ពេល​នោះ​ជា​ពេល ដែល​ក្រុម​គ្រួសារ​ទាំង​ឡាយ​ជួប​ជុំ​គ្នា ដើម្បី​អបអរ​រដូវ​កាល​ដ៏​រីក​រាយ ប្រចាំ​ឆ្នាំ។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ក្នុង​ចំណោម​យើង មាន​អ្នក​ខ្លះ​បាន​បារម្ភ​ខ្លាច​ជួប​សាច់​ញាតិ​ណា​មួយ ដែល​ចូល​ចិត្ត​សួរ​សំណួរ ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​លីវ ឬ​អ្នក​មិន​ទាន់​មាន​កូន មាន​អារម្មណ៍​ថា​ខ្លួន​កំពុង​តែ​មាន​បញ្ហា​ខុស​ទាស់​អ្វី​មួយ។

ចូរ​យើង​នឹក​ស្រមៃ​អំពី​ទុក្ខ​លំបាក​របស់​នាង​អេលីសាបិត ដែល​នៅ​តែ​មិន​មាន​កូន ទោះ​នាង​បាន​រៀបការ​អស់​ជា​ច្រើន​ឆ្នាំ​ហើយក្តី។ ក្នុង​វប្បធម៌​របស់​នាង គេ​គិត​ថា បញ្ហា​នេះ គឺ​ជា​សញ្ញា​បង្ហាញ​ថា ព្រះ​ជា​ម្ចាស់​បាន​បង្ខាំង​ផ្ទៃ​នាង​ហើយ(មើល ១សំាយ៉ូអែល ១:៥-៦) ហើយ​គេ​អាច​ចាត់​ទុក​បញ្ហា​នេះ ជា​រឿង​ដ៏​គួរ​ឲ្យ​ខ្មាស់​អៀន។ ដូច​នេះ អ្នក​ជិត​ខាង និង​សាច់​ញាតិ​របស់​អេលីសាបិត អាច​សង្ស័យ​ថា នាង​កំពុង​តែ​រស់​នៅ​ក្នុង​អំពើ​បាប ទោះ​ជា​នាង​កំពុង​រស់​នៅ ដោយ​សេចក្តី​សុចរិត​ក៏​ដោយ(លូកា ១:៦)។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នាង​អេលីសាបិត និង​ស្វាមី​របស់​នាង​បាន​បន្ត​បម្រើ​ព្រះ​អម្ចាស់ ដោយ​ចិត្ត​ស្មោះ​ត្រង់។ បន្ទាប់​មក ពេល​ដែល​អ្នក​ទំាង​ពីរ​មាន​អាយុ​ចាស់​ហើយ ការ​អស្ចារ្យ​ក៏​បាន​កើត​ឡើង។ ព្រះ​ទ្រង់​បាន​ស្តាប់​ឮ​ការ​អធិស្ឋាន​របស់​នាង(ខ.១៣)។ ទ្រង់​ចូល​ចិត្ត​បង្ហាញ​ថា ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ប្រទាន​ពរ​ដល់​យើង(ខ.២៥)។ ហើយ​ទោះ​ទ្រង់​ហាក់​ដូច​ជា​ពន្យា​ពេល​ក៏​ដោយ ក៏​ទ្រង់​តែង​តែ​ឆ្លើយ​តប តាម​ពេល​វេលា​ដ៏​ត្រឹម​ត្រូវ​ជា​និច្ច ហើយ​ប្រាជ្ញា​របស់​ទ្រង់​ តែង​តែ​មាន​ភាព​ល្អ​ឥត​ខ្ចោះ។ ព្រះ​ជាម្ចាស់​ក៏បាន​ប្រទាន​អំណោយ​ដ៏​ពិសេស ដល់​នាង​អេលីសាបិត និង​ស្វាមី​របស់​នាង ដែល​អំណោយ​នោះ គឺ​ជា​កូន​ប្រុស​ម្នាក់ ដែល​ក្រោយ​មក ក៏​បាន​ធ្វើ​ជា​អ្នក​រៀប​ចំ​ផ្លូវ ថ្វាយ​ព្រះ​មែស៊ី(អេសាយ ៤០:៣-៥)។

តើ​អ្នក​មាន​អារម្មណ៍​ថា ខ្លួន​ឯង​មិន​ល្អ​ដូច​អ្នក​ដទៃ ដោយសារ​អ្នក​គ្មាន​សញ្ញា​បត្រ​មហា​វិទ្យាល័យ ឬ​គ្មាន​ប្តី​ឬ​ប្រពន្ធ ឬ​កូន ឬ​ក៏គ្មាន​ការងារ ឬ​ផ្ទះ​នៅ​ឬ? ចូរ​បន្ត​រស់​នៅ​ថ្វាយ​ទ្រង់ ដោយ​ចិត្ត​ស្មោះ​ត្រង់ និង​មាន​ចិត្ត​អត់​ធ្មត់ នៅ​ក្នុង​ការ​រង់​ចំា​ទ្រង់​ឆ្លើយ​តប តាម​ផែន​ការ​ទ្រង់ ដូច​នាង​អេលីសាបិត​ចុះ។ ទោះ​យើង​ស្ថិត​ក្នុង​កាលៈ​ទេសៈ​អ្វី​ក៏​ដោយ ព្រះ​ទ្រង់​កំពុង​តែ​ធ្វើ​ការ​នៅ​ក្នុង និង​តាម​រយៈ​យើង។ ទ្រង់​ជ្រាប​អំពី​ចិត្ត​យើង។ ទ្រង់​ស្តាប់​ឮ​ការ​អធិស្ឋាន​របស់​អ្នក។—POH FANG CHIA