ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​រង់​ចាំ នៅ​ស្ថានីយ​រថ​ភ្លើង ដើម្បី​ធ្វើ​ដំណើរ​ប្រចាំ​សប្តាហ៍ គំនិត​វិជ្ជមាន​ជា​ច្រើន បាន​ពពាក់​ពពូន​គ្នា នៅ​ក្នុង​គំនិត​ខ្ញុំ ដូច​អ្នក​ដំណើរ​ដែល​កំពុង​ឈរ​តម្រង់​ជួប​បញ្ជ្រាត​គ្នា ដើម្បី​រង់​ចំា​ឡើង​រថ​ភ្លើង។ ពេល​នោះ ខ្ញុំមាន​ភាព​តាន​តឹង​ក្នុង​ចិត្ត ដោយ​សារ​ការ​សង្ស័យ និង​សម្តី​ដែល​គេ​និយាយ​មក​ខ្ញុំ ដោយ​គ្មាន​មេត្តា ហើយ​ខ្ញុំ​ក៏​មាន​ភាព​អស់​សង្ឃឹម ដោយ​សារ​ភាព​អយុត្តិ​ធម៌ ដែល​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ម្នាក់ បាន​ទទួល​រង កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ដល់​ពេល​ដែល​រថ​ភ្លើង​មក​ដល់ ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​សោះ។​

ពេល​ខ្ញុំ​ឡើង​ជិះ​រថ​ភ្លើង គំនិត​មួយ​ទៀត​ក៏​បាន​លេច​ឡើង ដោយ​ជំរុញ​ឲ្យ​ខ្ញុំ​សរសេរ​សេចក្តី​អធិស្ឋាន សម្រាប់​ទូល​ថ្វាយ​ព្រះ នូវ​ពាក្យ​ទំនួញ​របស់​ខ្ញុំ។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​បាន​សរសេរ​ពាក្យ​ទំនួញ​របស់​ខ្ញុំ​ចប់ ហើយ​ខ្ញុំ​ក៏​បាន​ដក​ទូរស័ព្ទ​របស់​ខ្ញុំ​ចេញ​មក ដើម្បី​ស្តាប់​បទ​ចម្រៀង​សរសើរ​ដំកើង។​ អារម្មណ៍​អាក្រក់​ដែល​ខ្ញុំ​មាន​មុន​នោះ ក៏​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង ដោយ​មិន​ដឹង​ខ្លួន។​

ខ្ញុំ​ក៏​បាន​ដឹង​ថា តាម​ពិត ខ្ញុំ​កំពុង​តែ​អនុវត្ត​តាម​គំរូ​របស់​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៩៤។ អ្នក​និពន្ធ​បទ​គម្ពីរ​នេះ បាន​ពោល​ទំនួញ​របស់​ខ្លួន​ថា “ឱ​ចៅក្រម​នៃ​ផែនដី​អើយ សូម​ទ្រង់​ក្រោក​ឡើង សូម​សង​ដល់​ពួក​ឆ្មើងឆ្មៃ​តាម​សម​គួរ … តើ​អ្នក​ណា​នឹង​ក្រោក​ឡើង​ជំនួស​ខ្ញុំ ដើម្បី​ទាស់​នឹង​ពួកអ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់ តើ​អ្នក​ណា​នឹង​ឈរ​ឡើង​ជំនួស​ខ្ញុំ ដើម្បី​ទប់ទល់​នឹង​ពួកដែល​ប្រព្រឹត្ត​ការ​ទុច្ចរិត?”(ទំនុកដំកើង ៩៤:២,១៦)។ ត្រង់​ចំណុច​នេះ គាត់​មិន​បាន​លាក់​ទុក​អ្វី​ដែល​មាន​ក្នុង​ចិត្ត​ឡើង ពេល​ដែល​គាត់​ទូល​ថ្វាយ​ព្រះ អំពី​អំពើ​អយុត្តិ​ធម៌ ដែល​គេ​បាន​ធ្វើ​មក​លើ​ស្ត្រី​មេម៉ាយ និង​ក្មេង​កំព្រា។ បន្ទាប់​ពី​គាត់​បាន​ទូល​ពាក្យ​ទំនួញ​ដល់​ព្រះ​ជា​ម្ចាស់​ហើយ​ គាត់​ក៏​បាន​ចូល​ទៅ​ក្នុង​ការ​សរសើរ​ដំកើង​ថា “ប៉ុន្តែ​ព្រះយេហូវ៉ា​ទ្រង់​ជា​ទី​ពឹង​យ៉ាង​ខ្ពស់​នៃ​ទូលបង្គំ គឺ​ព្រះ​នៃ​ទូលបង្គំ ទ្រង់​ជា​ថ្មដា ដែល​ទូលបង្គំ​ពឹងពាក់​បាន”(ខ.២២)។

ព្រះ​ជា​ម្ចាស់​អញ្ជើញ​យើង ឲ្យ​នាំ​ពាក្យ​ទំនួញ​របស់​យើង ថ្វាយ​ទ្រង់។ ព្រះ​អង្គ​អាច​កែ​ប្រែ​ការ​ភ័យ​ខ្លាច ទុក្ខ​ព្រួយ និង​ភាព​អស់​សង្ឃឹម ឲ្យ​ក្លាយ​ជា​ការ​សរសើរ​ដំកើង។ —LINDA WASHINGTON