“ហ្គីប” ហាឌីន (“Gip”Hardin) ជាគ្រូគង្វាល នៃព្រះវិហារមេតូឌីស ដែលបានដាក់ឈ្មោះកូនប្រុសរបស់គាត់ តាមលំនាំឈ្មោះគ្រូអធិប្បាយដ៏ល្បីល្បាញម្នាក់ ឈ្មោះ ចន វេសលី(John Wesley)។ គាត់សង្ឃឹមថា កូនប្រុសរបស់គាត់ នឹងបានទទួលការបណ្តាលចិត្ត ពីឈ្មោះនេះ។ ទោះបីយ៉ាងណាក៏ដោយ ពេលកូនប្រុសរបស់គាត់ គឺលោក ចន វេសលី ហាដីន (John Wesley Hardin) ធំឡើង គេបានជ្រើសរើសយកផ្លូវដើរខុសឆ្ងាយ ពីការងារបម្រើព្រះ ដែលសក្តិសមនឹងឈ្មោះរបស់គាត់។ គាត់បានអះអាងថា គាត់បានសម្លាប់មនុស្ស អស់៤២នាក់ ហើយក៏បានក្លាយជាខ្មាន់កាំភ្លើង ដែលស្ថិតក្នុងចំណោមមនុស្សក្រៅច្បាប់ ដែលមានឈ្មោះអាក្រក់បំផុត នៅចុងទសវត្សរ៍ ឆ្នាំ១៨០០ នៅតំបន់អាមេរិកភាគខាងលិច។
នៅក្នុងព្រះគម្ពីរ ក៏ដូចជានៅក្នុងវប្បធម៌ជាច្រើន នាពេលបច្ចុប្បន្ននេះ ឈ្មោះមានសារៈសំខាន់ជាពិសេស។ នៅពេលទេវតាប្រកាសពីកំណើត នៃព្រះរាជបុត្រារបស់ព្រះ ទ្រង់ក៏បានបង្គាប់លោកយ៉ូសែប ឲ្យដាក់ឈ្មោះឲ្យបុត្ររបស់នាងម៉ារាថា “យេស៊ូវ ព្រោះបុត្រនោះ នឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប” (ម៉ាថាយ ១:២១)។ ព្រះនាមព្រះយេស៊ូវគ្រីស្ទ គឺមានន័យថា “ព្រះអង្គសង្រ្គោះ”។ អត្ថន័យនៃព្រះនាមទ្រង់ បានបញ្ជាក់ច្បាស់ថា បេសកកម្មរបស់ទ្រង់ ដែលយាងមក គឺដើម្បីសង្រ្គោះមនុស្សឲ្យរួចពីអំពើបាប។
ព្រះយេស៊ូវបានមានព្រះជន្មរស់នៅ និងបំពេញព្រះរាជបេសកកម្មទ្រង់ តាមអត្ថន័យនៃព្រះនាមរបស់ទ្រង់ គឺខុសពីលោកហាឌីន។ តាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ នោះទ្រង់បានសម្រេចបេសកកម្មសង្គ្រោះរបស់ទ្រង់ ចប់សព្វគ្រប់។ សាវ័កយ៉ូហានបានបញ្ជាក់ថា ព្រះនាមព្រះយេស៊ូវ មានអំណាចប្រទានជីវិត គឺដូចដែលព្រះគម្ពីរបានចែងទុក ដើម្បីឲ្យយើងរាល់គ្នាបានជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះពិត ហើយឲ្យយើងរាល់គ្នាបានជីវិត ដោយសារព្រះនាមទ្រង់ ដោយមានសេចក្តីជំនឿ (យ៉ូហាន ២០:៣១)។ ព្រះគម្ពីរកិច្ចការ ក៏បានលើកទឹកចិត្តដល់មនុស្សគ្រប់គ្នា ឲ្យទទួលជឿទ្រង់ ព្រោះ “គ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ” (កិច្ចការ ៤:១២)។
អស់អ្នកណាដែលអំពាវនាវ ដល់ព្រះនាមព្រះយេស៊ូវ ដោយសេចក្ដីជំនឿ នោះនឹងបានពិសោធន៍នឹងការអត់ទោសបាប និងក្តីសង្ឃឹម ដែលទ្រង់បានប្រទាន។ តើអ្នកបានអំពាវនាវ ដល់ព្រះនាមទ្រង់ ហើយឬនៅ?—Bill Crowder