មីហ្កាលូ (Migaloo) គឺ​ជា​ឈ្មោះ ដែល​គេ​បាន​ដាក់​ឲ្យ​ត្រី​បាឡែន​ខ្នង​កោង​មួយ​ក្បាល ដែល​គេ​បាន​ធ្វើ​ការ​សិក្សា ចង​ក្រង​ជា​ឯក​សារ​សត្វ។ គេ​បាន​សង្កេត​ឃើញ​វា​ជា​ច្រើន​ដង នៅ​ក្បែរ​ឆ្នេរ​សមុទ្រ រដ្ឋ​ឃ្វីនលែន ខាង​ត្បូង នៃ​ប្រទេស​អូស្រ្តាលី។ សត្វ​ដ៏​ស្អាត​អស្ចារ្យ​នេះ ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា មាន​ប្រវែង​ជាង​១២ម៉ែត្រ គឺ​ជា​សត្វ​ដ៏​កម្រ​ខ្លាំង​ណាស់ បាន​ជា​ប្រទេស​អូស្ត្រាលី​បាន​អនុម័ត​ច្បាប់ ដើម្បី​ការពារ​វា។

ព្រះ​គម្ពីរ​បាន​ចែង​អំពី “ត្រីធំ”មួយ​ក្បាល ដែល​កម្រ​នឹង​មាន​ណាស់ បាន​ជា​ព្រះ​ទ្រង់​បាន​ប្រើ​វា ជា​ពិសេស ឲ្យ​លេប​ហោរាដែល​គេច​វេស​ពី​ការ​ត្រាស់​ហៅ​របស់​ទ្រង់ (យ៉ូណាស ១:១៧)។ គ្រីស្ទ​បរិស័ទ​ភាគ​ច្រើន បាន​ដឹង​អំពី​រឿង​នេះ។ ព្រះ​ទ្រង់​បាន​បង្គាប់​លោក​យ៉ូណាស ឲ្យ​ទៅ​ប្រកាស អីពី​ការ​ជំនុំ​ជំរះ ដល់​អ្នក​ក្រុង​នីនីវេ។ ប៉ុន្ដែ លោក​យ៉ូណាស​មិន​ចង់​ពាក់​ព័ន្ធ​នឹង​ពួក​អ្នក​ក្រុងនីនីវេ​ទេ ដែល​ពួក​នោះ​មាន​កេរ្តិ៍​ឈ្មោះ​សាហាវ​ឃោរឃៅ ចំពោះ​មនុស្ស​គ្រប់​គ្នា រួម​ទាំង​ពួក​ហេព្រើរ​ផង​ដែរ។ ដូច្នេះ គាត់​ក៏​រត់​គេច​ ពី​ការ​ត្រាស់​ហៅ។ គាត់​ក៏​បាន​ជួប​រឿង​អាក្រក់។ ពេល​សត្វ​ត្រី​លេប​គាត់ គាត់​ក៏​បាន​ប្រែ​ចិត្ដ កាល​នៅ​ក្នុង​ពោះ​ត្រី​នោះ។ នៅ​ទី​បំផុត គាត់​ក៏​បាន​ថ្លែង​ព្រះ​រាជ​សារ​របស់​ព្រះ​ជា​ម្ចាស់​ ដល់​ពួក​អ្នក​ក្រុង​នីនីវេ ហើយ​ពួក​គេ​ក៏​បាន​ប្រែ​ចិត្ដ​ផង​ដែរ(៣:៥-១០)។

នេះ​ជា​រឿង​ដ៏​អស្ចារ្យ​ណាស់ មែន​ទេ? ប៉ុន្តែ រឿង​នេះ​មិន​ទាន់​ចប់​តែ​ត្រឹម​ហ្នឹង​ទេ។  ខណៈ​ពេល​ដែល​ពួក​អ្នក​ក្រុង​នីនីវេ​ប្រែ​ចិត្ត លោក​យ៉ូណាស​ក៏​បាន​រអ៊ូរទាំ។​ គាត់​អធិស្ឋាន​ថា “ឱ​ព្រះយេហូវ៉ា​អើយ តើ​មិន​មែន​ជា​សេចក្តី​នេះ​ឯង​ ដែល​ទូល​បង្គំ​បាន​ថា…​ទេ​ឬ​អី? ​ទូលបង្គំ​បាន​ដឹង​ថា ទ្រង់​ជា​ព្រះ​ដ៏​ប្រកប​ដោយ​ករុណា​គុណ ក៏​មាន​ព្រះហឫទ័យ​អាណិតអាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្តី​សប្បុរស​ជា​បរិបូរ” (៤:២)។ ទោះ​បីជា​ព្រះ​ទ្រង់​បាន​សង្រ្គោះ​គាត់ ឲ្យ​រួច​ពី​ការ​ស្លាប់​នៅ​ក្នុង​ពោះត្រី​វិញ​ក៏​ដោយ ក៏​កំហឹង​នៃ​អំពើ​បាប​របស់​គាត់ បាន​ក្ដៅ​ឡើង រហូត​គាត់​ហ៊ាន​អធិស្ឋាន សូម​ឲ្យ​ព្រះ​ដក​ជីវិត​គាត់(ខ.៣)។

ចំណុច​សំខាន់​នៃ​រឿង​លោក​យ៉ូណាស មិន​មែន​និយាយ​អំពី​ត្រី​នោះ​ទេ។  រឿង​នេះ​និយាយ អំពី​លក្ខណៈ​ជា​មនុស្ស និងលក្ខណៈ​របស់​ព្រះ ដែល​តាម​រក​យើង។ សាវ័ក​ពេត្រុស​បាន​ថ្លែង​ថា “គឺ​ទ្រង់​មាន​ព្រះហឫ​ទ័យ​អត់​ធ្មត់​នឹង​យើង​រាល់​គ្នា​វិញ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ” (២ពេត្រុស ៣:៩)។ ព្រះ​ទ្រង់​ប្រទាន​សេចក្ដីស្រឡាញ់​របស់​ទ្រង់ ដល់​ពួក​អ្នក​ក្រុង​នីនីវេ ដែល​ជា​មនុស្ស​ឃោរឃៅ និង​ដល់​លោក​ហោរា​ដែល​ទាស់​ចិត្ត ហើយ​ដល់​អ្នក និង​ខ្ញុំ​ផង​ដែរ។—Tim Gustafson