កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ខ្លាច​ទឹក ប៉ុន្តែ ប៉ា​របស់​ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​រៀន​ហែល​ទឹក។ គាត់​នាំ​ខ្ញុំ​ទៅ​កន្លែង​ជ្រៅ​លិច​ក្បាល​ខ្ញុំ នៅ​ក្នុង​អាងហែល​ទឹក ដែល​មាន​តែ​គាត់​ម្នាក់​ដែល​ចាំ​ជួយ​ខ្ញុំ។ បន្ទាប់​មក គាត់​ក៏​បាន​បង្រៀន​ខ្ញុំ​ឲ្យ​សម្រួល​អារម្មណ៍ ហើយ​បណ្តែត​ខ្លួន​នៅ​លើ​ទឹក។ ពេល​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច ខ្ញុំ​ក៏​បាន​ប្រាប់​គាត់ កុំ​ឲ្យ​លែង​ខ្ញុំ។ ហើយ​គាត់​ក៏​បាន​សន្យា​ថា គាត់​នឹង​មិន​ទុក​ខ្ញុំ​ចោល​ឡើយ គាត់​បាន​កាន់​ខ្ញុំ​ជាប់​ហើយ។

វា​មិន​គ្រាន់​តែ​ជា​ការ​រៀន​ហែល​ទឹក​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​រៀន​ទុក​ចិត្ត​ផង​ដែរ។ ខ្ញុំ​ដឹង​ថា ប៉ា​ខ្ញុំ​ស្រឡាញ់​ខ្ញុំ ហើយ​នឹង​មិនដែល​មាន​បំណង ទុក​ឲ្យ​ខ្ញុំ​មាន​គ្រោះ​ថ្នាក់​ឡើយ តែ​ខ្ញុំ​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង។ ខ្ញុំ​បាន​តោង​កគាត់​យ៉ាង​ណែន ទាល់​តែ​គាត់​ផ្តល់​ការ​ធានា​ថា អ្វី​ៗ​នឹង​ល្អ​ប្រសើរ​ឡើង។ ទី​បំផុត ការ​អត់​ធ្មត់ និង​ភាព​សប្បុរស​របស់​គាត់ ក៏​បាន​ទទួល​ជោគ​ជ័យ ហើយ​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ហែល​ទឹក។ ប៉ុន្តែ ខ្ញុំ​ត្រូវ​តែ​ទុក​ចិត្ត​គាត់​ជា​មុន​សិន។

ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ទាល់​ច្រក មិន​អាច​ចេញ​ពី​ការ​លំបាក​បាន ជួន​កាល ខ្ញុំ​ក៏​បាន​នឹក​គិត​ដល់​ពេល​នោះ។ ការនេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ដែល​ព្រះ​អម្ចាស់ បាន​ធានា​ដល់​រាស្រ្ត​ទ្រង់​ថា ទ្រង់​នឹង​ទ្រទ្រង់​ពួក​គេ សូម្បី​តែ​នៅ​ពេលដែល​ពួក​គេ​ចាស់​ជរា។ ទ្រង់​បាន​បង្កើត​ពួក​គេ ហើយ​ទ្រង់​នឹង​បី​ពួក​គេ(អេសាយ ៤៦:៤)។

យើង​មិន​តែង​តែ​អាច​មាន​អារម្មណ៍​ថា ព្រះ​ហស្ត​របស់​ព្រះ​ជា​ម្ចាស់ កំពុង​តែ​បី​យើង​ តែ​ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​មិន​ចាក​ចេញ​ពី​យើង​ឡើយ(ហេព្រើរ ១៣:៥)។ ទ្រង់​ជួយ​ឲ្យ​យើង​រៀន​ទុក​ចិត្ត ចំពោះ​សេចក្តី​ស្មោះ​ត្រង់​របស់​ទ្រង់ ខណៈ​ពេល​ដែល​យើង​បាន​សម្រាក នៅ​ក្នុង​ការ​ថែរក្សា និង​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់។ ទ្រង់​លើក​យើង​ឡើង ឲ្យ​ខ្ពស់​ផុតការ​ព្រួយ​បារម្ភ​របស់​យើង ដើម្បី​ឲ្យ​យើង​រក​ឃើញ​សន្តិភាព​ថ្មី នៅ​ក្នុង​ទ្រង់។ —JAMES BANKS