ពេល​ដែល​ឪពុក​ម្តាយ​របស់​អ្នក​ស្រី​ស៊ូ(Sue)លែង​លះ​គ្នា កាល​គាត់​នៅ​តូច ជម្លោះ​ផ្លូវ​ច្បាប់​ទាក់​ទង​នឹង​សិទ្ធិ​អាណាព្យាបាល និងបញ្ហា​របស់​គាត់​ជា​ច្រើន​ទៀត ក៏​បាន​កើត​ឡើង ហើយ​គេ​ក៏​បាន​សម្រេច​ឲ្យ​គាត់​ទៅ​រស់​នៅ​ ក្នុង​មណ្ឌល​កុមារ​កំព្រា​មួយ​រយៈ។ នៅ​ទីនោះ គាត់​ត្រូវ​ក្មេង​ធំ​ជាង​ធ្វើ​បាប ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា ឯ​កោ ដូច​ត្រូវ​គេ​បោះ​បង់​ចោល។ ម្តាយ​របស់​គាត់​បាន​មក​មើល​គាត់​តែ​មួយ​ខែ​ម្តង​ប៉ុណ្ណោះ ហើយ​នាង​ស្ទើរ​តែ​មិន​ដែល​បាន​ឃើញ​មុខ​ប៉ា​របស់​គាត់។ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ម្តាយ​របស់​គាត់​ក៏​បាន​ប្រាប់​គាត់​ថា បទ​បញ្ជា​របស់​ផ្ទះ​នោះ​បាន​រារាំង​មិន​ឲ្យ​គាត់ មក​លេង​គាត់​ឲ្យ​បាន​ញឹក​ញាប់ តែ​គាត់​បាន​មក​ឈរ​នៅ​ក្បែរ​របង​ផ្ទះ​នោះ​ជា​រៀង​រាល់​ថ្ងៃ ដោយ​សង្ឃឹម​ថា នឹង​បាន​ឃើញ​កូន​ស្រី​គាត់ តែ​បន្តិច​ក៏​អស់​ចិត្ត។ គាត់​និយាយ​ថា ជួន​កាល គាត់​គ្រាន់​តែ​ចង់​ឃើញ​កូន​ស្រី​គាត់​លេង​នៅ​ក្នុង​សួន​ច្បារ ហើយ​ចង់​ដឹង​ថា នាង​សុខ​សប្បាយ​ឬ​ទេ។

ពេល​ដែល​អ្នក​ស្រី​ស៊ូ​ចែក​ចាយ​អំពី​រឿង​នេះ​ដល់​ខ្ញុំ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់។ ជួន​កាល យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ត្រូវ​គេ​បោះ​បង់​ចោល និង​ឯ​កោ នៅ​ក្នុង​ពេល​ដែល​មាន​ទុក្ខ​លំបាក។ យើង​មាន​ការ​កម្សាន្ត​ចិត្ត​ណាស់ ដែល​បាន​ដឹង​ថា តាម​ពិត ព្រះ​ជា​ម្ចាស់​កំពុង​តែ​ថែរក្សា​យើង​គ្រប់​ពេល​វេលា(ទំនុក​ដំកើង ៣៣:១៨)។ ទោះយើង​មិន​អាច​មើល​ទ្រង់​ឃើញ​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​គង់​ក្បែរ​យើង​ជា​និច្ច។ ព្រះ​នេត្រ និង​ព្រះ​ទ័យ​របស់​ទ្រង់ តែង​តែ​នៅជាប់​នឹង​យើង​ជា​និច្ច ទោះ​យើង​ទៅ​ទី​ណា​ក៏ដោយ គឺ​មិន​ខុស​ពី​ឪពុក​ម្តាយ​ដែល​ស្រឡាញ់​កូន​នោះ​ទេ។ តែ​ដោយ​សារ​ទ្រង់​ជា​ព្រះ នោះ​ទ្រង់​អាច​ជួយ​យើង​បាន​គ្រប់​ពេល ។

បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៩១ បាន​ពិពណ៌នា អំពី​ការ​ដែល​ព្រះ​ទ្រង់​រំដោះ ការពារ និង​លើក​កូន​របស់​ទ្រង់​ឡើង។ ព្រះ​អង្គ​មិន​គ្រាន់​តែ​ជា​ទី​ជ្រក​កោន និង​ជម្រក​ប៉ុណ្ណោះ​ឡើយ​។ ខណៈ​ពេល​ដែល​យើង​ដើរ​កាត់​ជ្រលង​ដ៏​ងងឹត​នៃ​ជីវិត យើង​អាច​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា ព្រះ​អម្ចាស់​ដ៏​មាន​គ្រប់​ចេស្តា​កំពុង​តែ​ទត​មើល​យើង ហើយ​ក៏​កំពុង​ធ្វើ​ការ​យ៉ាង​សកម្ម ក្នុង​ជីវិត​យើង។ ព្រះ​អង្គ​បាន​ប្រកាស​ថា ព្រះ​អង្គ​នឹង​ឆ្លើយ​តប​ចំពោះ​យើង។​ ព្រះ​អង្គ​នឹង​គង់​នៅ​ជា​មួយ​យើង ពេល​យើង​មាន​ទុក​ ហើយ​ព្រះ​អង្គ​នឹង​រំដោះ​យើង​ឲ្យ​រួច(ខ.១៥)។—LESLIE KOH