កាល​ពី​ម្សិល​មិញ ខ្ញុំ​បាន​ទិញ​សំបុត្រ​យន្ត​ហោះ ឲ្យ​កូន​ច្បង​របស់​ខ្ញុំ ទៅ​រៀន​នៅ​មហា​វិទ្យាល័យ។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ដែល​ឃីប៊ត​នៅ​លើ​កុំព្យូទ័រ​របស់​ខ្ញុំ នៅ​តែ​ដំណើរ​ការ ព្រោះ​នៅ​ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​បញ្ជា​ទិញ​សំបុត្រ​យន្ត​ហោះ​នោះ ខ្ញុំ​បាន​ហូរ​ទឹក​ភ្នែក​ជោគ​លើឃីប៊ត​នោះ។ ខ្ញុំ​ធ្លាប់​មាន​ភាព​រីក​រាយ នឹង​ជីវិត​ប្រចាំ​ថ្ងៃ ជា​មួយ​នឹង​កូន​ស្រី​របស់​ខ្ញុំ រយៈ​ពេល​១៨​ឆ្នាំហើយ  បានជា​ខ្ញុំ​មាន​ចិត្ត​សោក​សៅ ចំពោះ​ការ​ចាក​ចេញ​របស់​នាង។ ប៉ុន្តែ ខ្ញុំ​មិន​ចង់​ធ្វើ​ឲ្យ​កូន​របស់​ខ្ញុំ បាត់​បង់​ឱកាស នៅ​ពេល​អនាគត ដោយសារ​តែ​ខ្ញុំ​មិន​ចង់​ឲ្យ​នាង​បែក​ចេញ​ពី​ខ្ញុំ​នោះ​ឡើយ។ នាង​បាន​ដើរ​ដល់​ផ្លូវ​បំបែក នៅ​ក្នុង​ជីវិត​របស់​នាង គឺ​សក្តិ​សម នឹង​ឲ្យ​នាង​ចាប់​ផ្តើម​ធ្វើ​ដំណើរ លើ​ផ្លូវ​ថ្មី​មួយ ក្នុង​ការ​ស្វែង​យល់​ពី​ភាព​ពេញ​វ័យ ព្រម​ទាំង​ស្គាល់​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រទេស។

ខណៈ​ពេល​ដែល​រដូវ​កាល​នៃ​ភាព​ជា​ឪពុក​ម្ដាយ​ ជិត​ដល់​ទី​បញ្ចប់ រដូវ​កាល​ថ្មី​មួយ​ទៀត​ក៏​បាន​ចាប់​ផ្តើម។ វា​ប្រាកដ​ជា​នាំ​មក​នូវ​ឧប​សគ្គ និង​ការ​លំបាក ក៏​ដូច​ជា​ភាព​សប្បាយ​រីក​រាយ​ថ្មី​ៗ។ ស្តេច​សាឡូម៉ូន​ដែលជា​ស្ដេច​ទីបី នៃ​សាសន៍​អ៊ីស្រាអែល បាន​មាន​បន្ទូល​ថា ព្រះជា​ម្ចាស់​តាំង​ឲ្យ “មាន​ពេល​សំរាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សំរាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ” (សាស្ដា ៣:១)។ យើង​ជា​មនុស្ស​មាន​ការ​គ្រប់​គ្រង តិច​តួច​ណាស់ មក​លើ​ព្រឹត្ដិ​ការណ៍​ក្នុង​ជីវិត​របស់​យើង ទោះ​យើង​យល់​ថា ព្រឹត្ដិការណ៍​ទាំង​នោះ​មាន​លក្ខណៈ​អំណោយ​ផល ឬ​អត់​ក៏​ដោយ។ តែ​ព្រះ​ដែល​មាន​គ្រប់​អំណាច​ចេស្តា ទ្រង់​បាន​បង្កើត “របស់​សព្វ​សារពើ​ឲ្យ​ល្អ​ តាម​​រដូវ​កាល” (ខ.១១)។

នៅ​ក្នុង​រដូវ​នៃ​ការ​ឈឺចាប់ យើង​អាច​ជឿ​ទុក​ចិត្ត​ព្រះ​ថា ទ្រង់​នឹង​នាំ​មក​នូវ​អ្វី​ៗ​ដែល​ល្អ ចេញ​ពី​ទុក្ខ​លំបាក តាម​ពេល​វេលា​ដែល​ទ្រង់​កំណត់។ ការ​កម្សាន្ត​ចិត្ត និង​ក្ដី​អំណរ​របស់​យើង​អាច​កើត​ឡើង និង​បាត់​ទៅ​វិញ  ប៉ុន្តែ ការ​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ  “នោះ​នឹង​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប”(ខ.១៤)។ មនុស្ស​យើង​មិន​មែន​ចេះ​តែ​សប្បាយ​រីក​រាយ គ្រប់​រដូវ​កាល​នោះ​ទេ។ ពេល​ខ្លះ​ក៏​មាន​ការ​ឈឺ​ចាប់​ខ្លាំង! តែ​ទ្រង់​នៅ​តែ​អាច​នាំ​ភាព​ស្រស់​ស្អាត ចេញ​ពី​ការ​ឈឺ​ចាប់​ទាំង​នោះ។—Kirsten Holmberg