មានពេលមួយ គ្រីស្តា(Krista)បានឈរ ក្នុងភាពត្រជាក់ស្ទើរកក នៅថ្ងៃមួយ ក្នុងរដូវរងា ដោយមើលទៅប៉មបញ្ចាំងពន្លឺ ដែលគ្របដណ្តប់ទៅដោយព្រឹល នៅមាត់បឹង។ ខណៈពេលដែលនាងដកទូរស័ព្ទចេញមក ដើម្បីថតរូប វែនតារបស់នាងក៏បានប្រែជាស្រអាប់ មិនអាចមើលអី្វឃើញច្បាស់ទេ ដូចនេះ នាងក៏បានសម្រេចចិត្តបង្វែរទូរស័ព្ទ ទៅរកប៉មបញ្ចាំងពន្លឺនោះ ហើយក៏បានចុចថតរូបបីប៉ុស្ទ នៅជ្រុងផ្សេងគ្នា។ ក្រោយមក នាងក៏បានយករូបនោះមកមើល ហើយក៏បានដឹងថា តាមពិត កាំមីរ៉ាក្នុងទូរស័ព្ទនោះ បែរជាថតស៊ែលហ្វ៊ី ជាប់រូបនាងទៅវិញ។ នាងក៏បានអស់សំណើច ហើយនិយាយថា រូបថតទាំងបីប៉ុស្ទនោះសុទ្ធតែផ្តោតទៅលើរូបរបស់នាង។ រូបថតរបស់គ្រីស្តា បានធ្វើឲ្យខ្ញុំ គិតអំពីកំហុសមួយ ដែលយើងបានធ្វើស្រដៀងនឹងរឿងរបស់នាងដែរ។ យើងចង់មើលឃើញរូបភាពដែលធំជាង នៅក្នុងផែនការរបស់ព្រះ ប៉ុន្តែ យើងមានការផ្តោតចិត្តទៅលើខ្លួនឯងពេក បានជាយើងមើលមិនឃើញរូបភាពនៃផែនការទ្រង់។
លោកយ៉ូហាន ដែលជាបងប្អូនជីដូនមួយរបស់ព្រះយេស៊ូវ បានដឹងច្បាស់ថា គាត់មិនបានផ្តោតទៅលើខ្លួនឯងឡើយ។ ចាប់តាំងពីដើមដំបូងមក គាត់ទទួលស្គាល់ថា ព្រះជាម្ចាស់ប្រទានតួនាទី និងត្រាសហៅគាត់ ឲ្យនាំអ្នកដទៃ ឲ្យស្គាល់ព្រះយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះ។ ពេលគាត់ឃើញព្រះយេស៊ូវ យាងមករកគាត់ និងសិស្សរបស់គាត់ គាត់ក៏បានប្រកាសឡើងថា “នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក” (យ៉ូហាន ១:២៩)។ គាត់ក៏បាននិយាយទៀតថា “ខ្ញុំមកធ្វើបុណ្យជ្រមុជនេះ គឺដើម្បីនឹងសំដែង ឲ្យសាសន៍អ៊ីស្រាអែលបានស្គាល់ទ្រង់ប៉ុណ្ណោះ”(ខ.៣១)។
ក្រោយមក ពេលដែលពួកសិស្សរបស់លោកយ៉ូហានរាយការណ៍ប្រាប់គាត់ថា ព្រះយេស៊ូវកំពុងតែមានសិស្សកាន់តែច្រើនដើរតាមទ្រង់ គាត់ក៏បានមានប្រសាសន៍ថា “ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ គឺគ្រាន់តែទទួលបង្គាប់នឹងមកនាំមុខទ្រង់ប៉ុណ្ណោះ … ត្រូវឲ្យព្រះអង្គនោះបានចំរើនឡើង ហើយខ្ញុំត្រូវថយវិញចុះ”(៣:២៨-៣០)។
សូមឲ្យជីវិតរបស់យើង បានផ្តោតទៅលើព្រះយេស៊ូវ និងផ្តោតទៅលើការស្រឡាញ់ទ្រង់ អស់ពីចិត្ត។—ANNE CETAS