ខ្ញុំ​តែង​តែ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​សន្តិ​ភាព ដ៏​មាន​អំណាច ដែល​មិន​អាច​ពិពណ៌នា​បាន(ទំនុកដំកើង ៤:៧) អាច​កើត​មាន ពេញ​ក្នុង​ចិត្ត​របស់​យើង សូម្បី​តែ​នៅ​ពេល​ដែល​យើង​មាន​ទុក្ខ​ព្រួយ​បំផុត​ក៏​ដោយ។ ខ្ញុំ​បាន​ពិសោធន៍​នឹង​រឿង​នេះ កាល​ពី​ពេល​ថ្មី​ៗ​នេះ នៅ​ក្នុង​ពិធី​បុណ្យ​រំឭក​មរណៈ​ភាព​របស់​ឪពុក​ខ្ញុំ។ ថ្ងៃ​នោះ​ មាន​មនុស្ស​ជាច្រើន​ដែល​ខ្ញុំ​បាន​ស្គាល់ បាន​ចូល​មក​ជួយ​រំលែក​ទុក្ខ​ម្នាក់​ម្តង​ៗ  ហើយ​ក្នុង​ចំណោម​ពួក​គេ ក៏​មាន​វត្ត​មាន​របស់​មិត្ត​ភក្តិ​ដ៏​ល្អ​ម្នាក់ ដែល​ធ្លាប់​រៀន​ជា​មួយ​គ្នា នៅ​វិទ្យា​ល័យ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល​ជាង​មុន។  គាត់​មិន​បាន​និយាយ​អ្វី​ទេ គឺ​គ្រាន់​តែ​បាន​ឱប​ខ្ញុំ​ជាប់ អស់​ពេល​មួយ​សន្ទុះ​ធំ។ គាត់​បាន​បង្ហាញ​ចេញ​នូវ​ការ​យល់​ចិត្ត ដោយ​ភាព​ស្ងាត់​ស្ងៀម ធ្វើ​ឲ្យខ្ញុំ​មាន​អារម្មណ៍​ថា សន្តិ​ភាព​បាន​ចាប់​ផ្តើម​កើត​មាន ក្នុង​សេចក្តី​ទុក្ខ នៅ​ថ្ងៃ​ដ៏​ពិបាក​នោះ។ ការ​នេះ​បាន​រំឭក​ខ្ញុំ​ថា ខ្ញុំមិន​នៅ​ឯកោ​ឡើយ គឺ​ខុស​ពី​ការ​គិត​របស់​ខ្ញុំ។

គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​ពិពណ៌នា ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​១៦​ សន្តិ​ភាព ឬ​សេចក្តី​សុខ​សាន្ត និង​ក្តី​អំណរ ដែល​ព្រះ​បាន​នាំ​ចូល​ក្នុង​ជីវិត​យើង មិន​បាន​កើត​ឡើង ពី​ការ​ខំា​មាត់​សង្កត់​ចិត្ត អត់​ធ្មត់ ក្នុង​ពេល​ដ៏​ពិបាក​នោះ​ទេ តែ​វាជា​អំណោយ ដែល​យើង​ទទួល​បាន ពេល​ដែល​យើង​ចូល​ជ្រក ក្នុង​ព្រះ​ដ៏​ល្អ​នៃ​យើង(ខ.១-២)។

អ្នក​ខ្លះ​បាន​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ឯង ឈប់​គិត​អំពី​ការ​ឈឺ​ចាប់ ដែល​បណ្តាល​មក​ពី​ការ​បាត់​បង់​ជីវិត​របស់​មនុស្ស​ជា​ទីស្រឡាញ់ ឬ​ប្រហែល​ជា​គិត​ចង់​ងាក​ទៅ​រក​ព្រះ​នេះ ឬ​ព្រះ​នោះ ដើម្បី​ដក​ការ​ឈឺ​ចាប់​ចេញ។ ប៉ុន្តែ មិន​យូរ​មិន​ឆាប់ គេ​នឹង​បាន​ដឹង​ថា ការ​ព្យាយាម​ជៀស​ចេញ​ពី​ការ​ឈឺ​ចាប់ បែរ​ជា​នាំ​ឲ្យ​ការ​ឈឺ​ចាប់ កាន់​តែ​ចូល​ជ្រៅ​ក្នុង​ចិត្ត (ខ.៤)។

យើង​អាច​ងាក​បែរ​ទៅ​រក​ព្រះ​យេស៊ូវ ដោយ​ទុក​ចិត្ត​ថា ជីវិត​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង នៅ​តែ​ល្អ និង​ស្រស់​ស្អាត សូម្បី​តែ​នៅ​ពេល​ដែល​យើង​កំពុង​មាន​ការ​ឈឺ​ចាប់ ឬ​មិន​យល់​ក៏​ដោយ(ខ.៦-៨)។ ហើយ​យើង​អាច​ចូល​ទៅ​ក្នុង​រង្វង់ព្រះហស្ត​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដែល​នឹង​ឱប ហើយ​ពរ​យើង យ៉ាង​ទន់​ភ្លន់ ឆ្លង​កាត់​ការ​ឈឺ​ចាប់ ចូល​ទៅ​ក្នុង​សន្តិ​ភាព និង​ក្តី​អំណរ ដែល​សូម្បី​តែ​សេចក្តី​ស្លាប់ មិន​អាច​ពន្លត់​បាន​ឡើយ​(ខ.១១)។—MONICA BRANDS