មាន​ពេល​មួយ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជា​មួយ​គ្រួសារ​ខ្ញុំ ក្នុង​ចំណោម​ហ្វូង​មនុស្ស​ជា​ច្រើន។ ខ្ញុំ​ក៏​បាន​ប៉ះ​ស្មា​កូន​ប្រុស​ខ្ញុំ ហើយប្រាប់​គាត់​ថា យើង​ត្រូវ​ដើរ​តាម​ផ្លូវ​នេះ ទើប​តាម​ទាន់​ម្តាយ ​និង​ប្អូន​ស្រី​គាត់ ដែល​នៅ​ខាង​មុខ​យើង។ ខ្ញុំ​បាន​ធ្វើ​ដូច​នេះ​កាន់​តែ​ញឹក​ញាប់ ខណៈ​ពេល​ដែល​ពេល​វេលា​កាន់​តែ​រំគិល​ទៅ​មុខ នៅ​ក្នុង​សួន​កម្សាន្ត ដែល​ក្រុម​គ្រួសារ​ខ្ញុំ​កំពុង​ចូល​ទស្សនា។ គាត់​ក៏​បានចាប់​ផ្ដើម​ធុញ ហើយ​កាន់​តែ​ងាយ​បែក​អារម្មណ៍។ ខ្ញុំ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​គាត់ មិន​ព្យាយាម​ដើរ​តាម​ពួក​គេ?

បន្ទាប់​មក ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​វិញ​ថាតើ​ខ្ញុំ​បាន​ធ្វើ​ដូច​គាត់ ប៉ុន្មាន​ដង​ហើយ? តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​បានងាក​បែរ​ចេញ​ពី​ការ​ដើរ​តាម ហើយ​ស្ដាប់​បង្គាប់​ព្រះ ដោយ​ធ្លាក់​ក្នុង​ការ​ល្បួង ដែល​នាំ​ខ្ញុំ​ឲ្យ​ដេញ​តាម អ្វី​ដែល​ខ្ញុំ​ចង់​បាន ជា​ជាង​ស្វែង​រក​ផ្លូវ​ទ្រង់?

សូម​យើង​គិត​អំពី​ពាក្យ​របស់​ហោរា​អេសាយ ដែល​ព្រះ​ជា​ម្ចាស់ បាន​បង្គាប់​ឲ្យ​ថ្លែង​ប្រាប់​ប្រជា​ជន​អ៊ីស្រាអែល​ថា “ហើយ​កាល​ណា​ឯង​រាល់​គ្នា​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង នោះ​ត្រចៀក​នឹង​ឮ​ពាក្យ​ពី​ក្រោយ​ឯង​ថា គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ”  (អេសាយ ៣០:២១)។ នៅ​ដើម​ជំពូក​នេះ ព្រះ​ទ្រង់​បាន​ស្ដី​បន្ទោស​រាស្ដ្រ​របស់​ទ្រង់ ចំពោះ​ការ​បះ​បោរ​របស់​ពួក​គេ។ ប៉ុន្តែ ព្រះ​អង្គ​បាន​សន្យា​ថា ប្រសិន​បើ​ពួក​គេ​ពឹង​ផ្អែក​កម្លាំង​របស់​ព្រះ​អង្គ ជា​ជាង​ទុក​ចិត្ត​លើ​ផ្លូវ​របស់​ខ្លួន​ឯង​(ខ.១៥) នោះ​ទ្រង់​នឹង​បង្ហាញ​ភាព​ទន់​ភ្លន់ និង​ការ​អាណិត​អាសូរ ដល់​ពួក​គេ​(ខ.១៨)។

ព្រះ​ទ្រង់​បង្ហាញ​សេចក្ដី​សប្បុរស​របស់​ទ្រង់​ដល់​យើង តាម​រយៈ​សេចក្តី​សន្យា​ថា នឹង​ដឹក​នាំ​យើង ដោយ​ព្រះ​វិញ្ញាណ​របស់​ទ្រង់។ ការ​នោះ​អាច​កើត​ឡើង​បាន នៅ​ពេល​យើង​ទូល​ថ្វាយ​ទ្រង់ ពី​បំណង​ចិត្ត​របស់​យើង ហើយ​ទូល​សូម​អ្វី​ ដែល​ទ្រង់​មានសម្រាប់​យើង។ ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​តែង​តែ​អត់​ធ្មត់ ក្នុង​ការ​ដឹក​នាំ​យើង ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​មួយ​ជំហាន​ម្ដង​ៗ កាល​ណា​យើង​ទុក​ចិត្ដ​ទ្រង់ ហើយ​ស្ដាប់​តាម​ព្រះ​សូរសៀង​របស់​ទ្រង់។—Adam Holz