មុន​ពេល​ខ្ញុំ​ទទួល​ជឿ​ព្រះ​យេស៊ូវ ខ្ញុំ​មាន​របួស​យ៉ាង​ជ្រៅ នៅ​ក្នុង​ចិត្ត បាន​ជា​ខ្ញុំ​ជៀស​វាង​ទំនាក់​ទំនង​ជិត​ស្និទ្ធ ដោយ​មិនចង់​ជួប​ការ​ឈឺ​ចាប់​ថែម​ទៀត។ ម្តាយ​របស់​ខ្ញុំ នៅ​តែ​ធ្វើ​ជា​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​ខ្ញុំ រហូត​ដល់​ពេល​ដែល​ខ្ញុំ​បាន​រៀបការ​ជា​មួយ​អ័លែន(Alan)។ ប្រាំពីរ​ឆ្នាំ​ក្រោយ​មក ពេល​ដែល​យើង​ហៀប​នឹង​លែង​លះ​គ្នា ខ្ញុំ​ក៏​បាន​យក​ហ្សាវីយើរ(Xavier) កូន​របស់​យើង​ទៅ​ព្រះវិហារ កាល​ដែល​គាត់​ស្ថិត​ក្នុង​វ័យ​សិស្ស​សាលា​មត្តេយ្យ​នៅ​ឡើយ។ ខ្ញុំ​បាន​អង្គុយ​ នៅ​ក្បែរ​មាត់​ទ្វារ​ចេញ​ក្រៅ ដោយ​ការ​ភ័យ​ខ្លាច មិន​ហ៊ាន​ទុក​ចិត្ត​អ្នក​ដទៃ ប៉ុន្តែ ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​កំពុង​តែ​ស្រេក​ឃ្លាន​រក​ជំនួយ។

តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ បង​ប្អូន​រួម​ជំនឿ​របស់​យើង​បាន​មក​រក​ខ្ញុំ ហើយ​អធិស្ឋាន​ឲ្យ​គ្រួសារ​ខ្ញុំ ព្រម​ទំាង​បាន​បង្រៀន​ខ្ញុំ ឲ្យ​ចេះ​ពង្រឹង​ទំនាក់​ទំនង ដែល​ខ្ញុំ​មាន​ជា​មួយ​ព្រះ​ជា​ម្ចាស់ តាម​រយៈ​ការ​អធិស្ឋាន និង​ការ​អាន​ព្រះគម្ពីរ។ មួយ​រយៈ​ក្រោយ​មក សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ និង​កូន​របស់​ទ្រង់ បាន​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​មាន​ការ​ផ្លាស់​ប្តូរ។

រយៈ​ពេល​២​ឆ្នាំ បន្ទាប់​ពី​ខ្ញុំ អ័លែន និង​ហ្សាវីយើរ​បាន​ទៅ​ព្រះ​វិហារ​ទាំង​អស់​គ្នា​ជា​លើក​ទី​មួយ យើង​ក៏​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ ក្រោយ​មក ក្នុង​អំឡុង​ពេល​នៃ​ការ​សន្ទនា ប្រចាំ​សប្តាហ៍ ជា​មួយ​ម្តាយ​របស់​ខ្ញុំ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មាន​ការ​ខុស​ប្លែក​ពី​មុន ហើយ​គាត់​ក៏​បាន​ឲ្យ​ខ្ញុំ​ចែក​ចាយ អំពី​ព្រះយេស៊ូវ​ឲ្យ​គាត់​ស្តាប់។ ពីរបី​ខែ​កន្លង​ផុត​ទៅ គាត់​ក៏​បាន​ទទួល​ជឿ​ព្រះ​គ្រីស្ទ ជា​ព្រះ​អង្គ​សង្រ្គោះ​ផង​ដែរ។

ព្រះ​យេស៊ូវ​បាន​កែ​ប្រែ​ជីវិត​មនុស្ស​ជា​ច្រើន ដែល​មាន​ដូច​ជា​លោក​សូល​ជា​ដើម ដែល​គាត់​ស្ថិត​ក្នុង​ចំណោម​អ្នក​បៀត​បៀន​ពួក​ជំនុំ ដែល​បង្ក​ឲ្យ​មាន​ភ័យ​ខ្លាច​បំផុត ទាល់​តែ​គាត់​បាន​ជួប​ព្រះ​គ្រីស្ទ(កិច្ចការ ៩:១-៥)។ អ្នក​ខ្លះ​បាន​ជួយ​លោក​សូល​ឲ្យ​ស្វែង​យល់​បន្ថែម អំពី​ព្រះ​យេស៊ូវ(ខ.១៧-១៩)។  គេ​ក៏​បាន​ឃើញ​គាត់​មាន​ការ​ផ្លាស​ប្រែ​ដ៏​ឆាប់​រហ័ស ហើយ​ថែម​ទាំង​បាន​បង្រៀន​ព្រះ​បន្ទូល ដោយ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ(ខ.២០-២២)។

យើង​ប្រហែល​ជា​មិន​បាន​ជួប​ព្រះ​យេស៊ូវ ដោយ​ការ​អស្ចារ្យ​ដូច​លោក​សូល​ទេ។ ការ​ផ្លាស់​ប្រែ​នៃ​ជីវិត​យើង​ក៏​ប្រហែល​មិន​មាន​ភាព​ឆាប់​រហ័ស ឬ​ស៊ី​ជម្រៅ ដូច​គាត់​ដែរ។ តែ​ខណៈ​ពេល​ដែល​អ្នក​ដទៃ បាន​កត់​សំគាល់​ឃើញ​ថា សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​កំពុង​តែ​កែ​ប្រែ​ជីវិត​យើង នោះ​យើង​នឹង​មាន​ឱកាស​ប្រាប់​ពួក​គេ អំពី​ការ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង។—XOCHITL DIXON