ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​បើក​មើល​ព្រះ​គម្ពីរ​របស់​យាយ​ទួត​ខ្ញុំ ស្រាប់​តែ​មាន​វត្ថុ​ដ៏​មាន​តម្លៃ​មួយ ធ្លាក់​មក​លើ​ភ្លៅ​របស់​ខ្ញុំ។ វាជា​ក្រដាស់​មួយ​សន្លឹក​តូច ដែល​មាន​អក្សរ​សរសេរ ដោយ​កូន​ក្មេង​ពី​លើ​ថា “មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​សេច​ក្តី​កំសត់ខាង​ឯ​វិញ្ញាណ ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​ផង​អ្នក​ទាំង​នោះ។ មាន​ពរ​ហើយ អស់​អ្នក​ដែល​យំ​សោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​កំសាន្ត​ចិត្ត”(ម៉ាថាយ ៥:៣-៤)។ នៅ​ក្បែរ​ខគម្ពីរ​នោះ​ មាន​អក្សរ​សរសេរ​ក្រវិច​ក្រវៀន​ជាប់​គ្នា​រដិត គឺ​ជា​ហត្ថលេខា​របស់​ម្តាយ​ខ្ញុំ។

យាយ​ទួត​របស់​ខ្ញុំ មាន​ទម្លាប់​បង្រៀន​ចៅ​ៗ ឲ្យ​សរសេរ​ខគម្ពីរ ដើម្បី​ឲ្យ​ពួក​គេរៀន ហើយ​យក​ខគម្ពីរ​ទាំង​នោះ មក​ដាក់ក្នុង​ចិត្ត។ ប៉ុន្ដែ រឿងរ៉ាវ​ ពី​ខាង​ក្រោយ​ខគម្ពីរ​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក។ ជីតា​ខ្ញុំ​បាន​ទទួល​មរណៈ​ភាព តាំង​ពី​ពេល​ដែលម្តាយ​ខ្ញុំ នៅ​ក្មេង ហើយ​ប្អូន​ប្រុស​តូច​របស់​ម្ដាយ​ខ្ញុំ (គឺ​ពូ​របស់​ខ្ញុំ) ក៏​បាន​ស្លាប់ ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក​ទៀត។ គឺ​នៅ​ពេល​សោកនាដ​កម្ម​នោះ​ហើយ ដែល​យាយ​ទួត​ខ្ញុំ បាន​នាំ​ម្ដាយ​ខ្ញុំ ឲ្យ​ស្គាល់​ព្រះ​យេស៊ូវ ហើយ​ទទួល​ការ​កម្សាន្ត​ចិត្ត ដែល​មាន​តែ​ទ្រង់​ទេ​ដែលអាច​ប្រទាន​ឲ្យ​បាន។

សាវ័កប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​លោក​ធីម៉ូថេ​ថា “ដ្បិត​ខ្ញុំ​នឹង​ចាំ​ពី​សេចក្តី​ជំនឿ​ស្មោះត្រង់ ដែល​នៅ​ក្នុង​អ្នក សេចក្តី​ជំនឿ​នោះ​បាន​នៅ​ក្នុង​យាយ​ឡូអ៊ីស ជា​ជីដូន​របស់​អ្នក​ជា​មុន​ដំបូង រួច​ក៏​នៅ​ក្នុង​អ្នក​អ៊ើនីស ជា​ម្តាយ​អ្នក​ដែរ ហើយ​ខ្ញុំ​ជឿជាក់​ថា ក៏​នៅ​ក្នុង​អ្នក​ផង” (២ធីម៉ូថេ ១:៥)។ សេចក្តី​ជំនឿ​មិន​មែន​ជា​កេរមរតក​ឡើយ ប៉ុន្តែ សេចក្តី​ជំនឿ គឺ​សម្រាប់​ឲ្យ​យើង​ចែក​រំលែក​។ ម្ដាយ និង​យាយ​របស់​លោក​ធីម៉ូថេ បាន​ចែក​រំលែក​សេចក្ដី​ជំនឿ​របស់​ខ្លួន ទៅ​ដល់​គាត់ ហើយ​គាត់​ក៏​បាន​ទទួល​ជឿ។

នៅ​ពេល​យើង​លើក​ទឹក​ចិត្ត​អ្នក​នៅ​ជុំវិញ​យើង ឲ្យ​មាន​ក្ដី​សង្ឃឹម​លើ​ព្រះ​យេស៊ូវ នោះ​មាន​ន័យ​ថា យើង​កំពុង​តែ​ផ្តល់​ឲ្យ​ពួក​គេ នូវ​កេរ​ដំណែល​នៃ​សេចក្ដី​ស្រឡាញ់។ តាម​រយៈ​ក្រដាស់​កត់​ត្រា​មួយ​សន្លឹក​តូច ដ៏​សាមញ្ញ​នេះ ម្តាយ​របស់​ខ្ញុំ​បាន​បន្សល់​ទុក នូវភស្ដុតាង​នៃ​សេចក្ដី​ស្រឡាញ់​របស់​យាយ​ទួត​របស់​ខ្ញុំ  ដែល​គាត់​មាន​ចំពោះ​ព្រះ​អង្គ​សង្គ្រោះ និង​ចំពោះ​គ្រួសារ​របស់​គាត់។ ចូរចែកចាយ​ព្រះ​នាម​ព្រះ​យេស៊ូវ ដល់​មនុស្ស​ជំនាន់​ក្រោយ​របស់​យើង!—James Banks1