នៅ​ផ្ទះ​ខ្ញុំ មាន​ផ្លាក​មួយ ដែល​យើង​បាន​សរសេរ​ពាក្យ​ស្លោក​ពី​លើ​ថា “ទោះ​យើង​ដឹង ឬ​មិន​ដឹង​ក្តី ព្រះ​ទ្រង់​តែង​តែ​គង់​នៅ​ជា​មួយ​ជា​និច្ច”។

លោក​ហូសេ គឺ​ជា​ហោរា​នៅ​គ្រា​សញ្ញា​ចាស់ ដែល​បាន​រស់​នៅ ក្នុង​ចុង​សតវត្សរ៍​ទី​៨ មុន​គ្រីស្ទ​សករាជ(ឆ្នាំ៧៥៥ ដល់ ៧១៥ មុន​គ្រីស្ទ​សក​រាជ)។ គាត់​បាន​សរសេរ​ពាក្យ ដែល​ស្រដៀង​នឹង​ពាក្យ​ស្លោក​នេះ ទៅ​កាន់​សាសន៍​ហេព្រើរ ដោយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ “ខំ​ទទួល​ស្គាល់​ទ្រង់”(ហូសេ ៦:៣) ព្រោះ​ពួក​គេ​បាន​បំភ្លេច​ទ្រង់(៤:១)។ ខណៈ​ពេល​ដែល​ពួក​គេ​ភ្លេច​ព្រះ​វត្ត​មាន​របស់​ព្រះ​ជា​ម្ចាស់ ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​ងាក​ចេញ​ពី​ទ្រង់​(ខ.១២) ហើយ​មិន​យូរ​ប៉ុន្មាន ពួក​គេ​ក៏​លែង​មានព្រះ​អង្គ នៅ​ក្នុង​គំនិត​របស់​ខ្លួន​ទៀត(ទំនុកដំកើង ១០:៤)។

ក្នុង​រឿង​នេះ លោក​ហូសេ​បាន​នាំ​មក​នូវ ការ​ដាស់​តឿន​ដ៏​សាមញ្ញ តែ​សំខាន់ ឲ្យ​យើង​ទទួល​ស្គាល់​ព្រះ​ជា​ម្ចាស់ ដោយ​នឹក​ចាំ ថា ទ្រង់​គង់​នៅ​ក្បែរ​យើង ហើយ​កំពុង​ធ្វើ​ការ​ក្នុង​ជីវិត​យើង ទាំង​ក្នុង​ពេល​មាន​អំណរ ក៏​ដូច​ជា​ពេល​មាន​ទុក្ខ។

ការ​ទទួល​ស្គាល់​ព្រះ​ជា​ម្ចាស់ អាច​មាន​ន័យ​ថា ពេល​ដែល​យើង​បាន​ឡើង​តំណែង នៅ​កន្លែង​ធ្វើ​ការ យើង​ត្រូវ​ទទួល​ស្គាល់ថា ព្រះ​ទ្រង់​ជា​អ្នក​ប្រទាន​ពរ ឲ្យ​យើង​មាន​ប្រាជ្ញា ឲ្យ​សម្រេច​កិច្ច​ការ ទាន់​ពេល​វេលា តាម​ថវិការ​ដែល​បាន​កំណត់​ជា​ដើម។ ម្យ៉ាង​ទៀត បើ​សិន​ជា​យើង​ធ្វើ​ការ​ស្នើ​សុំ​អ្វី​មួយ ហើយ​ត្រូវ​គេ​បដិសេធន៍ នោះ​យើង​អាច​ទទួល​ស្គាល់​ថា​ព្រះ​អង្គ នៅ​តែ​គង់​នៅជា​មួយ​យើង​ជា​និច្ច ដើម្បី​ជួយ​ទ្រ​ទ្រង់​យើង ខណៈ​ពេល​ដែល​យើង​ទុក​ចិត្ត​ថា ទ្រង់​កំពុង​តែ​ធ្វើ​ការ​របស់​ទ្រង់ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។

បើ​សិន​ជា​យើង​មិន​អាច​ចូល​រៀន​នៅ​មហា​វិទ្យាល័យ​បាន​ដូច​ចិត្ត នោះ​យើង​អាច​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​កំពុង​គង់​នៅជា​មួយ​យើង ហើយ​ទទួល​ការ​កម្សាន្ត​ចិត្ត ពី​ព្រះ​វត្ត​មាន​របស់​ទ្រង់ សូម្បី​តែ​នៅ​ពេល​ដែល​យើង​មាន​ការ​ខក​ចិត្ត។ ខណៈ​ពេល​ដែល​យើង​អរ​សប្បាយ​នឹង​អាហារ​ពេល​ល្ងាច យើង​អាច​ទទួល​ស្គាល់​ព្រះ​ជា​ម្ចាស់ ដោយ​នឹក​ចាំ អំពី​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់ ឲ្យ​យើង​មាន​គ្រឿង​ផ្សំ និង​កន្លែង​សម្រាប់​ធ្វើ​ម្ហូប។

ពេល​ណា​យើង​ទទួល​ស្គាល់​ព្រះ​ជា​ម្ចាស់ គឺ​មាន​ន័យ​ថា យើង​នឹក​ចាំ​ថា ទ្រង់​កំពុង​មាន​ព្រះ​វត្ត​មាន ក្នុង​ពេល​មាន​ជោគ​ជ័យ ក៏​ដូច​ជា​ពេល​មាន​ទុក្ខ ក្នុង​ពេល​មាន​រឿង​តូច ក៏​ដូច​ជា​ពេល​មាន​រឿង​ធំ ក្នុង​ជីវិត​របស់​យើង។ —LISA SAMRA