មុន​ពេល​ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ​មាន​កូន គ្មាន​នរណា​ប្រាប់​យើង​ថា ការ​ច្រៀង​ចម្រៀង​ឲ្យ​ក្មេង​ៗ​ស្តាប់ មាន​សារៈ​សំខាន់​ប៉ុណ្ណា​ទេ។ សព្វ​ថ្ងៃ​នេះ កូន​ទីមួយ​មាន​អាយុ​១០​ឆ្នាំ កូន​ទីពីរ​មាន​អាយុ​៨​ឆ្នាំ ហើយ​កូន​ទី​៣ អាយុ​៦​ឆ្នាំ។ ប៉ុន្តែ ពួក​គេ​ទាំង​បី សុទ្ធ​តែ​ពិបាក​ចូល​គេង ពី​ព្រលប់។ រៀង​រាល់​យប់ ខ្ញុំ​និង​ភរិយា​ខ្ញុំ បាន​ដាក់​វេណ​គ្នា បំពេរ​ពួក​គេ។ ពួក​គេកាន់​តែ​ឆាប់​គេង​លក់ កាន់​តែ​ល្អ។ តាំង​ពី​ដើម​មក ​ខ្ញុំ​បាន​ចំណាយ​ពេល​ជា​សរុប រាប់​រយ​ម៉ោង ច្រៀង​រហឹម​ៗ ឲ្យ​ពួក​គេ​ឆាប់​គេង​លក់។ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ច្រៀង​ឲ្យ​កូន​ៗ​យើង​គេង ជា​រៀង​រាល់​យប់ អ្វី​ដែល​អស្ចារ្យ​នោះ គឺ​ការ​ច្រៀង​បំពេរ​នេះ បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​ចំណង​នៃ​សេចក្តី​ស្រឡាញ់​កាន់​តែ​ជ្រាល​ជ្រៅ ចំពោះ​ពួក​គេ លើស​ក្តី​ស្រមៃ​របស់​ខ្ញុំ។​

តើ​អ្នក​ដឹង​ទេ​ថា ព្រះ​គម្ពីរ​បាន​ពិពណ៌នា​ថា ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ ក៏​កំពុង​តែ​ច្រៀង​បំពេរ​កូន​ៗ​របស់​ទ្រង់ផងដែរ? ពេល​ដែល​ខ្ញុំ​គិត​អំពី​ការ​ដែល​ខ្ញុំ​ច្រៀង​ឲ្យ​កូន​ខ្ញុំ​ស្តាប់ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ការ​ដែល ព្រះ​វរបិតា​ដែលគង់​នៅ​ស្ថាន​សួគ៌ បាន​បញ្ចេញ​ព្រះ​សូរ​សៀង​ច្រៀង សម្រាប់​រាស្រ្ត​ទ្រង់។ នៅ​ចុង​បញ្ចប់​នៃ​កណ្ឌ​គម្ពីរ​សេផានា ​មាន​សេច​ក្តី​ចែង​ថា ទ្រង់​នឹង​មាន​សេចក្តី​រីក​រាយ​អរ​សប្បាយ​ចំពោះ​ឯង ទ្រង់​នឹង​សំរាក​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង(៣:១៧)។

កណ្ឌ​គម្ពីរ​នៃ​បទ​ទំនាយ របស់​ហោរា​សេផានា ច្រើន​តែ​ដាស់​តឿន អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ​ជា​ម្ចាស់ ដែល​នឹង​ធ្លាក់មក​លើ​អ្នក​ដែល​បដិសេធ​ទ្រង់។ ប៉ុន្តែ បទ​គម្ពីរ​នេះ​មិន​បាន​ចប់​តែ​ប៉ុណ្ណេះ​ទេ។ លោក​សេផានាមិន​បាន​សរសេរ​បញ្ចប់ បទគម្ពីរ​របស់​គាត់ ដោយ​និយាយ​អំពី​ការ​ជំនុំ​ជម្រះ​នោះ​ឡើយ តែ​បាន​ពិពណ៌នា​ថា ព្រះ​ទ្រង់​មិន​គ្រាន់​តែ​រំដោះ​រាស្រ្ត​ទ្រង់ ឲ្យ​រួច​ពី​ទុក្ខ​វេទនា​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ(ខ.១៩-២០) ប៉ុន្តែ ថែម​ទាំង​ស្រឡាញ់ និង​អរ​សប្បាយ​ចំពោះ​ពួក​គេ ដោយ​បទ​ចម្រៀង​ដ៏​ស្រទន់(ខ.១៧)។

ព្រះ​វរបិតា​នៃ​យើង មិន​គ្រាន់​តែ​ជា “​ព្រះ​ដ៏​មាន​ឥទ្ធិ​ឫទ្ធិ ដែល​ជួយ​សង្រ្គោះ” ហើយ​ស្អាង​ឡើង​វិញ(ខ.១៧)​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជា​ព្រះ​វរបិតា​នៃ​សេចក្តី​ស្រឡាញ់ ដែល​បាន​ច្រៀង​ចម្រៀង​នៃ​សេចក្តី​ស្រឡាញ់ សម្រាប់​យើង។—ADAM HOLZ