិហារ​មេតូឌីស ដែល​បាន​ដាក់​ឈ្មោះ​កូន​ប្រុស​របស់​គាត់ តាម​លំនាំ​ឈ្មោះ​គ្រូ​អធិប្បាយ​ដ៏​ល្បី​ល្បាញ​ម្នាក់ ឈ្មោះ ចន វេសលី(John Wesley)។ គាត់​សង្ឃឹម​ថា កូន​ប្រុស​របស់​គាត់ នឹង​បាន​ទទួល​ការ​បណ្តាល​ចិត្ត ពី​ឈ្មោះ​នេះ។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ពេល​កូន​ប្រុស​របស់​គាត់ គឺ​លោក ចន វេសលី ហាដីន (John Wesley Hardin) ធំ​ឡើង គេ​បាន​ជ្រើស​រើស​យក​ផ្លូវ​ដើរ​ខុស​ឆ្ងាយ ពី​ការងារ​បម្រើ​ព្រះ ដែល​សក្តិ​សម​នឹង​ឈ្មោះ​របស់​គាត់។ គាត់បាន​អះ​អាង​ថា គាត់​បាន​សម្លាប់​មនុស្ស អស់​៤២​នាក់ ហើយ​ក៏​បាន​ក្លាយ​ជា​ខ្មាន់​កាំ​ភ្លើង ដែល​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ក្រៅ​ច្បាប់ ដែល​មាន​ឈ្មោះ​អាក្រក់​បំផុត នៅ​ចុង​ទសវត្សរ៍ ឆ្នាំ១៨០០ នៅ​តំបន់​អាមេរិក​ភាគ​ខាង​លិច។

នៅ​ក្នុង​ព្រះ​គម្ពីរ ក៏​ដូច​ជា​នៅ​ក្នុង​វប្បធម៌​ជា​ច្រើន នា​ពេល​បច្ចុប្បន្ន​នេះ ឈ្មោះ​មាន​សារៈ​សំខាន់​ជា​ពិសេស។  នៅ​ពេល​ទេវតា​ប្រកាស​ពី​កំណើត នៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះ ទ្រង់​ក៏​បាន​បង្គាប់​លោក​យ៉ូសែប ឲ្យ​ដាក់​ឈ្មោះ​ឲ្យ​បុត្រ​របស់​នាង​ម៉ារា​ថា “យេស៊ូវ  ព្រោះ​បុត្រ​នោះ​ នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប” (ម៉ាថាយ ១:២១)។ ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ  ​គឺ​មាន​ន័យ​ថា “ព្រះ​អង្គ​សង្រ្គោះ”។ អត្ថ​ន័យ​នៃ​ព្រះ​នាម​ទ្រង់ បាន​បញ្ជាក់​ច្បាស់​ថា បេសក​កម្ម​របស់​ទ្រង់ ដែល​យាង​មក គឺ​ដើម្បី​សង្រ្គោះ​មនុស្ស​ឲ្យ​រួច​ពី​អំពើ​បាប។

ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​នៅ និង​បំពេញ​ព្រះ​រាជ​បេសក​កម្ម​ទ្រង់ តាម​អត្ថ​ន័យ​នៃ​ព្រះ​នាម​របស់​ទ្រង់ គឺ​ខុស​ពី​លោក​ហាឌីន។ តាម​រយៈ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ នោះ​ទ្រង់​បាន​សម្រេច​បេសក​កម្ម​សង្គ្រោះ​របស់​ទ្រង់ ចប់​សព្វ​គ្រប់។ សាវ័ក​យ៉ូហាន​បាន​បញ្ជាក់​ថា ព្រះ​នាម​ព្រះ​យេស៊ូវ មាន​អំណាច​ប្រទាន​ជីវិត គឺ​ដូច​ដែល​ព្រះ​គម្ពីរ​បាន​ចែង​ទុក ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ជឿ​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​គ្រីស្ទ គឺ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ពិត ហើយ​ឲ្យ​យើង​រាល់​គ្នា​បាន​ជីវិត ដោយសារ​ព្រះនាម​ទ្រង់ ដោយ​មាន​សេចក្តី​ជំនឿ (យ៉ូហាន ២០:៣១)​។ ព្រះ​គម្ពីរ​កិច្ចការ ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​មនុស្ស​គ្រប់​គ្នា ឲ្យ​ទទួល​ជឿ​ទ្រង់ ព្រោះ “​គ្មាន​សេចក្តី​សង្គ្រោះ ដោយ​សារ​អ្នក​ណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ” (កិច្ចការ ៤:១២)។

អស់​អ្នក​ណា​ដែល​អំពាវ​នាវ ដល់​ព្រះ​នាម​ព្រះ​យេស៊ូវ ដោយ​សេចក្ដី​ជំនឿ នោះ​នឹង​បាន​ពិសោធន៍​នឹង​ការ​អត់​ទោស​បាប និង​ក្តី​សង្ឃឹម ដែល​ទ្រង់​បាន​ប្រទាន។ តើ​អ្នក​បាន​អំពាវ​នាវ ដល់​ព្រះ​នាម​ទ្រង់ ហើយ​ឬ​នៅ?—Bill Crowder