ខណៈ​ពេល​ដែល​គ្រាប់​ផ្លោង​បាន​ធ្លាក់ ធ្វើ​ឲ្យ​កក្រើក​ដី នៅ​ក្បែរ​កន្លែង​ដែល​ទាហាន​វ័យ​ក្មេង​ម្នាក់​កំពុង​ប្រចាំ​ការ គាត់​ក៏​បាន​អធិស្ឋាន​យ៉ាង​អស់​ពី​ចិត្ត​ថា “ឱ​ព្រះ​អម្ចាស់ បើ​ព្រះអង្គ​ទុក​ជីវិត​ឲ្យ​ទូល​បង្គំ​រស់​នៅ​បន្ត​ទៀត ទូល​បង្គំ​នឹង​ទៅ​រៀន​នៅសាលា​ព្រះ​គម្ពីរ ដែល​ម្តាយ​ទូល​បង្គំ​ចង់​ឲ្យ​ទូល​បង្គំ​ទៅ​រៀន”។ ព្រះ​ជា​ម្ចាស់​ក៏​បាន​ឆ្លើយ​តប ការ​អធិស្ឋាន​ដ៏​អស់​ពីចិត្ត​របស់​គាត់​នៅ​ថ្ងៃ​នោះ។ ទាហាន​វ័យ​ក្មេង​នោះ គឺ​ជា​ឪពុក​របស់​ខ្ញុំ ដែល​បាន​រួច​ជីវិត ក្នុង​សង្រ្គាម​លោក​លើក​ទី​២។ គាត់​ក៏​បាន​ទៅ​រៀន​នៅ​វិទ្យា​ស្ថាន​ព្រះ​គម្ពីរ​មូឌី ហើយ​បាន​ចំណាយ​ពេល​មួយ​ជីវិត នៅ​ក្នុង​ការងារ​បម្រើ​ព្រះ។

មាន​អ្នក​ប្រយុទ្ធ​ម្នាក់​ទៀត ដែល​បាន​អត់​ទ្រាំ​នឹង​គ្រោះ​ភ័យ​ផ្សេង​ទៀត ដែល​បាន​នាំ​គាត់​ងាក​ទៅ​រក​ព្រះ​ជា​ម្ចាស់ ប៉ុន្តែ បញ្ហា​របស់​គាត់​បាន​កើត​មាន ពេល​ដែល​គាត់​បាន​ព្យាយាម​ជៀស​វាង ការ​ប្រយុទ្ធ។ ខណៈ​ពេល​ដែល​កង​ទ័ព​របស់​ស្តេច​ដាវីឌ​កំពុង​តែ​ប្រយុទ្ធ​ជា​មួយ​នឹង​ពួក​សាសន៍​អាម៉ូរី ទ្រង់​កំពុង​តែ​គង់​នៅ​ក្នុង​រាជ​វាំង​របស់​ទ្រង់ ដោយ​រវល់​តែ​មើល​ប្រពន្ធ​របស់​គេ​(២សាំយ៉ូអែល ១១)។ ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​៣៩ ស្តេច​ដាវីឌ​ក៏​បាន​រៀប​រាប់​អំពី​ដំណាក់កាល​នៃ​ការ​ស្អាង​ឡើង​វិញ​ដ៏​ឈឺ​ចាប់ ដោយ​សារ​អំពើ​បាប ដែល​បាន​កើត​ឡើង​ពី​រឿង​នោះ។ គឺ​ដូច​ដែល​ទ្រង់​បាន​សរសេរ​ថា “​សេចក្តី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​ក៏​ជ្រួល​ឡើង ចិត្ត​ខ្ញុំ​បាន​ក្តៅ​នៅ​ក្នុង​ខ្លួន កំពុង​ដែល​ខ្ញុំ​គិត​រំពឹង នោះ​ភ្លើង​ក៏​ឆួល​ឡើង”(ខ.២-៣)។ វិញ្ញាណ​បាក់​បែក​របស់​ស្តេច​ដាវីឌ ក៏​បាន​បណ្តាល​ចិត្ត​ទ្រង់ ឲ្យ​ទូល​សូម​ដល់​ព្រះ​ជា​ម្ចាស់​ថា “ឱ​ព្រះយេហូវ៉ា​អើយ

សូម​ឲ្យ​ទូលបង្គំ​ដឹង​ពី​ចុង​បំផុត​នៃ​ទូលបង្គំ ហើយ​ពី​ចំនួន​ថ្ងៃ​អាយុ​នៃ​ទូលបង្គំ​ផង ដើម្បី​ឲ្យ​ទូលបង្គំ​បាន​ដឹង​ជា​មាន​ជីវិត​ស្រួយ​អម្បាលម៉ាន​ទៅ”(ខ.៤)។ ស្ថិត​ក្នុង​ពេល​ដែល​ទ្រង់​កំពុង​ផ្តោត​ចិត្ត​ជា​ថ្មី​នោះ ទ្រង់​មិន​បាន​អស់​សង្ឃឹម​ឡើយ។ ទ្រង់​មិន​បាន​ងាក​ទៅ​រក​ជំនួយ​ពី​កន្លែង​ផ្សេង​ទេ។ គឺដូចទ្រង់​មាន​បន្ទូលថា “ឥឡូវ​នេះ ឱ​ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​នៅ​រង់ចាំ​អ្វី​ទៀត ដ្បិត​ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់​តែ​១​ប៉ុណ្ណោះ”(ខ.៧)។ ព្រះ​ជា​ម្ចាស់​ក៏​បាន​ទុក​ជីវិត​ឲ្យ​ស្តេច​ដាវីឌ ក្នុង​សង្រ្គាម​ផ្ទាល់​ខ្លួន​នោះ ហើយ​ទ្រង់​ក៏​បាន​បន្ត​បម្រើ​ព្រះ​ជា​ម្ចាស់​ទៀត។

កត្តា​ដែល​បាន​នាំ​ឲ្យ​យើង​អធិស្ឋាន​ទៅ​រក​ព្រះ គឺ​មិន​សំខាន់​ដូច​ការ​ផ្តោត​ចិត្ត​ទៅ​រក​ព្រះអង្គ នៅ​ក្នុង​ការ​អធិស្ឋាន​ឡើយ។ ព្រះ​ជា​ម្ចាស់​ជា​ប្រភព​នៃ​ក្តី​សង្ឃឹម​របស់​យើង។ ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​យើង​ទូល​ថ្វាយ​ទ្រង់ អំពី​អ្វី​ដែល​យើង​មាន​ក្នុង​ចិត្ត។—TIM GUSTAFSON