ខ្យល់ព្យុះកំបុតត្បូងហាវេយ បាននាំមកនូវទឹកជំនន់ ដែលធ្វើឲ្យមានគ្រោះមហន្តរាយជាច្រើន នៅភាគខាងកើតនៃរដ្ឋតិចសាស់ កាលពីឆ្នាំ២០១៧។ ការវាយប្រហារដ៏ធ្ងន់ធ្ងររបស់ទឹកភ្លៀង បានបណ្តាលឲ្យប្រជាពលរដ្ឋរាប់ពាន់នាក់ ជាប់នៅក្នុងផ្ទះ មិនអាចគេចចេញពីទឹកជំនន់រួច។ មានជនស៊ីវិលជាច្រើននាក់ បាននាំយកទូកពីផ្នែកដទៃទៀតរបស់រដ្ឋតិចសាស់ និងសហរដ្ឋអាមេរិក ដើម្បីជួយសង្រ្គោះប្រជាជន ដែលបានជាប់នៅក្នុងផ្ទះទាំងនោះ ហើយគេក៏បានហៅក្រុមអ្នកជួយសង្រ្គោះនោះថា “តិចសាស់ នេវី”(កងទ័ពជើងទឹករបស់រដ្ឋតិចសាស់)។
សកម្មភាពដ៏ក្លាហាន និងសប្បុរស របស់បុរស និងស្រ្តីទាំងនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការលើកទឹកចិត្ត ដែលបានចែងក្នុងបទគម្ពីរ សុភាសិត ៣:២៧ ដែលបានបង្រៀនយើង ឲ្យជួយអ្នកដទៃ ពេលណាដែលយើងអាចធ្វើទៅបាន។ ពួកគេមានលទ្ធភាពជួយអ្នកដែលត្រូវការជំនួយ ដោយនាំយកទូករបស់ពួកគេមកតំបន់មានទឹកជំនន់។ ក្រុមអ្នកជួយសង្រ្គោះទាំងនោះបានបង្ហាញចេញនូវការស្ម័គ្រចិត្តប្រើប្រាស់ធនធានអ្វីក៏ដោយ ដែលខ្លួនមាន ជាប្រយោជន៍ដល់អ្នកដទៃ។
យើងប្រហែលជាមិនតែងតែមានអារម្មណ៍ថា យើងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីធ្វើកិច្ចការនៅចំពោះមុខនោះទេ។ ជាញឹកញាប់ យើងមានអារម្មណ៍ថា ដូចជាពិការរកធ្វើអ្វីមិនកើត ដោយគិតថា យើងខ្វះជំនាញ បទពិសោធន៍ ធនធាន ឬពេលវេលា ដើម្បីជួយអ្នកដទៃ។ ស្ថិតក្នុងពេលបែបនេះ យើងក៏បានប្រញាប់ដើរចេញ ដោយមិនបានគិតដល់អ្វីដែលខ្លួនពិតជាមាន ដែលអាចជួយអ្នកដទៃបាន។ ក្រុមជួយសង្រ្គោះតិចសាស់នេវី មិនអាចធ្វើឲ្យទឹកជំនន់ឈប់បានទេ ហើយក៏មិនអាចចេញច្បាប់ឲ្យរដ្ឋាភិបាលមកជួយភ្លាមៗបានដែរ។ ប៉ុន្តែ ពួកគេបានប្រើអ្វីដែលពួកគេមាន ដូចជាទូកជាដើម ដើម្បីមកបំពេញតម្រូវការដ៏ជ្រាលជ្រៅ របស់ជនរួមជាតិរបស់ខ្លួន។ ចូរយើងនាំយកអ្វីដែលយើងអាចប្រើបាន ដើម្បីជួយអ្នកដទៃ ដែលកំពុងត្រូវការជំនួយ។—KIRSTEN HOLMBERG