ខណៈពេលដែលគ្រាប់ផ្លោងបានធ្លាក់ ធ្វើឲ្យកក្រើកដី នៅក្បែរកន្លែងដែលទាហានវ័យក្មេងម្នាក់កំពុងប្រចាំការ គាត់ក៏បានអធិស្ឋានយ៉ាងអស់ពីចិត្តថា “ឱព្រះអម្ចាស់ បើព្រះអង្គទុកជីវិតឲ្យទូលបង្គំរស់នៅបន្តទៀត ទូលបង្គំនឹងទៅរៀននៅសាលាព្រះគម្ពីរ ដែលម្តាយទូលបង្គំចង់ឲ្យទូលបង្គំទៅរៀន”។ ព្រះជាម្ចាស់ក៏បានឆ្លើយតប ការអធិស្ឋានដ៏អស់ពីចិត្តរបស់គាត់នៅថ្ងៃនោះ។ ទាហានវ័យក្មេងនោះ គឺជាឪពុករបស់ខ្ញុំ ដែលបានរួចជីវិត ក្នុងសង្រ្គាមលោកលើកទី២។ គាត់ក៏បានទៅរៀននៅវិទ្យាស្ថានព្រះគម្ពីរមូឌី ហើយបានចំណាយពេលមួយជីវិត នៅក្នុងការងារបម្រើព្រះ។
មានអ្នកប្រយុទ្ធម្នាក់ទៀត ដែលបានអត់ទ្រាំនឹងគ្រោះភ័យផ្សេងទៀត ដែលបាននាំគាត់ងាកទៅរកព្រះជាម្ចាស់ ប៉ុន្តែ បញ្ហារបស់គាត់បានកើតមាន ពេលដែលគាត់បានព្យាយាមជៀសវាង ការប្រយុទ្ធ។ ខណៈពេលដែលកងទ័ពរបស់ស្តេចដាវីឌកំពុងតែប្រយុទ្ធជាមួយនឹងពួកសាសន៍អាម៉ូរី ទ្រង់កំពុងតែគង់នៅក្នុងរាជវាំងរបស់ទ្រង់ ដោយរវល់តែមើលប្រពន្ធរបស់គេ(២សាំយ៉ូអែល ១១)។ ក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក៣៩ ស្តេចដាវីឌក៏បានរៀបរាប់អំពីដំណាក់កាលនៃការស្អាងឡើងវិញដ៏ឈឺចាប់ ដោយសារអំពើបាប ដែលបានកើតឡើងពីរឿងនោះ។ គឺដូចដែលទ្រង់បានសរសេរថា “សេចក្តីទុក្ខព្រួយរបស់ខ្ញុំក៏ជ្រួលឡើង ចិត្តខ្ញុំបានក្តៅនៅក្នុងខ្លួន កំពុងដែលខ្ញុំគិតរំពឹង នោះភ្លើងក៏ឆួលឡើង”(ខ.២-៣)។ វិញ្ញាណបាក់បែករបស់ស្តេចដាវីឌ ក៏បានបណ្តាលចិត្តទ្រង់ ឲ្យទូលសូមដល់ព្រះជាម្ចាស់ថា “ឱព្រះយេហូវ៉ាអើយ
សូមឲ្យទូលបង្គំដឹងពីចុងបំផុតនៃទូលបង្គំ ហើយពីចំនួនថ្ងៃអាយុនៃទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានដឹងជាមានជីវិតស្រួយអម្បាលម៉ានទៅ”(ខ.៤)។ ស្ថិតក្នុងពេលដែលទ្រង់កំពុងផ្តោតចិត្តជាថ្មីនោះ ទ្រង់មិនបានអស់សង្ឃឹមឡើយ។ ទ្រង់មិនបានងាកទៅរកជំនួយពីកន្លែងផ្សេងទេ។ គឺដូចទ្រង់មានបន្ទូលថា “ឥឡូវនេះ ឱព្រះអម្ចាស់អើយ តើទូលបង្គំនៅរង់ចាំអ្វីទៀត ដ្បិតទូលបង្គំសង្ឃឹមដល់ទ្រង់តែ១ប៉ុណ្ណោះ”(ខ.៧)។ ព្រះជាម្ចាស់ក៏បានទុកជីវិតឲ្យស្តេចដាវីឌ ក្នុងសង្រ្គាមផ្ទាល់ខ្លួននោះ ហើយទ្រង់ក៏បានបន្តបម្រើព្រះជាម្ចាស់ទៀត។
កត្តាដែលបាននាំឲ្យយើងអធិស្ឋានទៅរកព្រះ គឺមិនសំខាន់ដូចការផ្តោតចិត្តទៅរកព្រះអង្គ នៅក្នុងការអធិស្ឋានឡើយ។ ព្រះជាម្ចាស់ជាប្រភពនៃក្តីសង្ឃឹមរបស់យើង។ ទ្រង់សព្វព្រះទ័យនឹងឲ្យយើងទូលថ្វាយទ្រង់ អំពីអ្វីដែលយើងមានក្នុងចិត្ត។—TIM GUSTAFSON