យោងតាមមន្ទីរជំរឿនរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ជាមធ្យម ជនជាតិអាមេរិកបានផ្លាស់ប្តូរទីលំនៅ ពីអាស័យដ្ឋានមួយ ទៅអាស័យដ្ឋានមួយទៀត អស់១១ ទៅ១២ដង ក្នុងអំឡុងពេលនៃការរស់នៅមួយជីវិត។ កាលពីឆ្នាំមុន មានប្រជាជនអាមេរិក ២៨លាននាក់ បានរើផ្ទះទៅរស់នៅ ក្រោមដំបូលផ្ទះថ្មី។
ក្នុងអំឡុងពេល ដែលជនជាតិអ៊ីស្រាអែលរស់នៅវិលវល់ ក្នុងវាលរហោស្ថាន អស់រយៈពេល៤០ឆ្នាំ ព្រះវត្តមានរបស់ព្រះជាម្ចាស់បានប្រើពពក ដើម្បីដឹកនាំគ្រួសារនៃប្រជាជាតិមួយនេះ ពីកន្លែងមួយ ទៅកន្លែងមួយទៀត ដោយការរំពឹងថា នឹងបានទទួលស្រុកកំណើតថ្មី។ ពួកគេបានធ្វើការផ្លាស់ទីលំនៅជាច្រើនលើកច្រើនសារ នៅក្នុងវាលរហោស្ថាន។ មហារគ្រួសារដ៏ធំនេះបានរើឥវ៉ាន់ ទៅកាន់កន្លែងជាច្រើន ដោយពួកគេមិនគ្រាន់តែដឹកជញ្ជូនរបស់ទ្រព្យផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែក៏បានដឹកជញ្ជូនត្រសាល និងគ្រឿងលម្អនៃរោងឧបោសថ ដែលនៅទីនោះ ព្រះជាម្ចាស់បានជួបជាមួយលោកម៉ូស(មើល និក្ខមនំ ២៥:២២)។
ជាច្រើនឆ្នាំក្រោយមក ព្រះយេស៊ូវក៏បានប្រទាននូវអត្ថន័យ កាន់តែពេលលេញថែមទៀត សម្រាប់រឿងនៃការផ្លាស់ប្តូរទីលំនៅនេះ។ ព្រះអង្គមិនបានប្រើពពក ដើម្បីដឹកនាំពួកគេទៀតឡើយ ផ្ទុយទៅវិញ ទ្រង់បានដឹកនាំពួកគេ ដោយព្រះអង្គទ្រង់ផ្ទាល់តែម្តង។ ពេលដែលទ្រង់មានបន្ទូលថា “ចូរមកតាមខ្ញុំ”(ម៉ាថាយ ៤:១៩) គឺទ្រង់កំពុងតែបង្ហាញថា ការផ្លាស់ប្រែចិត្ត ជាការផ្លាស់ប្តូរដែលសំខាន់បំផុត និយាយរួម គឺសំខាន់លើសការផ្លាស់ប្តូរទីលំនៅ។ ទ្រង់បានដឹកនាំទំាំងមិត្តសំឡាញ់ និងខ្មាំងសត្រូវរបស់ទ្រង់ ទៅកាន់ឈើឆ្កាងរបស់ចក្រភពរ៉ូម៉ាំង ហើយទន្ទឹមនឹងនោះ ទ្រង់ក៏បានបង្ហាញឲ្យពួកគេបានដឹងថា ព្រះនៃពពក និងរោងឧបោសថ មានការលះបង់ប៉ុណ្ណា ដើម្បីជួយសង្រ្គោះយើងរាល់គ្នា ឲ្យរួចពីបាប។
ការផ្លាស់ប្រែចិត្ត មានការពិបាក គឺមិនខុសពីការផ្លាស់ប្តូរអាសយដ្ឋាននោះឡើយ។ ប៉ុន្តែ ថ្ងៃណាមួយ យើងនឹងបានផ្លាស់ទៅនៅនគរស្ថានសួគ៌ជារៀងរហូត ហើយយើងនឹងបានដឹងថា ព្រះយេស៊ូវជាអ្នកនាំផ្លូវយើង តាំងពីដើមរៀងមក។—MART DEHAAN