ខ្ញុំតែងតែមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលសន្តិភាព ដ៏មានអំណាច ដែលមិនអាចពិពណ៌នាបាន(ទំនុកដំកើង ៤:៧) អាចកើតមាន ពេញក្នុងចិត្តរបស់យើង សូម្បីតែនៅពេលដែលយើងមានទុក្ខព្រួយបំផុតក៏ដោយ។ ខ្ញុំបានពិសោធន៍នឹងរឿងនេះ កាលពីពេលថ្មីៗនេះ នៅក្នុងពិធីបុណ្យរំឭកមរណៈភាពរបស់ឪពុកខ្ញុំ។ ថ្ងៃនោះ មានមនុស្សជាច្រើនដែលខ្ញុំបានស្គាល់ បានចូលមកជួយរំលែកទុក្ខម្នាក់ម្តងៗ ហើយក្នុងចំណោមពួកគេ ក៏មានវត្តមានរបស់មិត្តភក្តិដ៏ល្អម្នាក់ ដែលធ្លាប់រៀនជាមួយគ្នា នៅវិទ្យាល័យ ធ្វើឲ្យខ្ញុំមានអារម្មណ៍ធូរស្រាលជាងមុន។ គាត់មិនបាននិយាយអ្វីទេ គឺគ្រាន់តែបានឱបខ្ញុំជាប់ អស់ពេលមួយសន្ទុះធំ។ គាត់បានបង្ហាញចេញនូវការយល់ចិត្ត ដោយភាពស្ងាត់ស្ងៀម ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា សន្តិភាពបានចាប់ផ្តើមកើតមាន ក្នុងសេចក្តីទុក្ខ នៅថ្ងៃដ៏ពិបាកនោះ។ ការនេះបានរំឭកខ្ញុំថា ខ្ញុំមិននៅឯកោឡើយ គឺខុសពីការគិតរបស់ខ្ញុំ។
គឺដូចដែលស្តេចដាវីឌបានពិពណ៌នា ក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក១៦ សន្តិភាព ឬសេចក្តីសុខសាន្ត និងក្តីអំណរ ដែលព្រះបាននាំចូលក្នុងជីវិតយើង មិនបានកើតឡើង ពីការខំាមាត់សង្កត់ចិត្ត អត់ធ្មត់ ក្នុងពេលដ៏ពិបាកនោះទេ តែវាជាអំណោយ ដែលយើងទទួលបាន ពេលដែលយើងចូលជ្រក ក្នុងព្រះដ៏ល្អនៃយើង(ខ.១-២)។
អ្នកខ្លះបានព្យាយាមធ្វើឲ្យខ្លួនឯង ឈប់គិតអំពីការឈឺចាប់ ដែលបណ្តាលមកពីការបាត់បង់ជីវិតរបស់មនុស្សជាទីស្រឡាញ់ ឬប្រហែលជាគិតចង់ងាកទៅរកព្រះនេះ ឬព្រះនោះ ដើម្បីដកការឈឺចាប់ចេញ។ ប៉ុន្តែ មិនយូរមិនឆាប់ គេនឹងបានដឹងថា ការព្យាយាមជៀសចេញពីការឈឺចាប់ បែរជានាំឲ្យការឈឺចាប់ កាន់តែចូលជ្រៅក្នុងចិត្ត (ខ.៤)។
យើងអាចងាកបែរទៅរកព្រះយេស៊ូវ ដោយទុកចិត្តថា ជីវិតដែលទ្រង់បានប្រទានឲ្យយើង នៅតែល្អ និងស្រស់ស្អាត សូម្បីតែនៅពេលដែលយើងកំពុងមានការឈឺចាប់ ឬមិនយល់ក៏ដោយ(ខ.៦-៨)។ ហើយយើងអាចចូលទៅក្នុងរង្វង់ព្រះហស្តនៃសេចក្តីស្រឡាញ់របស់ទ្រង់ ដែលនឹងឱប ហើយពរយើង យ៉ាងទន់ភ្លន់ ឆ្លងកាត់ការឈឺចាប់ ចូលទៅក្នុងសន្តិភាព និងក្តីអំណរ ដែលសូម្បីតែសេចក្តីស្លាប់ មិនអាចពន្លត់បានឡើយ(ខ.១១)។—MONICA BRANDS