មានពេលមួយ ខ្ញុំនិងភរិយារបស់ខ្ញុំបានធ្វើដំណើរកម្សាន្តវិស្សមកាល នៅប្រទេសក្រៅ។ ពេលដែលយើងកំពុងតែដើរតាមផ្លូវ មានមនុស្សមាឌធំម្នាក់ ដែលយើងមិនដែលស្គាល់ បានដើរមករកយើង ធ្វើឲ្យយើងរាថយ ដោយការភ័យខ្លាច។ ដំណើរកម្សាន្តរបស់យើងលើកនោះបានជួបរឿងអាក្រក់ជាច្រើនមកហើយ។ យើងត្រូវគេស្រែកគំហកដាក់ ត្រូវគេបោកប្រាស់ និងត្រូវគេកេងប្រវ័ញ្ចជាច្រើនលើកច្រើនសារ។ តើយើងនឹងត្រូវជួបរឿងដែលគួរឲ្យភ័យខ្លាចមួយទៀតឬ? ពេលនោះ គួរឲ្យភ្ញាក់ផ្អើលណាស់ តាមពិតបុរសនោះ គ្រាន់តែចង់បង្ហាញកន្លែង ដែលយើងអាចមើលទេសភាពដ៏ស្រស់ស្អាតបំផុតរបស់ទីក្រុងរបស់គាត់ប៉ុណ្ណោះ។ បន្ទាប់មក គាត់ក៏បានហុចដុំស្ករសូកូឡាមួយដុំមកយើង ដោយទឹកមុខញញឹម ហើយក៏បានចាកចេញទៅ។ អំពើល្អដ៏តូចនេះបានធ្វើឲ្យយើងមានអារម្មណ៍រីករាយពេញមួយថ្ងៃ និយាយរួម ការនេះបានធ្វើឲ្យការធ្វើដំណើរកម្សាន្តរបស់យើងមានន័យ។ រឿងនេះបានធ្វើឲ្យយើងមានការដឹងគុណ ចំពោះបុរសម្នាក់នោះ និងចំពោះព្រះជាម្ចាស់ ដែលបានធ្វើឲ្យយើងមានអំណរឡើងវិញ។
តើហេតុអ្វី បានជាបុរសម្នាក់នោះដើរមករកមនុស្សពីរនាក់ ដែលគាត់មិនដែលស្គាល់ នៅថ្ងៃនោះ? តើគាត់កំពុងតែដើររកនរណាម្នាក់ ដែលគាត់អាចឲ្យស្ករសូកូឡានោះ ដើម្បីឲ្យគេសប្បាយចិត្តឬ?
វាពិតជាអស្ចារ្យណាស់ ដែលអំពើល្អដ៏តូចបំផុត អាចនាំមកនូវស្នាមញញឹមស្រស់បំផុត ហើយថែមទាំងអាចនាំនរណាម្នាក់ ទៅរកព្រះជាម្ចាស់។ ព្រះគម្ពីរបាននិយាយសង្កត់ធ្ងន់ អំពីសារៈសំខាន់ នៃការធ្វើការល្អ(យ៉ាកុប ២:១៧,២៤)។ បើយើងបានទទួលការជម្រុញចិត្ត ឲ្យធ្វើការល្អ នោះយើងមានការធានាថា ព្រះជាម្ចាស់មិនគ្រាន់តែជួយឲ្យយើងអាចធ្វើការល្អប៉ុណ្ណោះឡើយ តែថែមទាំងបាន “រៀបចំទុកជាមុន ដើម្បីឲ្យយើងធ្វើការល្អ” ទៀតផង(អេភេសូរ ២:១០)។
ថ្ងៃនេះ ព្រះជាម្ចាស់ប្រហែលជាបានរៀបចំយើង ឲ្យទៅជួបនរណាម្នាក់ ដែលកំពុងតែត្រូវការពាក្យលើកទឹកចិត្ត នៅថ្ងៃនេះ ឬផ្តល់ឱកាសឲ្យយើងជួយអ្នកដទៃជាដើម។ អ្វីដែលយើងត្រូវធ្វើនោះ គឺត្រូវឆ្លើយតបចំពោះទ្រង់ ដោយការស្តាប់បង្គាប់។—LESLIE KOH