មាន​ពេល​មួយ លោក​ខេរិន ហៀលី(Kieran Healy) បាន​មើល​វិក្កិយ​ប័ត្រ​ទឹក ឃើញ​ថា នៅ​ខែ​មុន​គាត់​បាន​ប្រើ​ទឹក ក្នុង​បរិមាណ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ នេះ​មិន​មែន​ជា​រឿង​ធម្មតា​ទេ ដែល​ពល​រដ្ឋ​នៅ​រដ្ឋ​ឃែរ៉ូឡាយណា ខាង​ជើង​រូប​នេះ ឃើញ​គេ​ជូន​ដំណឹង​ថា គាត់​បាន​ជំពាក់​រដ្ឋាករ​ទឹក ១០០​លាន​ដុល្លា សម្រាប់​ការ​ប្រើ​ប្រាស់​ទឹក​ខែ​មុន។ រឿង​នេះ អាចធ្វើ​ឲ្យ​អ្នកខ្លះ​គាំង​បេះដូង​បាន។ តែ​គាត់​មាន​ទំនុក​ចិត្ត​ថា គាត់​មិន​បាន​ប្រើ​ទឹក​អស់​ច្រើន​យ៉ាង​នេះ​ទេ។ គាត់​ក៏​បាន​សួរ​គេ បែប​កំប្លែង​លេង​ថា តើ​គាត់​អាច​បង់​រំលួស​បាន​អត់។

ការ​ជំពាក់​លុយ​១០០​លាន​ដុល្លា ជា​បន្ទុក​ដែល​ធ្ងន់​ហួស​ពី​លទ្ធភាព​ដែល​យើង​អាច​ទទួល ប៉ុន្តែ បន្ទុក​នេះ​មិន​ធ្ងន់​ទេ បើ​ធៀប​នឹង​បន្ទុក​ដែល​មិន​អាច​វាស់​បាន ដែល​អំពើ​បាប​បាន​ដាក់​ឲ្យ​យើង​ទទួល។ ការ​ព្យាយាម​សែង​បន្ទុក និង​ជៀស​វាង​លទ្ធ​ផល​នៃ​អំពើ​បាប​របស់​យើង នឹង​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ហត់​នឿយ ហើយ​ពេញ​ដោយ​ការ​ប្រកាន់​ទោស​ខ្លួនឯង និង​ភាព​ខ្មាស់​អៀន។ ជា​ការ​ពិត​ណាស់ យើង​មិន​មាន​លទ្ធ​ភាព​សែង​បន្ទុក​នេះ​បាន​ឡើយ។

ហើយ​ព្រះ​ទ្រង់​ក៏​មិន​បាន​បង្កើត​យើង​មក សម្រាប់​ឲ្យ​សែង​បន្ទុក​នៃ​អំពើ​បាប​ដែរ។ គឺ​ដូច​ដែល​សាវ័ក​ពេត្រុស​បាន​រំឭក​អ្នក​ជឿ​ទាំង​ឡាយ​ថា មាន​តែ​ព្រះ​យេស៊ូវ​ទេ ដែល​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដែល​គ្មាន​បាប ដែល​អាច​សែង​បន្ទុក​នៃ​អំពើ​បាប​របស់​យើង ហើយ​ទទួល​ទម្ងន់​នៃ​លទ្ធ​ផល​នៃ​អំពើ​បាប​នោះ​បាន​(១ពេត្រុស ២:២៤)។ កាល​ព្រះ​យេស៊ូវ​សុគតនៅ​លើ​ឈើ​ឆ្កាង ទ្រង់​បាន​ទទួល​អំពី​បាប​ទាំង​អស់​របស់​យើង មក​លើ​ព្រះ​អង្គ​ទ្រង់ ហើយ​ក៏​បាន​ប្រទាន​ការ​អត់​ទោស​បាប ដល់​យើង​រាល់​គ្នា។ ដោយ​សារ​ទ្រង់​បាន​សែង​បន្ទុក​យើង​ហើយ នោះ​យើង​មិន​ចំា​បាច់​ត្រូវ​ទទួល​រង​ការ​ជំនុំ​ជម្រះ ដែល​យើង​សម​នឹង​ទទួល​នោះ​ឡើយ។

យើង​មិន​ត្រូវ​រស់​នៅ ក្នុង​ការ​ភ័យ​ខ្លាច ឬ​កំហុស ឬ​“​កិរិយា​ឥត​ប្រយោជន៍ ដែល​បាន​ត​ពី​ពួក​ឰយុកោ​មក”(១:១៨)  នោះ​ឡើយ ផ្ទុយ​ទៅ​វិញ យើង​អាច​អរ​សប្បាយ​នឹង​ជីវិត​ថ្មី ដែល​ពេញ​ដោយ​សេចក្តី​ស្រឡាញ់ និង​សេរី​ភាព​(ខ.២២-២៣)។—MARVIN WILLIAMS