បន្ទាប់ពីអែនជី(Angie) បានតស៊ូ នៅក្នុងការរៀនសូត្រឲ្យបានចំណាត់ថ្នាក់ល្អ អស់បីបួនឆ្នាំមក ទីបំផុត គេបានដកនាងចេញពីសាលាបឋមសិក្សាដែលឈានមុខគេ ហើយក៏បានផ្ទេរទៅសាលា “ធម្មតា”។ នៅក្នុងប្រព័ន្ធអប់រំដែលមានការប្រកួតប្រជែងដ៏ខ្លាំងក្លា នៅប្រទេសសឹង្ហបូរី គេសង្ឃឹមថា ការបានទៅរៀននៅសាលា “ល្អ” នឹងនាំឲ្យពួកគេមានអនាគតល្អ ហេតុនេះហើយ មនុស្សជាច្រើនក៏បានគិតថា ការផ្ទេរចេញពីសាលាដ៏ឈានមុខនេះ គឺជាបរាជ័យរបស់អេនជី។
ឪពុកម្តាយរបស់អេនជី មានការខកចិត្ត ហើយអេនជីក៏មានអារម្មណ៍ថា នាងហាក់ដូចជាត្រូវគេទម្លាក់អញ្ចឹង។ ប៉ុន្តែ បន្ទាប់ពីនាងបានចូលរៀននៅសាលាថ្មី មិនទាន់បានយូរប៉ុន្មានផង ក្មេងស្រីអាយុ៩ឆ្នាំម្នាក់នេះ ក៏បានដឹងថា ការទៅរៀនជាមួយសិស្សចំណាត់ថ្នាក់មធ្យម មានន័យយ៉ាងណាចំពោះខ្លួននាង។ នាងក៏បានប្រាប់ម្តាយនាងថា នាងចង់រៀននៅសាលាថ្មីនេះ។ ទីបំផុត នាងមានអារម្មណ៍ថា គេបានទទួលស្វាគមន៍នាងហើយ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីលោកសាខេ ដែលមានអារម្មណ៍រំភើបយ៉ាងខ្លាំង ពេលដែលព្រះយេស៊ូវសព្វព្រះទ័យនឹងយាងចូលផ្ទះរបស់អ្នកយកពន្ធម្នាក់នេះ(លូកា ១៩:៥)។ ព្រះគ្រីស្ទសព្វព្រះទ័យនឹងសោយអាហារជាមួយ អ្នកដែលបានដឹងថាខ្លួនមានចំណុចខ្វះខាត ហើយមិនស័ក្តិសមនឹងទទួលព្រះគុណរបស់ព្រះ(ខ.១០)។ ព្រះយេស៊ូវបានរកយើង ហើយស្រឡាញ់យើង ទោះយើងមានលក្ខណៈដូចម្តេចក៏ដោយ ហើយទន្ទឹមនឹងនោះ ទ្រង់បានសន្យាថា យើងនឹងបានល្អឥតខ្ចោះ តាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។ ទ្រង់ធ្វើឲ្យយើងមានភាពល្អឥតខ្ចោះ តាមរយៈព្រះគុណរបស់ទ្រង់តែមួយប៉ុណ្ណោះ។
ជាញឹកញាប់ ខ្ញុំបានសង្កេតឃើញថា ការធ្វើដំណើរខាងវិញ្ញាណរបស់ខ្ញុំ គឺជាការតស៊ូជាប្រចាំ ដោយដឹងថា ជីវិតរបស់ខ្ញុំបានខ្វះមិនដល់សិរីល្អរបស់ព្រះជាម្ចាស់។ តែខ្ញុំមានការកម្សាន្តចិត្តណាស់ ពេលដែលបានដឹងថា ទ្រង់នៅតែទទួលស្វាគមន៍យើងជានិច្ច ទោះយើងមានចំណុចខ្វះខាតយ៉ាងណាក៏ដោយ ដោយព្រះវិញ្ញាណបរិសុទ្ធ ធ្វើការក្នុងជីវិតយើង ដើម្បីឲ្យយើងបានផ្លាស់ប្រែដូចព្រះយេស៊ូវ។ —LESLIE KOH