លោក​ឆាល ស្ពើជីន ( Charles Spurgeon) បាន​បម្រើ​ព្រះ​នៅ​ព្រះវិហារ នៅ​ទីក្រុង​ឡុងដ៍ ជា​ច្រើន​ឆ្នាំ ក្នុង​អំឡុងទសវត្សរ៍​ឆ្នាំ១៨០០។ កាល​នោះ​គាត់​ចូល​ចិត្ត​អធិប្បាយ បទគម្ពីរ អេសាយ ៤៩:១៦ ដែល​បាន​ចែង​ថា ព្រះ​ជា​ម្ចាស់​បាន​ចារឹក​យើង​ទុក ​នៅ​ផ្ទៃ​បាត​ព្រះ​ហស្ត​របស់​ទ្រង់។ គាត់​បាន​មាន​ប្រសាសន៍​ថា “បទ​គម្ពីរ​ដ៏​ល្អ​ដូច​នេះ គឺ​ត្រូវ​ឲ្យ​យើង​យក​មក​អធិប្បាយ​រាប់រយ​ដង!” សេចក្តី​ដែល​បាន​ចែង​ក្នុង​បទ​គម្ពីរ​នេះ ពិត​ជា​មាន​តម្លៃ​ណាស់ បាន​ជា​យើង​អាច​យក​មក​ពិចារណា ​នៅ​ក្នុង​គំនិត​របស់​យើង ម្ដង​ហើយ​ម្ដង​ទៀត។

លោក​ស្ពើជីន បាន​បក​ស្រាយ​យ៉ាង​ក្បោះ​ក្បាយ អំពី​សេចក្ដី​សន្យា​របស់​ព្រះ​អម្ចាស់ ដល់​ពួក​អ៊ីស្រាអែល ជា​រាស្ដ្រ​ទ្រង់ ដែល​សេចក្តី​សន្យា​នេះ បាន​ជាប់​ទាក់​ទង​នឹង​ព្រះ​យេស៊ូវ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដែល​ទ្រង់​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ជំនួស​យើង​រាល់​គ្នា។ លោក​ស្ពើជិន​បាន​សួរ​ថា “តើ​ស្នាម​របួស នៅ​ក្នុង​ព្រះហស្ដ​ទ្រង់ គឺ​ជា​អ្វី​? . . . គឺ​ជា​ស្នាម​ឆ្លាក់ ដែល​អ្នក​ឆ្លាក់​បានយក​ដែក​គោល មក​ឆ្លាក់ ដោយ​ដំ​នឹង​ញញួរ។ ទ្រង់​បាន​ជាប់​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​ព្រះ​ទ្រង់​អាច​នឹង​ឆ្លាក់​រាស្ដ្រ​ទ្រង់ ជាប់​នៅ​លើបាត​ព្រះ​ហស្ត​របស់​ទ្រង់”។ ព្រះ​ជា​ម្ចាស់​បាន​សន្យា ថានឹង​ឆ្លាក់​រាស្រ្ដ​របស់​ទ្រង់ ជាប់​នៅ​លើ​ព្រះ​ហស្ដ​របស់​ទ្រង់  ដូច​នេះ ព្រះយេស៊ូវ​បាន​លាត​ព្រះ​ហស្ដ​របស់​ទ្រង់ នៅ​លើ​ឈើ​ឆ្កាង ​ទទួល​ការ​ដំដែក​គោល ចូល​ព្រះ​ហស្ដ​ទ្រង់ ដើម្បី​ឲ្យ​យើង​អាច​រួច​ផុត​ពី​អំពើ​បាប​របស់​យើង។

ប្រសិន​បើ នៅ​ពេល​ណា​មួយ សេចក្តី​ល្បួង​បាន​នាំ​ឲ្យ​យើង​គិត​ថា ព្រះ​ជា​ម្ចាស់​បាន​បំភ្លេច​យើង នោះ​ចូរ​យើង​គ្រាន់​តែក្រឡេក​មើល​បាត​ដៃ​របស់​យើង ហើយ​នឹក​ចាំពី​ការ​សន្យា​របស់​ព្រះ​អង្គ​ចុះ។ ទ្រង់​បាន​ដាក់​ស្នាម​ឆ្លាក់​ដែល​លប់​មិន​ជ្រះ នៅ​លើ​ព្រះ​ហស្ត​របស់​ទ្រង់ ដើម្បី​យើង​រាល់​គ្នា។ ទ្រង់​ស្រឡាញ់​យើង​ខ្លាំង​ណាស់។—Amy Boucher Pye