កាលពីម្សិលមិញ ខ្ញុំបានទិញសំបុត្រយន្តហោះ ឲ្យកូនច្បងរបស់ខ្ញុំ ទៅរៀននៅមហាវិទ្យាល័យ។ ខ្ញុំមានការភ្ញាក់ផ្អើល ដែលឃីប៊តនៅលើកុំព្យូទ័ររបស់ខ្ញុំ នៅតែដំណើរការ ព្រោះនៅក្នុងអំឡុងពេលដែលខ្ញុំបញ្ជាទិញសំបុត្រយន្តហោះនោះ ខ្ញុំបានហូរទឹកភ្នែកជោគលើឃីប៊តនោះ។ ខ្ញុំធ្លាប់មានភាពរីករាយ នឹងជីវិតប្រចាំថ្ងៃ ជាមួយនឹងកូនស្រីរបស់ខ្ញុំ រយៈពេល១៨ឆ្នាំហើយ បានជាខ្ញុំមានចិត្តសោកសៅ ចំពោះការចាកចេញរបស់នាង។ ប៉ុន្តែ ខ្ញុំមិនចង់ធ្វើឲ្យកូនរបស់ខ្ញុំ បាត់បង់ឱកាស នៅពេលអនាគត ដោយសារតែខ្ញុំមិនចង់ឲ្យនាងបែកចេញពីខ្ញុំនោះឡើយ។ នាងបានដើរដល់ផ្លូវបំបែក នៅក្នុងជីវិតរបស់នាង គឺសក្តិសម នឹងឲ្យនាងចាប់ផ្តើមធ្វើដំណើរ លើផ្លូវថ្មីមួយ ក្នុងការស្វែងយល់ពីភាពពេញវ័យ ព្រមទាំងស្គាល់ផ្នែកផ្សេងទៀតនៃប្រទេស។
ខណៈពេលដែលរដូវកាលនៃភាពជាឪពុកម្ដាយ ជិតដល់ទីបញ្ចប់ រដូវកាលថ្មីមួយទៀតក៏បានចាប់ផ្តើម។ វាប្រាកដជានាំមកនូវឧបសគ្គ និងការលំបាក ក៏ដូចជាភាពសប្បាយរីករាយថ្មីៗ។ ស្តេចសាឡូម៉ូនដែលជាស្ដេចទីបី នៃសាសន៍អ៊ីស្រាអែល បានមានបន្ទូលថា ព្រះជាម្ចាស់តាំងឲ្យ “មានពេលសំរាប់គ្រប់ទាំងអស់ គឺមានពេលសំរាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ” (សាស្ដា ៣:១)។ យើងជាមនុស្សមានការគ្រប់គ្រង តិចតួចណាស់ មកលើព្រឹត្ដិការណ៍ក្នុងជីវិតរបស់យើង ទោះយើងយល់ថា ព្រឹត្ដិការណ៍ទាំងនោះមានលក្ខណៈអំណោយផល ឬអត់ក៏ដោយ។ តែព្រះដែលមានគ្រប់អំណាចចេស្តា ទ្រង់បានបង្កើត “របស់សព្វសារពើឲ្យល្អ តាមរដូវកាល” (ខ.១១)។
នៅក្នុងរដូវនៃការឈឺចាប់ យើងអាចជឿទុកចិត្តព្រះថា ទ្រង់នឹងនាំមកនូវអ្វីៗដែលល្អ ចេញពីទុក្ខលំបាក តាមពេលវេលាដែលទ្រង់កំណត់។ ការកម្សាន្តចិត្ត និងក្ដីអំណររបស់យើងអាចកើតឡើង និងបាត់ទៅវិញ ប៉ុន្តែ ការអ្វីដែលព្រះទ្រង់ធ្វើ “នោះនឹងស្ថិតស្ថេរនៅជាដរាប”(ខ.១៤)។ មនុស្សយើងមិនមែនចេះតែសប្បាយរីករាយ គ្រប់រដូវកាលនោះទេ។ ពេលខ្លះក៏មានការឈឺចាប់ខ្លាំង! តែទ្រង់នៅតែអាចនាំភាពស្រស់ស្អាត ចេញពីការឈឺចាប់ទាំងនោះ។—Kirsten Holmberg