មាន​ពេល​មួយ គ្រីស្តា(Krista)បាន​ឈរ ក្នុង​ភាព​ត្រជាក់​ស្ទើរ​កក នៅ​ថ្ងៃ​មួយ ក្នុង​រដូវ​រងា ដោយ​មើល​ទៅ​ប៉ម​បញ្ចាំង​ពន្លឺ ដែល​គ្រប​ដណ្តប់​ទៅ​ដោយ​ព្រឹល  នៅ​មាត់​បឹង។ ខណៈ​ពេល​ដែល​នាង​ដក​ទូរស័ព្ទ​ចេញ​មក ដើម្បី​ថត​រូប វែន​តា​របស់​នាង​ក៏​បាន​ប្រែ​ជា​ស្រអាប់ មិន​អាច​មើល​អី្វ​ឃើញ​ច្បាស់​ទេ ដូច​នេះ នាង​ក៏​បាន​សម្រេច​ចិត្ត​បង្វែរ​ទូរស័ព្ទ ទៅ​រក​ប៉ម​បញ្ចាំង​ពន្លឺ​នោះ ហើយ​ក៏​បាន​ចុច​ថត​រូប​បី​ប៉ុស្ទ នៅ​ជ្រុង​ផ្សេង​គ្នា។ ក្រោយ​មក នាង​ក៏​បាន​យក​រូប​នោះ​មក​មើល ​ហើយ​ក៏​បាន​ដឹង​ថា តាម​ពិត កាំ​មីរ៉ា​ក្នុង​ទូរស័ព្ទ​នោះ បែរ​ជា​ថត​ស៊ែល​ហ្វ៊ី ជាប់​រូប​នាង​ទៅ​វិញ។ នាង​ក៏​បាន​អស់​សំណើច ហើយ​និយាយ​ថា រូប​ថត​ទាំង​បី​ប៉ុស្ទ​នោះ​សុទ្ធ​តែ​ផ្តោត​ទៅ​លើ​រូប​របស់​នាង។ រូបថត​របស់​គ្រីស្តា បាន​ធ្វើ​ឲ្យ​ខ្ញុំ​ គិត​អំពី​កំហុស​មួយ ដែល​យើង​បាន​ធ្វើ​ស្រដៀង​នឹង​រឿង​របស់​នាង​ដែរ។  យើង​ចង់​មើល​ឃើញ​រូប​ភាព​ដែល​ធំ​ជាង នៅក្នុង​ផែន​ការ​របស់​ព្រះ ប៉ុន្តែ យើង​មាន​ការ​ផ្តោត​ចិត្ត​ទៅ​លើ​ខ្លួន​ឯង​ពេក បាន​ជា​យើង​មើល​មិន​ឃើញ​រូប​ភាព​នៃ​ផែន​ការ​ទ្រង់។

លោក​យ៉ូហាន ដែល​ជា​បង​ប្អូន​ជី​ដូន​មួយ​របស់​ព្រះ​យេស៊ូវ បាន​ដឹង​ច្បាស់​ថា គាត់​មិន​បាន​ផ្តោត​ទៅ​លើ​ខ្លួន​ឯង​ឡើយ។ ចាប់​តាំង​ពី​ដើម​ដំបូង​មក គាត់​ទទួល​ស្គាល់​ថា​ ព្រះ​ជា​ម្ចាស់​ប្រទាន​តួនាទី និង​ត្រាស​ហៅ​គាត់ ឲ្យ​នាំ​អ្នក​ដទៃ ឲ្យ​ស្គាល់​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។  ពេល​គាត់​ឃើញ​ព្រះ​យេស៊ូវ យាង​មក​រក​គាត់ និង​សិស្ស​របស់​គាត់ គាត់​ក៏បាន​ប្រកាស​ឡើង​ថា “នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក” (យ៉ូហាន ១:២៩)។ គាត់​ក៏​បាន​និយាយ​ទៀត​ថា “​ខ្ញុំ​មក​ធ្វើ​បុណ្យ​ជ្រមុជ​នេះ គឺ​ដើម្បី​នឹង​សំដែង ឲ្យ​សាសន៍​អ៊ីស្រាអែល​បាន​ស្គាល់​ទ្រង់​ប៉ុណ្ណោះ”(ខ.៣១)។

ក្រោយ​មក ពេល​ដែល​ពួក​សិស្ស​របស់​លោក​យ៉ូហាន​រាយ​ការណ៍​ប្រាប់​គាត់​ថា ព្រះ​យេស៊ូវ​កំពុង​តែ​មាន​សិស្ស​កាន់​តែ​ច្រើន​ដើរ​តាម​ទ្រង់ គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​មែន​ជា​ព្រះគ្រីស្ទ​ទេ គឺ​គ្រាន់​តែ​ទទួល​បង្គាប់​នឹង​មក​នាំ​មុខ​ទ្រង់​ប៉ុណ្ណោះ … ត្រូវ​ឲ្យ​ព្រះអង្គ​នោះ​បាន​ចំរើន​ឡើង ហើយ​ខ្ញុំ​ត្រូវ​ថយ​វិញ​ចុះ”(៣:២៨-៣០)។

សូម​ឲ្យ​ជីវិត​របស់​យើង បាន​ផ្តោត​ទៅ​លើ​ព្រះ​យេស៊ូវ និង​ផ្តោត​ទៅ​លើ​ការ​ស្រឡាញ់​ទ្រង់ អស់​ពី​ចិត្ត។—ANNE CETAS