ខ្ញុំមានការគោរព ចំពោះភាពក្លាហានរបស់អ៊ំស្រី ក្លេឌី(Glady) ទីបីជាលក្ខណៈសម្បត្តិមួយនេះ បានធ្វើឲ្យខ្ញុំមានការព្រួយបារម្ភចំពោះគាត់ នៅពេលខ្លះក៏ដោយ។ ឧទារហណ៍ មានពេលមួយ ខ្ញុំមានការព្រួយបារម្ភ ពេលដែលគាត់បានចែកចាយប្រាប់ខ្ញុំ នៅក្នុងអ៊ីមែលរបស់គាត់ថា គាត់បានកាប់រំលំដើមវលណាត់ដ៏ធំមួយដើម កាលពីថ្ងៃម្សិលមិញ។
ខ្ញុំមានការព្រួយបារម្ភចំពោះគាត់ ព្រោះគាត់មានអាយុ៧៦ឆ្នាំហើយ។ គាត់ហ៊ានប្រើរណាយន្ត ឬត្រង់ស៊ីន័រ ដើម្បីកាប់រំលំដើមឈើនោះ ដែលបានដុះពីក្រោយបន្ទប់ដាក់ឡានរបស់គាត់។ ពេលដែលឫសរបស់ដើមឈើនោះ បានព្យាយាមផុសចេញមកតាមជញ្ជាំងស៊ីម៉ង់ គាត់ដឹងថា គាត់ត្រូវតែកាប់ដើមឈើនោះចោល។ ប៉ុន្តែ គាត់បានប្រាប់យើងថា គាត់តែងតែអធិស្ឋាន មុនពេលគាត់ចាប់ផ្តើមធ្វើកិច្ចការដ៏គ្រោះថ្នាក់ដូចនេះ។
ខណៈពេលដែលលោកនេហេមា កំពុងបម្រើការជាអ្នកថ្វាយពែងដល់ស្តេចនៃចក្រភពពើរស៊ី ក្នុងអំឡុងពេលដែលប្រជាជនអ៊ីស្រាអែល កំពុងរស់នៅជាឈ្លើយសឹក មានអ្នកខ្លះបានធ្វើដំណើរទៅទីក្រុងយេរូសាឡិមវិញ។ ពេលពួកគេវិលត្រឡប់មកវិញ គាត់ក៏បានទទួលដំណឹងថា “កំផែងនៃក្រុងយេរូសាឡិម ក៏បាក់បែក ហើយទ្វារបានឆេះអស់ផង”(នេហេមា ១:៣)។ ដោយសារកំផែងបាក់បែក នោះពួកខ្មាំងសត្រូវងាយនឹងលើកទ័ពមកវាយយកទីក្រុងយេរូសាឡិម។ លោកនេហេមាមានការអាណិតអាសូរ ចំពោះប្រជាជនរបស់គាត់ ហើយចង់ជួយពួកគេ។ ប៉ុន្តែ គាត់ត្រូវអធិស្ឋានជាមុនសិន ជាពិសេស ដោយសារស្តេចថ្មី បានសរសេរសំបុត្របង្គាប់ឲ្យគេបញ្ឈប់ការសាងសង់ នៅទីក្រុងយេរូសាឡិម(មើលអែសរ៉ា ៤)។ លោកនេហេមាក៏បានអធិស្ឋានឲ្យប្រជាជនគាត់(នេហេមា ១:៥-១០) ហើយបន្ទាប់មក គាត់ក៏បានទូលសូមជំនួយពីព្រះជាម្ចាស់ មុនពេលទូលសូមការអនុញ្ញាតិពីស្តេច ឲ្យចាកចេញទៅទីក្រុងយេរូសាឡិម(ខ.១១)។
តើអ្នកឆ្លើយតបចំពោះបញ្ហា ដោយការអធិស្ឋានដែរឬទេ? ការអធិស្ឋាន គឺជាវិធីដ៏ល្អបំផុត ដើម្បីប្រឈមមុននឹងកិច្ចការ ឬទុកលំបាក ក្នុងជីវិត។—LINDA WASHINGTON