ក្នុងអំឡុងពេលវិស្សមកាល កាលពីពេលថ្មីៗនេះ ខ្ញុំ និងភរិយាខ្ញុំ បានទៅទស្សនាកន្លែងហ្វឹកហាត់របស់ពួកអត្តពលិក។ ទីកន្លែងនោះបានបើកចំហរទ្វារធំៗ ហើយមើលទៅ គេហាក់ដូចជាទទួលស្វាគមន៍ ឲ្យយើងចូលមើលកន្លែងរបស់គេ។ យើងក៏បានដើរទស្សនាទីលានទាំងឡាយ ដោយការស្ញើចសរសើរវាលស្មៅ ដែលបានកាត់តម្រឹមបានល្អ។ ពេលដែលយើងហៀបនឹងចាកចេញទៅ មានមនុស្សម្នាក់បានមកឃាត់ដំណើរយើង ហើយក៏បាននិយាយដោយខ្វះការគួរសម ចំពោះយើងថា យើងមិនគួរចូលមកក្នុងកន្លែងនោះឡើយ។ ភ្លាមៗនោះ យើងក៏បាននឹកចាំថា យើងគ្រាន់តែជាអ្នកខាងក្រៅ ហើយរឿងនេះបានធ្វើឲ្យយើងមានអារម្មណ៍មិនល្អ។
ក្នុងពេលវិស្សមកាលលើកនោះ យើងក៏បានទៅទស្សនាព្រះវិហារមួយកន្លែង។ នៅទីនោះ ក៏មានទ្វារបើកចំហរដែរ ដូចនេះយើងក៏បានដើរចូល។ ទីនោះពិតជាមានការខុសប្លែកណាស់។ មានមនុស្សជាច្រើន បានចេញមកស្វាគមន៍យើង យ៉ាងកក់ក្តៅ ហើយធ្វើឲ្យយើងមានអារម្មណ៍ថា ទីនោះដូចផ្ទះយើងអញ្ចឹង។ យើងក៏បានដើរចេញ ពីកម្មវិធីថ្វាយបង្គំនៅព្រះវិហារនោះ ដោយដឹងថា គេបានទទួលយក និងស្វាគមន៍យើងយ៉ាងកក់ក្តៅ។
គួរឲ្យស្តាយណាស់ វាមិនមែនជារឿងចម្លែកទេ ដែលអ្នកខាងក្រៅមានអារម្មណ៍ថា គេមិនបានទទួលស្វាគមន៍ខ្លួន នៅក្នុងព្រះវិហារណាមួយ។ ប៉ុន្តែ ព្រះទ្រង់បានប្រាប់យើង ឲ្យមានភាពរួសរាយរាក់ទាក់ ចំពោះមនុស្សទាំងអស់។ ព្រះយេស៊ូវមានបន្ទូលថា យើងត្រូវស្រឡាញ់អ្នកជិតខាងយើង ដូចខ្លួនឯង ដែលមានន័យថា យើងត្រូវស្វាគមន៍ពួកគេ ចូលទៅក្នុងជីវិត និងព្រះវិហារយើង(ម៉ាថាយ ២២:៣៩)។ យ៉ាងណាមិញ ព្រះគម្ពីរហេព្រើរបានក្រើនរំឭកយើង ឲ្យ “បង្ហាញចេញនូវភាពចៅរ៉ៅ ចំពោះមនុស្សដែលយើងមិនស្គាល់”(១៣:២)។ បទគម្ពីរលូកា និងបទគម្ពីរសំបុត្ររបស់សាវ័កប៉ុល សុទ្ធតែបានបង្រៀនយើង ឲ្យបង្ហាញចេញនូវសេចក្តីស្រឡាញ់ដ៏សកម្ម ដល់អ្នកដែលមានតម្រូវការផ្នែកសង្គម និងផ្លូវកាយ(លូកា ១៤:១៣-១៤ រ៉ូម ១២:១៣)។ ហើយក្នុងចំណោមរូបកាយនៃព្រះគ្រីស្ទ យើងមានការទទួលខុសត្រូវដ៏ពិសេស នៅក្នុងការបង្ហាញចេញនូវសេចក្តីស្រឡាញ់(កាឡាទី ៦:១០)។
ពេលដែលយើងស្វាគមន៍មនុស្សទាំងអស់ ដោយបើកចំហរ និងដោយសេចក្តីស្រឡាញ់ ដូចព្រះគ្រីស្ទ មានន័យថា យើងបានបង្ហាញឲ្យគេស្គាល់សេចក្តីស្រឡាញ់ និងសេចក្តីអាណិតរបស់ព្រះអង្គសង្គ្រោះ។—DAVE BRANON