កញ្ញា​ដាយអ៊ែន គ្រូហ្គ័រ(Diane Kruger) ​គឺ​ជា​តារា​ភាព​យន្ត ដែល​គេ​បាន​ឲ្យ​ដើរ​តួរ ក្នុង​រឿង​មួយ ដែល​បាន​ធ្វើ​ឲ្យ​នាង​មាន​ភាព​ល្បី​ល្បាញ។ ប៉ុន្តែ ក្នុង​រឿង​នោះ នាង​ត្រូវ​ដើរ​តួរ​ជា​ភរិយា និង​ម្តាយ​វ័យ​ក្មេង​ម្នាក់ ដែល​ជួប​ការ​បាត់​បង់​ប្តី និង​កូន ហើយ​នាង​មិន​ធ្លាប់​ជួប​ការ​បាត់​បង់​ដ៏​ធ្ងន់​ធ្ងរ​យ៉ាង​នេះ ដោយ​ផ្ទាល់​ខ្លួន​ទេ។ នាង​មិន​ដឹង​ថា គេ​អាច​ជឿ​លើ​សមត្ថ​ភាព​សម្តែង​របស់​នាង​ឬ​អត់​ទេ។ ប៉ុន្តែ នាង​បាន​ទទួល​យក​ការ​សម្តែង​នេះ ហើយ​ដើម្បី​ត្រៀម​ខ្លួន​ដើរ​តួរ ក្នុង​រឿង​នេះ នាង​ក៏​បាន​ទៅ​ចូល​រួម នៅ​ក្នុង​ការ​ជួប​ជុំ​គ្នា ដែល​គេ​បាន​រៀប​ចំ សម្រាប់​ជួយ​អ្នក​ដែល​កំពុង​តែ​ឆ្លង​កាត់​ជ្រលង នៃ​ការទួញ​សោក​ដ៏​ធ្ងន់​ធ្ងរ។

ពី​ដំបូង នាង​បាន​ផ្តល់​ការ​លើក​ទឹក​ចិត្ត និង​យោបល់ ពេល​ដែល​អ្នក​នៅ​ក្នុង​ក្រុម​នោះ បាន​ចែក​ចាយ​អំពី​រឿង​របស់​ពួក​គេ។ នាង​ចង់​ជួយ​លើក​ទឹក​ចិត្ត​ពួក​គេ ប៉ុន្តែ យូរ​ៗ​ទៅ នាង​ក៏​បាន​ឈប់​និយាយ ហើយ​គ្រាន់​តែ​ស្តាប់​គេ​និយាយ​វិញ។​ គឺ​ទាល់​តែ​ដល់​ពេល​នោះ ទើប​នាង​ចាប់​ផ្តើម​យល់ អំពី​បទ​ពិសោធន៍ ទុក្ខ​លំបាក និង​ជីវិត​របស់​ពួក​គេ។ ហើយ​នាង​យល់​អំពី​ទុក្ខ​លំបាក​របស់​ពួក​គេ ដោយសារ​នាង​ប្រើ​ត្រចៀក​ស្តាប់​ពួក​គេ​និយាយ ។

មាន​ពេល​មួយ ហោរា​យេរេមា​បាន​ចោទ​ប្រកាន់​ប្រជាជន​អ៊ីស្រាអែល​ថា បាន​បដិសេធ​មិន​ព្រម​ប្រើ “ត្រចៀក” ស្តាប់ព្រះ​សូរ​សៀង​ព្រះ​អម្ចាស់។​ ហោរា​រូប​នេះ​មិន​បាន​សំចៃ​ពាក្យ​សម្តី​ឡើយ។ គាត់​បាន​ហៅ​ពួក​គេ​ថា “ជន​ជាតិ​ល្ងីល្ងើ ហើយ​ឥត​យោបល់”(យេរេមា ៥:២១)។ ព្រះ​ជា​ម្ចាស់​ធ្វើ​ការ​ក្នុង​ជីវិត​យើង​ជា​និច្ច ដោយ​មាន​បន្ទូល​ជា​ពាក្យ​នៃ​សេចក្តី​ស្រឡាញ់ ការ​បង្រៀន ការ​លើក​ទឹក​ចិត្ត និង​ការ​ដាស់​តឿន។ ព្រះ​វរបិតា​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​រៀន ហើយ​មាន​ភាព​ពេញ​វ័យ ហើយ​ដើម្បី​ឲ្យ​យើង​រៀន​សូត្រ និង​មាន​ភាព​ពេញ​វ័យ ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​មាន​ឧបករណ៍​ជា​ច្រើន ​សម្រាប់​ប្រើ ដែល​មាន​ត្រចៀក​ជា​ដើម។

យើង​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​យើង​នឹង​ប្រើ​ត្រចៀក​យើង ដើម្បី​ស្តាប់​ឲ្យ​ស្គាល់​ព្រះ​ទ័យ​ព្រះ​វរបិតា​នៃ​យើង​ឬ​ទេ? —JOHN BLASÉ