ដោយ​សារ​ខ្ញុំ​ចូល​ចិត្ត​ស្ករ​សូកូឡា​ខ្មៅ មាន​ពេល​មួយ ខ្ញុំ​បាន​ស្រាវ​ជ្រាវ​ក្នុង​អ៊ីនធឺណិត ដើម្បី​ឲ្យ​ដឹង​ថា តើ​សូកូឡា​ខ្មៅ ល្អសម្រាប់​ខ្ញុំ​ទេ?  ខ្ញុំ​ទទួល​បាន​ចម្លើយ​ខុស​ៗ​គ្នា​មួយ​ចំនួន ខ្លះ​ថា​ល្អ ខ្លះ​ថា​មិន​ល្អ។ អ្នក​ក៏​អាច​សួរ​សំណួរ​ដូច​នេះ​ដែរ ចំពោះផលិត​ផល​ម្ហូប​អាហារ​ស្ទើរ​តែ​ទាំង​អស់។ ឧទាហរណ៍ អ្នក​អាច​សួរ​ថា តើ​ទឹក​ដោះ​គោ​ល្អ​សម្រាប់​ខ្ញុំ​ទេ? តើ​កាហ្វេ​ល្អ​សម្រាប់​ខ្ញុំ​ទេ? តើ​បាយ​ល្អ​សម្រាប់​ខ្ញុំ​ទេ? អ៊ីនធឺណិត​នឹង​ផ្តល់​ឲ្យ​យើង​នូវ​ចម្លើយ​ខុស​ៗ​គ្នា​ជា​ច្រើន ចំពោះ​សំណួរ​ទាំង​នេះ។ ដូច្នេះ យើង​ត្រូវ​ដឹង​ថា ការ​ស្វែង​រក​ចម្លើយ តាម​អ៊ីន​ធើណិត​ដោយ​ខ្លួន​ឯង ប្រហែល​ជា​មិន​ល្អ​សម្រាប់​យើង​ប៉ុន្មាន​ទេ។ វា​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ក្បាល​បាន!

ប៉ុន្តែ ប្រសិន​បើ​អ្នក​តែង​តែ​ស្វែង​រក​អ្វី​មួយ ដែល​ល្អ​មួយ​រយ​ភាគ​រយ សម្រាប់​ខ្លួន​ឯង គ្រប់​ពេល​នោះ នោះ​ខ្ញុំ​សូម​លើ​ទឹក​ចិត្ត​អ្នក ឲ្យ​ស្វែង​រក​ក្នុង​ព្រះ​បន្ទូល​ព្រះ​វិញ។  សម្រាប់​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ដែល​ស្វែង​រក​ការ​ប្រកប​ទាក់​ទង ជា​មួយ​ព្រះ​ជា​ម្ចាស់ អ្វី​ដែល​ព្រះ​បន្ទូល​អាច​ធ្វើ​សម្រាប់​ពួក​គេ គឺ​មាន​ដូច​តទៅ

ព្រះបន្ទូល​អាច​រក្សា​យើង ឲ្យ​បរិសុទ្ធ(ទំនុកដំកើង ១១៩:៩,១១) ។

ព្រះបន្ទូល​នាំ​ឲ្យ​យើង​ទទួល​ព្រះ​ពរ (លូកា ១១:២៨) ។

ព្រះបន្ទូល​ធ្វើ​ឲ្យ​យើង​មាន​ប្រាជ្ញា (ម៉ាថាយ ៧:២៤) ។

ព្រះបន្ទូល​ផ្តល់​ពន្លឺ និង​ការ​យល់​ដឹង (ទំនុកដំកើង ១១៩:១៣០) ។

ព្រះបន្ទូល​ជួយ​យើង ឲ្យ​លូត​លាស់​ខាង​ព្រលឹង​វិញ្ញាណ (១ពេត្រុស ២:២) ។

ព្រះ​នៃ​យើង​ទ្រង់​ល្អ។ បទ​គម្ពីរ​ទំនុក​ដំកើង ១៤៥:៩ បាន​ចែង​ថា “ព្រះយេហូវ៉ា​ទ្រង់​ល្អ ដល់​មនុស្ស​ទាំង​អស់” ។ ហើយនៅ​ក្នុង​សេចក្តី​ល្អ​របស់​ទ្រង់ ទ្រង់​បាន​ប្រទាន ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ នូវ​ការ​ណែ​នាំ ដែល​ជួយ​ឲ្យ​យើង ដឹង​ពីររបៀប​ពង្រឹង​ទំនាក់​ទំនង​របស់​យើង ជា​មួយ​ព្រះ​អង្គ។ ខណៈ​ពេល​ដែល​យើង​ព្យាយាម​ជ្រើស​រើស​របៀប​រស់​នៅ ក្នុង​ពិភព​លោក​ដែល​ពេញ​ទៅ​ដោយ​ជម្រើស ចូរ​យើង​សរសើរ​ដំកើង​ព្រះ​ជា​ម្ចាស់ ដ្បិត​ទ្រង់​បាន​ប្រាប់​យើង ឲ្យ​ដឹង​ថា  មាន​អ្វី​ខ្លះ​ដែល​ល្អ​សម្រាប់​យើងនៅ​ក្នុង​ព្រះ​គម្ពីរ។ ចូរ​យើង​ពោល​ឡើង តាម​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ថា “ព្រះ​បន្ទូល​នៃ​ទ្រង់​ផ្អែម​នៅ​អណ្តាត​ទូលបង្គំ​ណាស់​ហ្ន៎ អើ ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដល់​មាត់​ទូលបង្គំ​ទៅ​ទៀត” (ទំនុកដំកើង ១១៩:១០៣) ។—Dave Branon