មាន​ពេល​មួយ ខ្ញុំ​និង​ភរិយា​របស់​ខ្ញុំ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​វិស្សម​កាល នៅ​ប្រទេស​ក្រៅ។ ពេល​ដែល​យើង​កំពុង​តែ​ដើរ​តាម​ផ្លូវ មាន​មនុស្ស​មាឌ​ធំ​ម្នាក់ ដែល​យើង​មិន​ដែល​ស្គាល់ បាន​ដើរ​មក​រក​យើង ធ្វើ​ឲ្យ​យើង​រាថយ ដោយ​ការ​ភ័យ​ខ្លាច​។ ​ដំណើរ​កម្សាន្ត​របស់​យើង​លើក​នោះ​បាន​ជួប​រឿង​អាក្រក់​ជា​ច្រើន​មក​ហើយ។ យើង​ត្រូវ​គេ​ស្រែក​គំហក​ដាក់ ត្រូវ​គេបោក​ប្រាស់ និង​ត្រូវ​គេ​កេង​ប្រវ័ញ្ច​ជា​ច្រើន​លើក​ច្រើន​សារ។ តើ​យើង​នឹង​ត្រូវ​ជួប​រឿង​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​មួយ​ទៀត​ឬ? ពេល​នោះ គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់​ តាម​ពិត​បុរស​នោះ គ្រាន់​តែ​ចង់​បង្ហាញ​កន្លែង ដែល​យើង​អាច​មើល​ទេសភាព​ដ៏ស្រស់​ស្អាត​បំផុត​របស់​ទីក្រុង​របស់​គាត់​ប៉ុណ្ណោះ។ បន្ទាប់​មក គាត់​ក៏​បាន​ហុច​ដុំ​ស្ករ​សូកូឡា​មួយ​ដុំ​មក​យើង ដោយ​ទឹកមុខ​ញញឹម ហើយ​ក៏​បាន​ចាក​ចេញ​ទៅ។ អំពើ​ល្អដ៏​តូច​នេះ​បាន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រីករាយ​ពេញ​មួយ​ថ្ងៃ និយាយ​រួម ការ​នេះ​បាន​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​យើង​មាន​ន័យ។  រឿង​នេះ​បាន​ធ្វើ​ឲ្យ​យើង​មាន​ការ​ដឹង​គុណ ចំពោះ​បុរស​ម្នាក់​នោះ និង​ចំពោះ​ព្រះ​ជា​ម្ចាស់ ដែល​បាន​ធ្វើ​ឲ្យ​យើង​មាន​អំណរ​ឡើង​វិញ។

តើ​ហេតុ​អ្វី បាន​ជា​បុរស​ម្នាក់​នោះ​ដើរ​មក​រក​មនុស្ស​ពីរ​នាក់ ដែល​គាត់​មិន​ដែល​ស្គាល់ នៅ​ថ្ងៃ​នោះ? តើ​គាត់​កំពុង​តែដើរ​រក​នរណា​ម្នាក់ ដែល​គាត់​អាច​ឲ្យ​ស្ករ​សូកូឡា​នោះ ដើម្បី​ឲ្យ​គេ​សប្បាយ​ចិត្ត​ឬ?

វា​ពិត​ជា​អស្ចារ្យ​ណាស់ ដែល​អំពើ​ល្អ​ដ៏​តូច​បំផុត អាច​នាំ​មក​នូវ​ស្នាម​ញញឹម​ស្រស់​បំផុត  ហើយ​ថែម​ទាំង​អាច​នាំនរណា​ម្នាក់ ទៅ​រក​ព្រះ​ជា​ម្ចាស់។ ព្រះ​គម្ពីរ​បាន​និយាយ​សង្កត់​ធ្ងន់ អំពី​សារៈ​សំខាន់ នៃ​ការ​ធ្វើ​ការ​ល្អ​(យ៉ាកុប ២:១៧,២៤)។ បើ​យើង​បាន​ទទួល​ការ​ជម្រុញ​ចិត្ត ឲ្យ​ធ្វើ​ការ​ល្អ នោះ​យើង​មាន​ការធានា​ថា ព្រះ​ជា​ម្ចាស់​មិន​គ្រាន់​តែ​ជួយ​ឲ្យ​យើង​អាច​ធ្វើ​ការ​ល្អ​ប៉ុណ្ណោះ​ឡើយ តែ​ថែម​ទាំង​បាន “រៀប​ចំ​ទុក​ជា​មុន ដើម្បី​ឲ្យ​យើង​ធ្វើ​ការ​ល្អ” ទៀត​ផង​(អេភេសូរ ២:១០)។

ថ្ងៃ​នេះ ព្រះ​ជា​ម្ចាស់​ប្រហែល​ជា​បាន​រៀប​ចំ​យើង ឲ្យ​ទៅ​ជួប​នរណា​ម្នាក់ ដែល​កំពុង​តែ​ត្រូវ​ការ​ពាក្យ​លើក​ទឹក​ចិត្ត នៅ​ថ្ងៃនេះ ឬ​ផ្តល់​ឱកាស​ឲ្យ​យើង​ជួយ​អ្នក​ដទៃ​ជា​ដើម។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ​ឆ្លើយ​តប​ចំពោះ​ទ្រង់ ដោយ​ការ​ស្តាប់​បង្គាប់។—LESLIE KOH