កាល​ខ្ញុំ​នៅ​រៀន​នៅ​មហា​វិទ្យាល័យ ខ្ញុំ​បាន​ទៅ​ធ្វើ​ការ ក្នុង​កសិដ្ឋាន​មួយ ក្នុង​រដ្ឋ​ខូឡូរ៉ាដូ ក្នុង​ពេល​វិស្សម​កាល នៅ​រដូវ​ក្តៅ។ នៅ​ពេល​ល្ងាច​ថ្ងៃ​មួយ ខ្ញុំ​មាន​ការ​អស់​កម្លាំង និង​ឃ្លាន បន្ទាប់​ពី​កាត់​ស្មៅ​ពេញ​មួយ​ថ្ងៃ។ ខ្ញុំ​ក៏​បាន​បើក​ត្រាក់​ទ័រ​ចូល​ទៅ​ក្នុង​ទីធ្លា​កសិដ្ឋាន។ ខ្ញុំ​ក៏​បាន​បត់​ចង្កួត​ទៅ​ខាង​ឆ្វេង មួយ​ទំហឹង​ដៃ ជាន់​ហ្វ្រាំង​ខាង​ឆ្វេង ធ្វើ​ឲ្យ​ត្រាក់​ទ័រ​បត់​ក្បាល​បើក​ជា​វង្វង់​មូល។

ផាល​របស់​វា​ក៏​បាន​ធ្លាក់​ចុះ ប៉ះ​ជើង​ទម្រ​ស៊ីទែន​សាំង​ចំណុះ​២​ពាន់​លីត្រ ធ្វើ​ឲ្យ​សាំង​កំពុប​ចេញ​មក​ក្រៅ។​

ម្ចាស់​កសិដ្ឋាន​ក៏​បាន​ឈរ​ពិនិត្យ​មើល​ហេតុ​ការណ៍​នោះ។​

ខ្ញុំ​ក៏​បាន​ចុះ​ពី​លើ​ត្រាក់​ទ័រ រួច​សុំ​ទោស​គាត់​។ ពេល​នោះ អ្វី​ដែល​ខ្ញុំ​នឹក​ឃើញ​មុន​គេ គឺ​សុំ​ធ្វើ​ការ​ឲ្យ​គាត់ រហូត​ដល់​ចប់​រដូវ​ក្តៅ ​ដោយ​មិន​យក់​ថ្លៃ​ឈ្នួល។ កសិករ​វ័យ​ចំណាស់​នោះ​ក៏​បាន​ឈរ​សម្លឹង​សំណល់​បាក់​បែក​មួយ​សន្ទុះ ហើយ​ក៏​បាន​ដើរ​ទៅ​ផ្ទះ​គាត់។ គាត់​ក៏​និយាយ​មួយ​ៗ​ថា “តោះ​យើង ទៅ​ញាំ​អាហារ​ពេល​ល្ងាច”។

ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំ​ពី​រឿង ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល អំពី​យុវជន​វ័យ​ក្មេង​ម្នាក់ ដែល​បាន​ធ្វើ​ខុស​ចំពោះ​ឪពុក​របស់​គាត់។ គាត់​ក៏​បាន​និយាយ​ប្រាប់​ឪពុក​គាត់​ថា “លោក​ឪពុក ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ ហើយ​នឹង​លោក​ឪពុក​មែន។ ខ្ញុំ​នេះ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូន​លោក​ឪពុក​ទៀត​ទេ សូម​ទទួល​ខ្ញុំ ទុក​ដូច​ជា​ជើង​ឈ្នួល​លោក​ឪពុក​វិញ​ចុះ”។ ប៉ុន្តែ មុន​ពេល​គាត់​និយាយ​អស់ពាក្យ ឪពុក​គាត់​ក៏​បាន​ហៅ​គាត់​ទៅ​ញាំ​អាហារ​ពេល​ល្ងាច(លូកា ១៥:១៧-២៤)។

នេះ​ជា​ព្រះ​គុណ​ដ៏​អស្ចារ្យ​របស់​ព្រះ​ជា​ម្ចាស់។—DAVID H. ROPER