ការមានអារម្មណ៍ថា ខ្លួនមិនស័ក្តិសម និងអាម៉ាស់ ចំពោះអតីតកាល ដែលខ្វះការគោរពប្រតិបត្តិ ចំពោះព្រះជាម្ចាស់ បាននាំឲ្យមានផលប៉ះពាល់អវិជ្ជមាន មកលើផ្នែកនីមួយៗនៃជីវិតខ្ញុំ អស់រយៈពេលជាច្រើនឆ្នាំ។ តើខ្ញុំត្រូវគិតយ៉ាងណា បើសិនជាអ្នកដទៃបានដឹង អំពីកេរ្តិ៍ឈ្មោះមិនល្អដែលខ្ញុំធ្លាប់មានកាលពីមុន? ទោះព្រះទ្រង់បានជួយខ្ញុំ ឲ្យមានសេចក្តីក្លាហាន នៅក្នុងការអញ្ជើញអ្នកដឹកនាំពួកជំនុំ ឲ្យមកញាំអាហារថ្ងៃត្រង់ជាមួយខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែព្យាយាម ធ្វើខ្លួន ឲ្យហាក់ដូចជាល្អឥតខ្ចោះ។ ខ្ញុំបានបោសសម្អាតផ្ទះខ្ញុំ កុំឲ្យឃើញមានកន្លែងប្រឡាក់ និងរៀបចំអាហារដែលមានបីដំណាក់កាល ហើយក៏បានស្លៀកខោខៅប៊យ និងអាវដែលល្អបំផុត។
ខ្ញុំបានប្រញាប់រត់ទៅបិទទឹកស្រោចស្មៅនៅទីធ្លាមុខផ្ទះ។ ខ្ញុំបានព្យាយាមមួលក្បាលទុយោរដែលបានលិច ហើយខ្ញុំក៏បានស្រែកឡើង ពេលដែលទឹកបាញ់មកលើខ្ញុំ ធ្វើឲ្យទទឹកខ្លួនជោគ។ ខ្ញុំក៏បានយកកន្សែងពោះគោមកជូតសក់ និងជូតម្សៅនៅលើមុខ។ ខ្ញុំក៏បានផ្លាស់ខោអាវ ដោយស្លៀកខោផ្សេង និងពាក់អាវយឺតវិញ … ពេលនោះ កណ្តឹងទ្វារផ្ទះក៏បានបន្លឺឡើង។ ដោយសារអារម្មណ៍នឿយណាយ ខ្ញុំក៏បានសារភាពប្រាប់អ្នកដឹកនាំដែលជាភ្ញៀវនៅថ្ងៃនោះ អំពីរឿងដ៏គួរឲ្យអស់សំណើចដែលបានកើតឡើងកាលពីព្រឹកមិញ និងអំពីបំណងចិត្តរបស់ខ្ញុំ ដែលចង់ធ្វើឲ្យបានល្អ។ តែមិត្តភក្តិថ្មីម្នាក់នេះ ក៏បានចែករំលែកអំពីការដែលនាងធ្លាប់តយុទ្ធនឹងការភ័យខ្លាច និងការខ្វះទំនុកចិត្ត ដោយសារកំហុសពីអតីតកាល។ បន្ទាប់ពីយើងបានអធិស្ឋានហើយ នាងក៏បានអញ្ជើញខ្ញុំ ឲ្យចូលរួមជាមួយក្រុមរបស់នាង ដែលមានសុទ្ធតែអ្នកបម្រើដែលមិនល្អឥតខ្ចោះ របស់ព្រះជាម្ចាស់។
សាវ័កប៉ុលបានទទួលយកជីវិតថ្មីក្នុងព្រះគ្រីស្ទ ដោយមិនបានបណ្តោយឲ្យអតីតកាល រារាំងគាត់មិនឲ្យបម្រើព្រះអម្ចាស់ឡើយ(១ធីម៉ូថេ ១:១២-១៤)។ ដោយសារសាវ័កប៉ុលដឹងថា ព្រះរាជកិច្ចដែលព្រះយេស៊ូវបានធ្វើនៅលើឈើឆ្កាង បានជួយសង្រ្គោះ និងកែប្រែគាត់ ដែលជាអ្នកមានបាបដែលអាក្រក់បំផុត គាត់ក៏បានសរសើរដំកើងទ្រង់ ហើយលើកទឹកចិត្តអ្នកដទៃ ឲ្យថ្វាយព្រះកិត្តិនាម និងស្តាប់បង្គាប់ទ្រង់(ខ.១៥-១៧)។
ពេលដែលយើងទទួលព្រះគុណ និងការអត់ទោសបាបរបស់ព្រះជាម្ចាស់ យើងបានទទួលសេរីភាពរួចពីអតីតកាលរបស់យើង។ យើងមានភាពមិនល្អឥតខ្ចោះ តែព្រះទ្រង់បានស្រឡាញ់យើងយ៉ាងខ្លាំង បានជាយើងគ្មានហេតុផលអ្វី ដែលត្រូវខ្មាស់ នៅក្នុងការបង្ហាញមុខមាត់ពិតរបស់យើង ខណៈពេលដែលយើងបម្រើអ្នកដទៃ ដោយអំណោយទានដែលព្រះជាម្ចាស់បានប្រទាននោះឡើយ។—XOCHITL DIXON