កាលខ្ញុំនៅក្មេង ខ្ញុំខ្លាចទឹក ប៉ុន្តែ ប៉ារបស់ខ្ញុំចង់ឲ្យខ្ញុំរៀនហែលទឹក។ គាត់នាំខ្ញុំទៅកន្លែងជ្រៅលិចក្បាលខ្ញុំ នៅក្នុងអាងហែលទឹក ដែលមានតែគាត់ម្នាក់ដែលចាំជួយខ្ញុំ។ បន្ទាប់មក គាត់ក៏បានបង្រៀនខ្ញុំឲ្យសម្រួលអារម្មណ៍ ហើយបណ្តែតខ្លួននៅលើទឹក។ ពេលខ្ញុំមានការភ័យខ្លាច ខ្ញុំក៏បានប្រាប់គាត់ កុំឲ្យលែងខ្ញុំ។ ហើយគាត់ក៏បានសន្យាថា គាត់នឹងមិនទុកខ្ញុំចោលឡើយ គាត់បានកាន់ខ្ញុំជាប់ហើយ។
វាមិនគ្រាន់តែជាការរៀនហែលទឹកប៉ុណ្ណោះទេ តែជាការរៀនទុកចិត្តផងដែរ។ ខ្ញុំដឹងថា ប៉ាខ្ញុំស្រឡាញ់ខ្ញុំ ហើយនឹងមិនដែលមានបំណង ទុកឲ្យខ្ញុំមានគ្រោះថ្នាក់ឡើយ តែខ្ញុំនៅតែមានការភ័យខ្លាចខ្លាំង។ ខ្ញុំបានតោងកគាត់យ៉ាងណែន ទាល់តែគាត់ផ្តល់ការធានាថា អ្វីៗនឹងល្អប្រសើរឡើង។ ទីបំផុត ការអត់ធ្មត់ និងភាពសប្បុរសរបស់គាត់ ក៏បានទទួលជោគជ័យ ហើយខ្ញុំក៏បានចាប់ផ្តើមហែលទឹក។ ប៉ុន្តែ ខ្ញុំត្រូវតែទុកចិត្តគាត់ជាមុនសិន។
ពេលដែលខ្ញុំមានអារម្មណ៍ទាល់ច្រក មិនអាចចេញពីការលំបាកបាន ជួនកាល ខ្ញុំក៏បាននឹកគិតដល់ពេលនោះ។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះអម្ចាស់ បានធានាដល់រាស្រ្តទ្រង់ថា ទ្រង់នឹងទ្រទ្រង់ពួកគេ សូម្បីតែនៅពេលដែលពួកគេចាស់ជរា។ ទ្រង់បានបង្កើតពួកគេ ហើយទ្រង់នឹងបីពួកគេ(អេសាយ ៤៦:៤)។
យើងមិនតែងតែអាចមានអារម្មណ៍ថា ព្រះហស្តរបស់ព្រះជាម្ចាស់ កំពុងតែបីយើង តែទ្រង់បានសន្យាថា ទ្រង់នឹងមិនចាកចេញពីយើងឡើយ(ហេព្រើរ ១៣:៥)។ ទ្រង់ជួយឲ្យយើងរៀនទុកចិត្ត ចំពោះសេចក្តីស្មោះត្រង់របស់ទ្រង់ ខណៈពេលដែលយើងបានសម្រាក នៅក្នុងការថែរក្សា និងព្រះបន្ទូលសន្យារបស់ទ្រង់។ ទ្រង់លើកយើងឡើង ឲ្យខ្ពស់ផុតការព្រួយបារម្ភរបស់យើង ដើម្បីឲ្យយើងរកឃើញសន្តិភាពថ្មី នៅក្នុងទ្រង់។ —JAMES BANKS