ក្នុង​រយៈ​ពេល​ដំបូង​ នៃ​ជីវិត​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ ខ្ញុំ​បាន​ខិត​ខំ​ស្វែង​យល់​ អំពី​ចំណង់​ចំណូល​ចិត្ដ​របស់​ភរិយា​ខ្ញុំ។ តើគាត់​ចង់​ញ៉ាំ​អាហារ​ពេល​ល្ងាច ដ៏​ស្ងប់​ស្ងាត់​នៅ​ផ្ទះ ឬ​ទៅ​ញ៉ាំ​អាហារ នៅ​ភោជ្ជនីយ​ដ្ឋាន​ថ្លៃ​ៗ? តើ​វា​មិន​អី​ទេ​ឬ ដែល​ខ្ញុំ​ទៅ​ចំណាយពេល​ជា​មួយ​មិត្ត​ភក្តិ​ប្រុស​ៗ ឬ​គាត់​រំពឹង​ថា ខ្ញុំ​នឹង​ទុក​ពេល​ទំនេរ ចុង​សប្តាហ៍​សម្រាប់​គាត់?  មាន​ពេល​មួយ ខ្ញុំ​មិន​បាន​ទាយ​ស្មាន និង​ធ្វើ​ការ​សម្រេច​ចិត្ត​តែ​ម្នាក់​ឯង​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា តើ​គាត់​ចង់​បាន​មួយ​ណា?

គាត់​ក៏​បាន​ឆ្លើយ ដោយ​ញញឹម​យ៉ាង​កក់​ក្តៅ​ថា ខ្ញុំ​រើស​យក​មួយ​ណា ក៏​បាន​ដែរ។ គាត់​សប្បាយ​ចិត្ត​ណាស់ ដែល​ខ្ញុំ​បាន​គិត​ដល់​គាត់។

ពេល​ខ្លះ ខ្ញុំ​ពិត​ជា​ចង់​ដឹង​ច្បាស់​ថា ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ ហើយ​តើ​ទ្រង់​សព្វ​ព្រះ​ទ័យ ឲ្យ​ខ្ញុំ​ជ្រើស​រើស​ការងារ​មួយ​ណា។ បើ​គ្រាន់​តែ​អធិស្ឋាន​ទូល​សូម​ការ​ដឹក​នាំ និង​អាន​ព្រះ​គម្ពីរ ​គឺ​មិន​ទាន់​គ្រប់​គ្រាន់​ល្មម នឹង​ឲ្យ​ខ្ញុំ​ទទួល​ចម្លើយ​ដ៏​ជាក់​លាក់​ណា​មួយ​ឡើយ។ ប៉ុន្តែ មាន​ចម្លើយ​មួយ ដែល​ខ្ញុំ​ដឹង​ច្បាស់ នោះ​គឺ​ខ្ញុំ​ត្រូវ​ទុក​ចិត្ត​លើ​ព្រះ​អម្ចាស់ ហើយ​ត្រូវ​មាន​ក្ដី​អំណរ​ក្នុង​ទ្រង់ ព្រម​ទាំង​ត្រូវ​ថ្វាយ​គ្រប់​ទាំង​ផ្លូវ​របស់​ខ្ញុំ​ដល់​ទ្រង់ (ទំនុក​ដំកើង ៣៧:៣-៥)។

គឺ​ពេល​នោះ​ហើយ ដែល​ខ្ញុំ​ដឹង​ថា តាម​ធម្មតា ព្រះ​ជា​ម្ចាស់​បាន​ប្រទាន ឲ្យ​យើង​មាន​សេរីភាព ក្នុង​ការ​ជ្រើស​រើស ឲ្យ​តែ​យើង​ព្យាយាម​យក​ផ្លូវ​ទ្រង់​ជា​ទី​មួយ ជា​ជាង​រើស​យក​ផ្លូវ​ខ្លួន​ឯង។ បាន​សេចក្តី​ថា យើង​ត្រូវ​ជម្រុះ​ចោល​ជម្រើស​ណា​ដែល​ខុស ឬទ្រង់​មិន​សព្វ​ព្រះ​ទ័យ ដូច​ជា អំពើ​អសីល​ធម៌ អំពើ​បាប ឬ​អំពើ​ដែល​មិន​ចម្រើន ដល់​ទំនាក់​ទំនង​របស់​យើង ជា​មួយ​ទ្រង់។ បើ​មាន​ជម្រើស​ណា​ទៀត ដែល​គាប់​ព្រះ​ហប្ញ​ទ័យ​ព្រះ នោះ​យើង​អាច​រើស​យក​ជម្រើស​នោះ ដោយ​បញ្ញា​ចិត្ត​ជ្រះ​ថ្លា។ ព្រះ​វរបិ​តាដែល​ពេញ​ដោយ​សេចក្តី​ស្រឡាញ់ ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​បាន​ដូច​បំណង ដរាប​ណា​យើង​យក​ទ្រង់​ជា​ក្តី​អំណរ​របស់​យើង(ខ.៤)។-LESLIE KOH