មាន​រឿង​ព្រេង​មួយ​បាន​ដំណាល​ថា លោកគូ យ័ន(Qu Yuan) ជា​មន្ត្រី​រាជ​ការ​ចិន ដែល​ស្នេហា​ជាតិ​មួយ​រូប ក្នុង​អំឡុង​ពេល​នគរ​ទាំង​ឡាយ​កំពុង​មាន​សង្រ្គាម​នឹង​គ្នា(ឆ្នាំ៤៧៥ ដល់ ២៤៦ មុន​គ្រីស្ទ​សក​រាជ)។ គេ​បាន​និយាយ​ថា គាត់​បាន​ព្យាយាម​ដាស់​តឿន​ស្តេច​របស់​គាត់ ជា​ច្រើន​លើក​ច្រើន​សារ អំពី​ការ​គំរាម​កំហែង​របស់​សត្រូវ ដែល​ចង់បំផ្លាញ​នគរ​របស់​ទ្រង់ ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ ​តែ​ទ្រង់​បដិសេធន៍​មិន​ព្រម​ស្តាប់​តាម​ការ​ប្រឹក្សា​របស់​គាត់។ ទី​បំផុត លោក​គូ យ័នក៏​ត្រូវ​គេ​និរទេស។ ពេល​ដែល​គាត់​បាន​ទទួល​ដំណឹង​ថា ប្រទេស​ជាទី​ស្រឡាញ់​របស់​គាត់ បាន​ធ្លាក់​ចូលទៅ​ក្នុង​ដៃ​សត្រូវ គាត់​ក៏​បាន​បញ្ចប់​ជីវិត​ខ្លួន​ឯង។

ជីវិត​របស់​លោក​គូ យ័ន មាន​លក្ខណៈ​មួយ​ចំនួន ដែល​ដូច​ជីវិត​របស់​ហោរា​យេរមា។ ហោរា​យេរេមា​ក៏​បាន​បម្រើ​ស្តេច ដែលបាន​ប្រមាថ ចំពោះ​ការ​ដាស់​តឿន​របស់​គាត់​ផង​ដែរ ហើយ​នគរ​របស់​គាត់​ក៏​ត្រូវ​សត្រូវ​បំផ្លាញ់។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ លោក​គូ យ័ន​បាន​បញ្ចប់​ជីវិត​ខ្លួន​ឯង ដោយ​ភាព​អស់​សង្ឃឹម តែ​លោក​យេរេមា បាន​រក​ឃើញ​ក្តី​សង្ឃឹម​ដ៏​ពិត​។ ហេតុ​អ្វី​បាន​ជា​ពួក​គេ​មាន​វាសនា​ខុស​គ្នា នៅ​ទី​បញ្ចប់។

លោក​យេរេមា​ស្គាល់​ព្រះ​អម្ចាស់ ដែល​បាន​ប្រទាន​នូវ​សេចក្តី​សង្ឃឹម​ដ៏​ពិត។ គឺ​ដូច​ដែល​ព្រះអម្ចាស់ បាន​ធានា​ដល់​គាត់ថា “មាន​សេចក្តី​សង្ឃឹម​សំរាប់​ចុង​បំផុត​របស់​ឯង កូន​ចៅ​ឯង​នឹង​វិល​មក​ឯ​ព្រំដែន​របស់​គេ​វិញ”(យេរេមា ៣១:១៧)។ ទោះ​បី​ជា​ទីក្រុង​យេរូសាឡិម​ត្រូវ​បាន​បំផ្លាញ ក្នុង​ឆ្នាំ ៥៨៦ មុន​គ្រីស្ទ​សករាជ​ក៏​ដោយ ក៏​ពេល​ក្រោយ​មក​ទៀត គេ​ក៏​បាន​សាង​សង់​ទីក្រុង​នេះ​ឡើង​វិញ​(មើល​នេហេមា ៦:១៥)។

នៅ​ពេល​ខ្លះ យើង​ម្នាក់​ៗ​ធ្លាក់​ចូល​ក្នុង​ស្ថាន​ភាព ដែល​អាច​ធ្វើ​ឲ្យ​យើង​អស់​សង្ឃឹម។ វា​អាច​ជា​ដំណឹង​អាក្រក់​ពី​គ្រូ​ពេទ្យ ការ​បាត់​បង់​ការងារ​ភ្លាម​ៗ ឬ​ការ​បែក​បាក់​គ្រួសារ។ ប៉ុន្តែ ពេល​ដែល​យើង​ដួល​ចុះ យើង​នៅ​តែ​អាច​មើល​ទៅ​លើ ដ្បិតព្រះ​ទ្រង់​កំពុង​តែ​គង់​នៅ​លើ​បល្ល័ង្ក! ទ្រង់​គ្រប់​គ្រង​ថ្ងៃ​នីមួយ​ៗ ក្នុង​ព្រះ​ហស្ត​ទ្រង់ ហើយ​ទ្រង់​ក៏​នាំ​យើង​ចូល​ទៅ​ជិត​ព្រះ​ទ័យ​ទ្រង់។—POH FANG CHIA