ខណៈពេលដែលខេតលីន(Caitlyn) កំពុងហែលទឹក ជាមួយមិត្តភក្តិគាត់ នៅក្នុងឈូងសមុទ្រមិចស៊ីកូ គាត់ក៏ត្រូវត្រីឆ្លាមខាំជើងជាប់ ហើយវាក៏បានព្យាយាមទាញគាត់។ ដើម្បីតទល់នឹងការវាយប្រហារនេះ ខេតលីនក៏បានដាល់ច្រមុះរបស់ត្រីឆ្លាម។ សត្វសាហាវនេះក៏បានបើកមាត់របស់វា ព្រលែងជើងគាត់ ហើយក៏បានហែលទៅឆ្ងាយបាត់ ទាំងបរាជ័យ។ ការខំារបស់ត្រីឆ្លាម បានធ្វើឲ្យជើងគាត់របួសជាច្រើនកន្លែង ដែលត្រូវដេរអស់១០០ថ្នេរ ប៉ុន្តែ អ្វីដែលសំខាន់នោះ គឺត្រីឆ្លាមនោះមិនអាចខំាជើងរបស់គាត់ជាប់ឡើយ។
រឿងនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការពិត ដែលព្រះយេស៊ូវបានឈ្នះសេចក្តីស្លាប់ ដោយធ្វើឲ្យវាលែងមានអំណាចគំរាមកំហែង និងឈ្នះអ្នកដើរតាមទ្រង់ទៀត។ សាវ័កពេត្រុសបានមានប្រសាសន៍ថា “សេចក្តីស្លាប់ គ្មានអំណាចនឹងឃុំឃាំងទ្រង់ទុកបានឡើយ”(កិច្ចការ ២:២៤)។
លោកពេត្រុសបាននិយាយដូចនេះ ទៅកាន់ហ្វូងមនុស្ស នៅទីក្រុងយេរូសាឡិម។ ប្រហែលជាក្នុងចំណោមនោះ មានមនុស្សជាច្រើនដែលធ្លាប់ស្រែកថា “ឆ្កាងវាទៅ! ឆ្កាងវាទៅ!” ដើម្បីទាមទាឲ្យគេកាត់ទោសប្រហារជីវិតព្រះយេស៊ូវ(ម៉ាថាយ ២៧:២២)។ ជាលទ្ធផល ពួកទាហានរ៉ូម៉ាំង ក៏បានយកទ្រង់ទៅឆ្កាង។ សពទ្រង់ក៏ត្រូវគេយកទៅបញ្ចុះនៅក្នុងផ្នូរមួយ ហើយក៏បាននៅក្នុងផ្នូរនោះអស់បីថ្ងៃ រហូតដល់ពេលដែលព្រះបានប្រោសទ្រង់ឲ្យមានព្រះជន្មឡើងវិញ។ បន្ទាប់ពីទ្រង់មានព្រះជន្មរស់ឡើងវិញ លោកពេត្រុស និងពួកសិស្សដទៃទៀត ក៏បាននិយាយ និងបរិភោគអាហារជាមួយទ្រង់ ហើយ៤០ថ្ងៃក្រោយមក ពួកគេក៏បានឃើញទ្រង់យាងឡើង ទៅនគរស្ថានសួគ៌វិញ(កិច្ចការ ១:៩)។
ព្រះជន្មរបស់ព្រះយេស៊ូវ នៅលើផែនដីនេះ បានបញ្ចប់ ដោយទុក្ខវេទនាផ្នែករូបកាយ និងការឈឺចាប់ផ្លូវចិត្ត តែអំណាចចេស្តារបស់ព្រះ បានឈ្នះសេចក្តីស្លាប់។ ដោយហេតុនេះហើយ សេចក្តីស្លាប់ ឬទុក្ខវេទនាអ្វីផ្សេងទៀត មិនអាចខាំយើងជាប់ជារៀងរហូតឡើយ។ ថ្ងៃណាមួយ អ្នកជឿទំាងអស់ នឹងបានពិសោធន៍នឹងជីវិតអស់កល្បជានិច្ច ហើយភាពពេញលេញ នៅក្នុងព្រះវត្តមានព្រះជាម្ចាស់។ យើងអាចរកឃើញសន្តិភាពនៃថ្ងៃនេះ ដោយផ្តោតទៅលើថ្ងៃអនាគត ដែលនឹងមកដល់។ —JENNIFER BENSON SCHULDT