កាល​ពី​ឆ្នាំ​២០០៣ ហ្វូង​សត្វ​ចង្រិត​ម៉រមន​ដ៏​ច្រើន​សណ្ឋឹក បាន​បំផ្លាញ​ផល​ដំណាំ ដែល​នាំ​ឲ្យ​ខាត​បង់​ទឹក​ប្រាក់​២៥លាន​ដុល្លា​អាមេរិក។ សត្វ​ចង្រិត​នោះ​មាន​ចំនួន​ច្រើន​ពាស​ពេញ​ដី ធ្វើ​ឲ្យ​គេ​ស្ទើរ​តែ​រក​ផ្លូវ​ដើរ​មិន​បាន។ កាល​ពី​មុន​ គេល្បី​ថា  សត្វ​ចង្រិត​ដែល​មាន​រូប​រាង្គ​ដូច​សត្វ​កណ្តូប​នោះ បាន​វាយ​ប្រហារ​មក​លើ​ផល​ដំណាំ​របស់​អ្នក​ដែល​មក​បោះ​ទី​លំ​នៅ​ដំបូង​គេ នៅ​រដ្ឋ​យូតា កាល​ពី​ឆ្នាំ ១៩៤៨ ដោយ​ក្នុង​ពួក​វា​មួយ​ក្បាល អាច​ស៊ី​បំផ្លាញ​ផល​ដំណាំ ប្រហែល​១៧​គីឡូ​ក្រាម ក្នុង​មួយ​ជីវិត​របស់​ពួក​វា ទោះ​ពួក​វា​មាន​ប្រវែង​ខ្លួន​ពី​៥ ទៅ​៧​សង់ទី​ម៉ែត្រ​ក៏​ដោយ។ ការ​រាត​ត្បាត​នៃ​ហ្វូង​សត្វ​ចង្រិត​នោះ អាច​មាន​ផល​ប៉ះពាល់​ដ៏​ធ្ងន់​ធ្ងរ មក​លើ​ជីវភាព​របស់​កសិករ និង​សេដ្ឋ​កិច្ច​ទាំង​មូល​របស់​រដ្ឋ ឬ​ប្រទេស​។

លោក​យ៉ូអែល ដែល​ជា​ហោរា​សម័យ​សញ្ញា​ចាស់ បាន​ពិពណ៌នា អំពី​ហ្វូង​សត្វ​ដែល​ស្រដៀង​នឹង​ហ្វូង​សត្វ​ចង្រិត​ម៉រមន ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជាតិ​យូដា​ទាំង​មូល​ទទួល​រង​ភាព​ហិន​ហោច ដោយសារ​ពួក​គេ​មិន​ស្តាប់​បង្គាប់​ព្រះ។ គាត់​បាន​ថ្លែង​ទំនាយ អំពី​ការ​វាយ​ប្រហារ​របស់​សត្វ​កណ្តូប ដែល​មនុស្ស​ជំនាន់​មុន មិន​ដែល​ធ្លាប់​ជួប​សោះ​ឡើយ(យ៉ូអែល ១:២ អ្នក​ប្រាជ្ញ​ព្រះគម្ពីរ​ខ្លះ​ជឿ​ថា សត្វ​កណ្តូប​ជា​ពាក្យ​ប្រៀប​ប្រដូច អំពី​កង​ទ័ព​សត្រូវ)។ ហ្វូង​សត្វ​កណ្តូប​បាន​ស៊ី​បំផ្លាញ​ផល​ដំណាំ​ទាំង​អស់ ដែល​នៅ​ពី​មុខ​ពួក​វា បណ្តាល​ឲ្យ​ប្រជាជន​ជួប​គ្រោះ​អត់​ឃ្លាន និង​ភាព​ក្រីក្រ។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ លោក​យ៉ូអែល​ក៏​បាន​ប្រាប់​ពួក​គេ​ថា បើ​ពួក​គេ​ងាក​បែរ​ចេញ​ពី​ផ្លូវ​នៃ​អំពើ​បាប​របស់​ខ្លួន ហើយ​សូម​ឲ្យ​ព្រះ​ជា​ម្ចាស់​អត់​ទោស​បាប នោះ​ព្រះ​ជា​ម្ចាស់ នឹង “សង​បំពេញ​ឆ្នាំ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ស៊ី​បង្ខូច ដោយ​កណ្តូប​ចង្រិត ដង្កូវ និង​ក្រា”(២:២៥)។

យើង​ក៏​អាច​រៀន​សូត្រ អំពី​មេរៀន​ដែល​ប្រជាជន​យូដា​បាន​ទទួល​ផង​ដែរ។ អំពើ​បាប​របស់​យើង គឺ​មិន​ខុស​ពី​សត្វ​ល្អិត​ចង្រៃ​ទាំង​នោះ​ឡើយ។ វា​ស៊ី​បំផ្លាញ​ជីវិត​ដែល​មាន​ផល​ផ្លែ និង​មាន​ក្លិន​ដ៏​ក្រអូប ដែល​ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​យើង​មាន។ ពេល​ណា​យើង​ងាក​បែរ​មក​រក​ទ្រង់ ហើយ​ឈប់​ប្រព្រឹត្ត​ខុស​ដូច​មុន​ទៀត ទ្រង់​សន្យា​ថា ទ្រង់​នឹង​ដក​ក្តី​អាម៉ាស​របស់​យើង ហើយ​សម្អាត​យើង​ឡើង​វិញ ឲ្យ​មាន​ជីវិត​បរិបូរ ក្នុង​ទ្រង់។—KIRSTEN HOLMBERG