ក្នុង​អំឡុង​ពេល​វិស្សម​កាល កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ និង​ភរិយា​ខ្ញុំ បាន​ទៅ​ទស្សនា​កន្លែង​ហ្វឹក​ហាត់​របស់​ពួក​អត្ត​ពលិក​។ ទីកន្លែង​នោះ​បាន​បើក​ចំហរ​ទ្វារ​ធំ​ៗ ហើយ​មើល​ទៅ គេ​ហាក់​ដូច​ជា​ទទួល​ស្វាគមន៍ ឲ្យ​យើង​ចូល​មើល​កន្លែង​របស់​គេ។ យើង​ក៏​បាន​ដើរ​ទស្សនា​ទី​លាន​ទាំង​ឡាយ ដោយ​ការ​ស្ញើច​សរសើរ​វាល​ស្មៅ ដែល​បាន​កាត់​តម្រឹម​បាន​ល្អ។ ពេលដែល​យើង​ហៀប​នឹង​ចាក​ចេញ​ទៅ មាន​មនុស្ស​ម្នាក់​បាន​មក​ឃាត់​ដំណើរ​យើង ហើយ​ក៏​បាន​និយាយ​ដោយ​ខ្វះ​ការ​គួរសម ចំពោះ​យើង​ថា យើង​មិន​គួរ​ចូល​មក​ក្នុង​កន្លែង​នោះ​ឡើយ។ ភ្លាម​ៗ​នោះ យើង​ក៏​បាន​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជាអ្នក​ខាង​ក្រៅ ហើយ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ។

ក្នុង​ពេល​វិស្សម​កាល​លើក​នោះ យើង​ក៏​បាន​ទៅ​ទស្សនា​ព្រះ​វិហារ​មួយ​កន្លែង។ នៅ​ទីនោះ ក៏​មាន​ទ្វារ​បើក​ចំហរ​ដែរ ដូច​នេះ​យើង​ក៏​បាន​ដើរ​ចូល។ ទី​នោះ​ពិត​ជា​មាន​ការ​ខុស​ប្លែក​ណាស់។ មាន​មនុស្ស​ជា​ច្រើន បាន​ចេញ​មក​ស្វាគមន៍​យើង យ៉ាង​កក់​ក្តៅ ហើយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ទីនោះ​ដូច​ផ្ទះ​យើង​អញ្ចឹង។ យើង​ក៏​បាន​ដើរ​ចេញ ពី​កម្ម​វិធី​ថ្វាយ​បង្គំនៅ​ព្រះវិហារ​នោះ ដោយ​ដឹង​ថា គេ​បាន​ទទួល​យក និង​ស្វាគមន៍​យើង​យ៉ាង​កក់​ក្តៅ។

គួរ​ឲ្យ​ស្តាយ​ណាស់ វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ ដែល​អ្នក​ខាង​ក្រៅ​មាន​អារម្មណ៍​ថា គេ​មិន​បាន​ទទួល​ស្វាគមន៍​ខ្លួន នៅក្នុង​ព្រះ​វិហារ​ណា​មួយ។ ប៉ុន្តែ ព្រះទ្រង់​បាន​ប្រាប់​យើង ឲ្យ​មាន​ភាព​រួស​រាយ​រាក់​ទាក់ ចំពោះ​មនុស្ស​ទាំង​អស់។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា យើង​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​យើង ដូច​ខ្លួន​ឯង ដែល​មាន​ន័យ​ថា យើង​ត្រូវ​ស្វាគមន៍​ពួក​គេ ចូល​ទៅ​ក្នុង​ជីវិត និង​ព្រះវិហារ​យើង(ម៉ាថាយ ២២:៣៩)។ យ៉ាង​ណា​មិញ ព្រះគម្ពីរ​ហេព្រើរ​បាន​ក្រើន​រំឭក​យើង ឲ្យ “បង្ហាញ​ចេញ​នូវ​ភាព​ចៅរ៉ៅ ចំពោះ​មនុស្ស​ដែល​យើង​មិន​ស្គាល់”(១៣:២)។ បទ​គម្ពីរ​លូកា និង​បទ​គម្ពីរ​សំបុត្រ​របស់សាវ័ក​ប៉ុល សុទ្ធ​តែ​បាន​បង្រៀន​យើង ឲ្យ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ដ៏​សកម្ម ដល់​អ្នក​ដែល​មាន​តម្រូវ​ការ​ផ្នែក​សង្គម និង​ផ្លូវ​កាយ​(លូកា ១៤:១៣-១៤ រ៉ូម ១២:១៣)។ ហើយ​ក្នុង​ចំណោម​រូប​កាយ​នៃ​ព្រះ​គ្រីស្ទ យើង​មាន​ការទទួល​ខុស​ត្រូវ​ដ៏​ពិសេស នៅ​ក្នុង​ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់(កាឡាទី ៦:១០)។

ពេល​ដែល​យើង​ស្វាគមន៍​មនុស្ស​ទាំង​អស់ ដោយ​បើក​ចំហរ និង​ដោយ​សេចក្តី​ស្រឡាញ់ ដូច​ព្រះ​គ្រីស្ទ មាន​ន័យ​ថា យើង​បាន​បង្ហាញ​ឲ្យ​គេ​ស្គាល់​សេចក្តី​ស្រឡាញ់ និង​សេចក្តី​អាណិត​របស់​ព្រះ​អង្គ​សង្គ្រោះ។—DAVE BRANON