យោង​តាម​មន្ទីរ​ជំរឿន​របស់​សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​ថា ជា​មធ្យម ជន​ជាតិ​អាមេរិក​បាន​ផ្លាស់​ប្តូរ​ទី​លំនៅ ពី​អាស័យដ្ឋាន​មួយ ទៅ​អាស័យ​ដ្ឋាន​មួយ​ទៀត អស់​១១ ទៅ​១២​ដង ក្នុង​អំឡុង​ពេល​នៃ​ការ​រស់​នៅ​មួយ​ជីវិត។ កាល​ពី​ឆ្នាំ​មុន ​មាន​ប្រជាជន​អាមេរិក ២៨​លាន​នាក់ បាន​រើ​ផ្ទះ​ទៅ​រស់​នៅ ក្រោម​ដំបូល​ផ្ទះ​ថ្មី។

ក្នុង​អំឡុង​ពេល ដែល​ជន​ជាតិ​អ៊ីស្រាអែល​រស់​នៅ​វិល​វល់ ក្នុង​វាល​រហោ​ស្ថាន អស់​រយៈ​ពេល​៤០​ឆ្នាំ ព្រះ​វត្ត​មាន​របស់​ព្រះ​ជា​ម្ចាស់​បាន​ប្រើ​ពពក ដើម្បី​ដឹក​នាំ​គ្រួសារ​នៃ​ប្រជាជាតិ​មួយ​នេះ ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​ទៀត ដោយ​ការ​រំពឹង​ថា នឹង​បាន​ទទួល​ស្រុក​កំណើត​ថ្មី។ ពួក​គេ​បាន​ធ្វើ​ការ​ផ្លាស់​ទី​លំ​នៅ​ជា​ច្រើន​លើក​ច្រើន​សារ នៅ​ក្នុង​វាល​រហោស្ថាន។ មហារ​គ្រួសារ​ដ៏​ធំ​នេះ​បាន​រើ​ឥវ៉ាន់ ទៅ​កាន់​កន្លែង​ជា​ច្រើន ដោយ​ពួក​គេ​មិន​គ្រាន់​តែ​ដឹក​ជញ្ជូន​របស់​ទ្រព្យ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ដឹក​ជញ្ជូន​ត្រសាល និង​គ្រឿង​លម្អ​នៃ​រោង​ឧបោសថ ដែល​នៅ​ទីនោះ ព្រះ​ជា​ម្ចាស់​បាន​ជួប​ជា​មួយ​លោក​ម៉ូស(មើល និក្ខមនំ ២៥:២២)។

ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ព្រះ​យេស៊ូវ​ក៏​បាន​ប្រទាន​នូវ​អត្ថន័យ កាន់​តែ​ពេល​លេញ​ថែម​ទៀត សម្រាប់​រឿង​នៃ​ការ​ផ្លាស់​ប្តូរ​ទី​លំនៅ​នេះ។ ព្រះ​អង្គ​មិន​បាន​ប្រើ​ពពក ដើម្បី​ដឹក​នាំ​ពួក​គេ​ទៀត​ឡើយ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​ដឹក​នាំ​ពួក​គេ ដោយ​ព្រះអង្គ​ទ្រង់​ផ្ទាល់​តែ​ម្តង។  ពេល​ដែល​ទ្រង់​មាន​បន្ទូល​ថា “ចូរ​មក​តាម​ខ្ញុំ”(ម៉ាថាយ ៤:១៩) គឺ​ទ្រង់​កំពុង​តែ​បង្ហាញ​ថា ការ​ផ្លាស់​ប្រែ​ចិត្ត ជា​ការ​ផ្លាស់​ប្តូរ​ដែល​សំខាន់​បំផុត និយាយ​រួម គឺ​សំខាន់​លើស​ការ​ផ្លាស់​ប្តូរ​ទី​លំនៅ។  ទ្រង់​បាន​ដឹក​នាំ​ទំាំង​មិត្ត​សំឡាញ់ និង​ខ្មាំង​សត្រូវ​របស់​ទ្រង់ ទៅ​កាន់​ឈើ​ឆ្កាង​របស់​ចក្រ​ភព​រ៉ូម៉ាំង ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​ក៏​បាន​បង្ហាញ​ឲ្យ​ពួក​គេ​បាន​ដឹង​ថា ព្រះ​នៃ​ពពក និង​រោង​ឧបោសថ មាន​ការ​លះបង់​ប៉ុណ្ណា ដើម្បី​ជួយ​សង្រ្គោះ​យើង​រាល់​គ្នា ឲ្យ​រួច​ពី​បាប​។

ការ​ផ្លាស់​ប្រែ​ចិត្ត មាន​ការ​ពិបាក គឺ​មិន​ខុស​ពី​ការ​ផ្លាស់​ប្តូរ​អាសយ​ដ្ឋាន​នោះ​ឡើយ។ ប៉ុន្តែ ថ្ងៃ​ណា​មួយ យើង​នឹង​បានផ្លាស់​ទៅ​នៅ​នគរ​ស្ថាន​សួគ៌​ជា​រៀង​រហូត ហើយ​យើង​នឹង​បាន​ដឹង​ថា ព្រះ​យេស៊ូវ​ជា​អ្នក​នាំ​ផ្លូវ​យើង តាំង​ពី​ដើម​រៀង​មក​។—MART DEHAAN